សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រមុខរដ្ឋ​វៀតណាម​

26-February-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​វិមាន​សន្តិភាព​ ព្រឹក​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ ឯកឧត្តម​ ង្វៀ​ង​ ហ្វ៊ូ​ជុង​ (Nguyen​ Phu​ Trong)​ប្រមុខរដ្ឋ​វៀតណាម​។​

​ក្នុង​ជំនួប​នោះ​ ឯកឧត្តម​ Nguyen​ Phu​ Trong​ បាន​ជំរាប​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា​ នេះ​ជា​លើក​ទី​១​ហើយ​ដែល​ ឯកឧត្តម​ បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​ ក្នុង​ឋានៈ​ជា​អគ្គលេខាធិការ​ម​ជ្ឈឹ​ម​បក្ស​ និង​ជា​ប្រមុខរដ្ឋ​វៀតណាម​ហើយ​ដំណើរ​ទស្សនកិច្ច​នេះ​ ស្រប​ពេល​ជាមួយនឹង​ឆ្នាំ​ថ្មី​កន្លង​ផុត​ទៅ​ ជាមួយនឹង​ខួប​ទី​៤០​ឆ្នាំ​នៃ​ការ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ ប៉ុ​ល​ ពត​ របស់​ប្រទេស​កម្ពុជា​ ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ ឯកឧត្តម​មាន​បំណង​ពង្រីក​ ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​ស្រាប់​ហើយ​ក៏​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​នូវ​រាល់​អ្វី​ដែល​បាន​ព្រ​​ម​ព្រៀង​កន្លង​ផង​ដែរ​ ឈរ​លើ​មូលដ្ឋាន​នេះ​ គឺ​ដើម្បី​ពង្រីក​ទិស​ដៅ​សម្រាប់​ការ​អភិវឌ្ឍ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​។​

​ឯកឧត្តម​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា​ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ​ ឯកឧត្តម​ បាន​សង្កេត​ឃើញ​ថា​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​ទទួល​បាន​ជោគជ័យ​លើ​វិស័យ​ជា​ច្រើន​រួម​មានការ​អភិវឌ្ឍន៍​ខាង​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​ សេដ្ឋកិច្ច​កម្ពុជា​គឺ​មាន​កំណើន​កើនឡើង​ជាង​៧%​ ហើយ​ស្ថានភាព​នៅ​កម្ពុជា​គឺ​មាន​ស្ថិរភាព​ និង​ទំនាក់ទំនង​ការទូត​កម្ពុជា​ក៏​មាន​ជាមួយ​បណ្តា​ប្រទេស​នានា​ជា​លំដាប់​ផង​ដែរ​។​ ឯកឧត្តម​ ក៏​សូម​សម្ដែង​នូវ​ការ​អបអរសាទរ​ចំពោះ​ជោគជ័យ​ដែល​កម្ពុជា​ទទួល​បាន​លើ​គ្រប់​វិស័យ​កន្លង​មកនេះ​ឯកឧត្តម​ ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា​ ឯកឧត្តម​បាន​ចូល​គាល់​ព្រះមហាក្សត្រ​កម្ពុជា​ និង​ជួប​សម្ដេច​សង្ឃ​ហើយ​លោក​ពិតជា​មាន​កិត្តិយស​ណាស់​ដែល​ត្រូវ​បាន​ទទួល​បដិសណ្ឋារកិច្ច​ដោយ​កក់ក្តៅ​ជាទី​បំផុត​។​

​ជា​ការ​ឆ្លើយ​តប​ សម្ដេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​បាន​ឯកភាព​ទៅ​លើ​អ្វី​ដែល​ឯកឧត្តម​ Nguyen​ Phu​ Trong​ បាន​លើក​ឡើង​ ហើយ​សម្តេច​បាន​មាន​ប្រសាសន៍​ថា​ កម្ពុជា​ទទួល​បានការ​អភិវឌ្ឍ​រហូត​មក​ដល់​ពេល​នេះ​ គឺ​មិន​អាច​កាត់​ផ្ដាច់​បាន​ពី​កងទ័ព​ប្រជាជន​ និង​រដ្ឋាភិបាល​វៀតណាម​ឡើយ​ ហើយ​សម្ដេច​ក៏​បាន​ឯកភាព​ផង​ដែរ​ថា​ ឈរ​លើ​មូលដ្ឋាន​លើ​ទំនាក់ទំនង​នៃ​កិច្ច​សហប្រតិបត្តិការ​កន្លង​មក​ គឺ​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​ទំនាក់ទំនង​នេះ​កាន់តែ​រីក​ចំរើន​បន្ថែម​ទៀត​។​

​ហើយ​ឆ្លៀត​ក្នុង​ឱកាស​នេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​សម្ដែង​នូវ​ការ​អបអរសាទរ​ចំពោះ​វៀតណាម​ដែល​បាន​នឹង​កំពុង​ទទួល​ការ​ស្វាគមន៍​នូវ​ជំនួប​កំពូល​រវាង​មេដឹកនាំ​សហរដ្ឋអាមេរិក​ ឯកឧត្តម​ ដូ​ណា​ល់​ ត្រាំ​ និង​ប្រធានាធិបតី​កូរ៉េ​ខាង​ជេ​ី​ង​ ឯកឧត្តម​ គី​ម​ ជុង​អ៊ុ​ន​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​៕

ចំនួនអ្នកទស្សនា

    20591067

  • ថ្ងៃនេះ3631
  • ម្សិលមិញ11441
  • សប្តាហ៍នេះ33461
  • ខែនេះ148611
  • ឆ្នាំនេះ148611
  • សរុប20591067