ភ្នំពេញ៖ តាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការនៃគណៈកម្មា- ធិការមជ្ឈិមបក្សកុម្មុយនីស្តនិងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្នុងឱកាសបំពេញទស្សនកិច្ចនេះ ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានរដ្ឋ ង្វៀន ហ្វ៊ូជុង បានជួបធ្វើព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងចូលថ្វាយបង្គំគាល់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ជួបជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានរដ្ឋ ង្វៀន ហ្វ៊ូជុង ក៏បានចូលថ្វាយបង្គំ សម្តេចព្រះអគ្គ- មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្សសម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ង្វៀន ហ្វ៊ូជុង បានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ មណ្ឌបព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជ បិតាជាតិខ្មែរ នៅព្រះរាជដំណាក់គន្ធបុប្ឆា ក្នុងព្រះបរមរាជវាំង និងស្តូបមិត្តភាពកម្ពុជា–វៀតណាម ព្រមទាំងទស្សនាស្ថានទូតវៀតណាមនៅទីក្រុងភ្នំពេញ និង ជួបជាមួយតំណាងផ្នែកធុរកិច្ចនិង សមាគមខ្មែរ-វៀតណាម នៅកម្ពុជា។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានរដ្ឋ ង្វៀន ហ្វ៊ូជុង និង សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញធ្វើជាអធិបតី និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន ០៥ ដូចខាងក្រោម៖
-សេចក្តីបន្ថែមស្តីពីការកែប្រែមាត្រា៦ និងមាត្រា១៧ នៃកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការ ដឹកជញ្ជូនផ្លូវទឹក។
-ពិធីសារស្តីពីវិសោធនកម្មលើពិធីសារសម្រាប់អនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការ ដឹកជញ្ជូនផ្លូវគោក។
-អនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងហិរញ្ញវត្ថុវៀតណាម ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ២៥លានដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងសាងសង់អគាររដ្ឋបាលសម្រាប់ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា។
-កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ សម្រាប់ឆ្នាំ ២០១៩-២០២១ រវាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន អាកាសចរណ៍អ៊ែរឡាញវៀតណាម។
ក្នុងបរិយាកាសពោរពេញដោយសាមគ្គីភាព មិត្តភាពជាប្រពៃណី និងការជឿទុកចិត្តគ្នាទៅវិញទៅមក ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានធ្វើសេចក្តីរាយការណ៍អំពីការអភិវឌ្ឍថ្មីៗរបស់ប្រទេសរៀងខ្លួន និងបានផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជា បញ្ហាតំបន់ និងពិភពលោក ដែលមានផលប្រយោជន៍ទៅវិញទៅមក។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកម្ពុជាបានសង្កត់ធ្ងន់អំពីសារៈសំខាន់ជាប្រវត្តិសាស្ត្រ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ មកកម្ពុជា ជាលើក ដំបូងរបស់ឯកឧត្តម ង្វៀន ហ្វ៊ូជុង ក្នុងឋានៈជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងបានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែលប្រជាជនវៀតណាមសម្រេចបានក្នុងកំណែទម្រង់ជាតិ ការកសាង និងការការពារជាតិ ហើយបានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្ស កុម្មុយនីស្តវៀតណាម ប្រជាជនវៀតណាមនឹងទទួលបានសមិទ្ធផលធំធេងបន្ថែមទៀត និង សម្រេចបានទិសដៅឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ខ្លួន។
ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានរដ្ឋ ង្វៀន ហ្វ៊ូជុង បានសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះសមិទ្ធផលដ៏ធំធេងដែលប្រជាជនកម្ពុជាសម្រេចបានក្នុងការកសាង ការការពារ និងការអភិវឌ្ឍប្រទេសជាតិ និងបានអបអរសាទរប្រទេសកម្ពុជាដែលរៀបចំដោយជោគជ័យនូវការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី និងការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ដែលជាមូលដ្ឋានគ្រឹះនយោបាយដ៏រឹងមាំសម្រាប់សន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា និងបានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា ក្រោមការគ្រងរាជសម្បតិ្តប្រកបដោយសុភវិនិច្ឆ័យរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា ដែលមានគណបក្សប្រជាជនកម្ពុជាជាស្នូល ប្រជាជនកម្ពុជានឹងបន្តសម្រេចបានសមិទ្ធផលធំធេងបន្ថែមទៀត ក្នុងការកសាងប្រទេសកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូល កម្រិតខ្ពស់ ប្រកបដោយវិបុលភាព និងមានតួនាទី និងកិត្យានុភាពកាន់តែខ្ពស់ឡើងនៅក្នុងតំបន់ និងនៅលើពិភពលោក។
ភាគីទាំងពីរបានសម្តែងនូវក្តីសោមនស្សរីករាយ ចំពោះការរីកចម្រើនល្អឥតខ្ចោះនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ដែលបានរួមចំណែកក្នុងការធានាសន្តិភាព ស្ថិរភាព និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ។
ភាគីវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមតែងតែដឹងនូវគុណូបការៈយ៉ាងធំធេងចំពោះព្រះរាជឧបត្ថម្ភ និងការឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាចំពោះ ប្រជាជនវៀតណាមក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិក្នុងអតីតកាល ក៏ដូចជាក្នុងការស្ថាបនា និង អភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្ន។ ភាគីទាំងពីរអបអរសាទរចំពោះសាលក្រមចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា ស្តីពីការប្រល័យពូជសាសន៍ ដែលប្រព្រឹត្តឡើងដោយរបបខ្មែរក្រហម។ ភាគីកម្ពុជាបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ខ្លាំងក្លា និងជំនួយឧបត្ថម្ភដែលថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមបានផ្តល់ជូន ប្រជាជនកម្ពុជានៅក្នុងពេលអតីតកាល ក៏ដូចជាក្នុងពេលបច្ចុប្បន្ន និងបានអះអាងថា ប្រជាជនកម្ពុជា នឹងចងចាំជានិច្ចចំពោះជំនួយឧបត្ថម្ភដែលមិនអាចកាត់ថ្លៃបាន និងការគាំទ្ររបស់ភាគីវៀតណាម សម្រាប់ការតស៊ូរបស់ប្រជាជនកម្ពុជាក្នុងការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅឆ្នាំ ១៩៧៩ និងការរួមចំណែកដល់ការស្តារ និងកសាងកម្ពុជាឡើងវិញ។
ភាគីទាំងពីរបានឯកភាពគ្នាថា ការការពារ ការថែរក្សា និងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី តាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង» ដោយឈរលើគោលការណ៍នៃការឯកភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួមកម្ពុជា-វៀតណាមលើកមុនៗ គឺជាការទទួលខុសត្រូវរួមរបស់ប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសទាំងពីរក៏ដូចជា ដើម្បី សន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងនៅលើពិភពលោក។
ភាគីទាំងពីរបានឯកភាពពង្រឹង និងពង្រីកទំនាក់ទំនងនយោបាយឱ្យកាន់តែស៊ីជម្រៅ លើកកម្ពស់ប្រសិទ្ធភាពនៃយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី ពង្រីកកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមករវាងបណ្តាស្ថាប័នថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរ។ បន្តរួមគ្នារៀបចំព្រឹត្តិការណ៍នានាដើម្បីរឹតបន្តឹងទំនាក់ទំនងទ្វេភាគីឱ្យបានស៊ីជម្រៅ។ លើកកម្ពស់ការ យល់ដឹង និងការអប់រំស្តីពីមិត្តភាពជាប្រពៃណី និងសាមគ្គីភាពរវាងកម្ពុជានិងវៀតណាមសម្រាប់ប្រជាជនទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ និងបន្តសហការក្នុងការកែលម្អឡើងវិញនូវស្តូបមិត្តភាពវៀតណាម-កម្ពុជានៅប្រទេសរៀងខ្លួន។
