ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៩៖១៥នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម ង្វៀន ភូត្រុង (NGUYEN PHU TRONG) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយក្រៃលែង និងស្វាគមន៍ដ៏កក់ក្តៅបំផុតចំពោះឯកឧត្តមប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេច ប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ និងចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តម ង្វៀន ភូត្រុងនាឱកាសនេះ គឺជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រ ដែលបាននាំមកនូវផលប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជន និង ប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត។
ក្នុងឱកាសជំនួសវនាការនេះ ឯកឧត្តម ង្វៀន ភូត្រុង បានបញ្ជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋ របស់ឯកឧត្តមនាពេលនេះ គឺដើម្បីជំរុញ និងពង្រឹងពង្រីក ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែជិតស្និទ្ធ មានប្រសិទ្ធភាព និងមានលទ្ធផលច្រើនជាងនេះថែមទៀត។ ប្រទេសទាំងពីរមានទំនាក់ទំងជាមួយគ្នាតាំងពីយូលង់ណាស់មកហើយហើយទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនេះមានការរីកចម្រើន លើគ្រប់វិស័យ ទាំងអង្គការនីតិប្បញ្ញត្តិ និងអង្គការ នីតិប្រតិបត្តិនៃប្រទេសទាំងពីរ។
ឯកឧត្តម ង្វៀន ភូត្រុង បានមានប្រសាសន៍ថា ព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាវៀតណាម តែងតែមានការផ្លាស់ប្តូរគណៈប្រតិភូគ្នាទៅវិញទៅមក ដើម្បីដកស្រង់បទពិសោធន៍ការងាររវាងស្ថាប័នទាំងពីរ នេះ។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការជួយឧប្ថម្ភគាំទ្រយ៉ាងធំ ធេងពីប្រជាជន ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាជនវៀតណាម។
នៅក្នុងឱកាសនោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះប្រសាសន៍ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ង្វៀន ភូត្រុង ដែលបានថ្លែងសរសើរអំពី ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហ-ប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយបានចាត់ទុកលទ្ធផលនៃកិច្ចសហប្រតិបត្តិការ នោះ គឺជាមូលដ្ឋានគ្រឹះរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅព្រះរាជាណាចក្រ កម្ពុជា ទាំងក្នុងពេបច្ចុប្បន្ន និងតទៅអនាគត។
សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជា មួយនឹងរដ្ឋសភាវៀតណាម រួមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិ- បត្តិការថ្នាក់តំបន់ និងអន្តរជាតិ ដូចជា៖ AIPA APPF IPU និង CLV ជាដើម។
ក្នុងនាមព្រឹទ្ធសភាកម្ពុជា សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ រដ្ឋសភាវៀតណាម ដែលតែងតែផ្តល់ជំនួយឧបត្ថម្ភជាបន្តបន្ទាប់ដល់ព្រឹទ្ធសភានៃព្រះរាជាណាចក្រ កម្ពុជា។ ជំនួយឧបត្ថម្ភទាំងនោះ ពិតជាបានរួមចំណែកដល់ការលើកម្ពស់សមត្ថភាពស្ថាប័ន និងលើកម្ពស់ សមត្ថភាពមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ហើយព្រឹទ្ធសភាបាន និងកំពុងប្រើប្រាស់ជំនួយ ឧបត្ថម្ភទាំងអស់នោះ ប្រកបដោយប្រសិទ្ធភាព ដោយស្មារតីទទួលខុសត្រូវខ្ពស់។
ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណ និងដឹងគុណជានិច្ចចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលតែងតែជួយឧបត្ថម្ភគាំទ្រយ៉ាងធំធេងដល់បុព្វហេតុដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់ប្រជាជនកម្ពុជាក្នុងគ្រប់ដំណាក់កាលទាំងអស់។
សម្តេចប្រធានព្រឹទ្ធសភា បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេ ដើម្បីបន្តពង្រឹង និងពង្រឹកនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជជន និងប្រទេសទាំងពីរ ក្រោមពាក្យស្លោក អ្នកភូមិផងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់វិស័យ និងយូរអង្វែង។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា បានលើកទឹកចិត្តដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការចរចារបញ្ចប់លើបញ្ហាព្រំដែន ដើម្បីឈានទៅសម្រេចនៃការបោះបង្គោល និងការងារខណ្ឌសីមា រវាងប្រទេសទាំងពីរ ឱ្យបានគ្រប់សព្វ កាន់តែឆាប់ និងល្អប្រសើរ ក្នុងនោះដើម្បីកសាងព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ឯកឧត្តម ង្វៀន ភូត្រុង បានថ្លែងអំណរគុណ និងឯកភាពទាំងស្រុងចំពោះប្រសាសន៍មានតម្លៃ របស់សម្តេចប្រធានព្រឹទ្ធសភា ដែលបានលើកឡើងអំពី ទំនាក់ទំនងប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ហើយនឹងបន្តកិច្ច សហប្រតិបត្តិការជាមួយគ្នាក្នុងការអភិវឌ្ឍឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសលើ រាល់អ្វីៗដែលប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងជាមួយគ្នា។ ឯកឧត្តមបានបញ្ជាក់ថា ទំនាក់ទំនងនៃ ប្រទេសទាំងពីរស្ថិតក្នុងស្មារតីភូមិផង របងល្អប្រពៃជាមួយគ្នា និងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិ- ការលើគ្រប់វិស័យ រឹងមាំយូអង្វែង។ ប្រទេសវៀតណាមមិនអាចបំភ្លេចបានទេ នូវការជួយឧបត្ថគាំទ្រ ដ៏ធំធេងរបស់ប្រទេស និងប្រជាជនកម្ពុជា ក្នុងបុព្វហេតុតស៊ូ កៀកស្មាគ្នាប្រឆាំងពួកអាណានិគមនិយម ដើម្បីបុព្វហេតុឯករាជ្យជាតិពីមុនមក និងបុព្វ ហេតុកសាងប្រទេសជាតិនាពេលបច្ចុប្បន្ននេះ៕