ភាគីទាំងពីរបានឯកភាពជំរុញនិងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ សុខាភិបាល វិទ្យាសាស្ត្រ និងបច្ចេកទេស ដោយផ្នែកលើមូលដ្ឋាននៃសក្តានុពល និងភាពខ្លាំងរបស់ប្រទេសរៀងខ្លួន។ ជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលទាំងពីរ។ ចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀង/ អនុស្សរណៈនៃការយោគយល់គ្នាថ្មីៗ និងបន្តធ្វើវិសោធនកម្ម និងបំពេញបន្ថែមលើកិច្ចព្រមព្រៀង/ អនុស្សរណៈនៃការយោគយល់គ្នាណាដែលចាំបាច់ ដើម្បីសម្រួលដល់ការបង្កើតក្របខ័ណ្ឌច្បាប់ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្តល់អាទិភាពដល់ការតភ្ជាប់សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល ទូរគមនាគមន៍ ទេសចរណ៍នៃប្រទេសទាំងពីរ។ ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានឯកភាពចាត់វិធានការនានា ដើម្បីកែលម្អបរិយាកាសវិនិយោគ ខិតខំប្រឹងប្រែងជំរុញការដោះដូរពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន៥ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗ ខាងមុខ បន្ទាប់ពីទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០១៨ សម្រេចបាន ៤,៧ពាន់លានដុល្លារអាមេរិក និងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់គុណភាពការអប់រំ បណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។
ភាគីទាំងពីរសង្កត់ធ្ងន់អំពីសារៈសំខាន់ និងការឯកភាពគ្នា ដើម្បីពង្រឹងកិច្ចសហ-ប្រតិបត្តិការផ្នែកការពារជាតិ និងសន្តិសុខ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងនយោបាយ ឬកម្លាំងយោធាណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសខ្លួន ដើម្បីគំរាមកំហែងដល់សន្តិសុខជាតិនៃប្រទេសមួយទៀត និងដោះស្រាយបញ្ហានានាដែលកើតមានរវាងប្រទេសទាំងពីរដោយសន្តិវិធី។ ពង្រឹងការសម្របសម្រួលគ្នា ក្នុងគោលដៅថែរក្សាស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងប្រទេសទាំងពីរ។ បង្កើនកិច្ចសហការលើបញ្ហាមនុស្សធម៌ដូចជាការត្រៀម បង្ការគ្រោះមហន្តរាយធម្មជាតិ ការធ្វើសមយុទ្ធរួមគ្នាសម្រាប់សកម្មភាពរុករក និងជួយសង្គ្រោះ ការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងបន្តធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធក្នុងការរុករក និងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីនៅកម្ពុជា។
ភាគីវៀតណាមបានសម្ដែងនូវអំណរគុណចំពោះព្រះរាជាណាចក្រកម្ពុជា ដែលបាន ផ្តល់ការគាំទ្រ និងប្រព្រឹត្តកម្មដោយគ្មានការរើសអើងចំពោះប្រជាជនដែលមានដើមកំណើត វៀតណាម នៅកម្ពុជា។ ភាគីទាំងពីរបានអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តគោរព និងអនុវត្តយ៉ាងពេញលេញនូវសន្ធិសញ្ញាស្តីពីការកំណត់ព្រំដែនដែលបានទទួលយកដោយភាគីទាំងពីរ និងកិច្ចព្រមព្រមព្រៀងពាក់ព័ន្ធនឹងព្រំដែន ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការចម្រុះកិច្ចការព្រំដែនគោក ដែលសម្រេចបានសិមិទ្ធផល ៨៤% នៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក។ ភាគីទាំងពីរបានជំរុញគណៈកម្មការចម្រុះកិច្ចការព្រំដែនគោកនៃប្រទេសទាំងពីរ ឱ្យបញ្ចប់ឯកសារផ្លូវច្បាប់ចំនួន២ឱ្យបានឆាប់ ដើម្បីទទួលស្គាល់សមិទ្ធផលការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកចំនួន ៨៤% ដែលសម្រេចបាន ដោយគណៈកម្មការចម្រុះកិច្ចការព្រំដែនគោក។ ភាគីទាំងពីរបានគាំទ្រឲ្យគណៈកម្មការចម្រុះកិច្ចការព្រំដែនគោកនៃប្រទេសទាំងពីរ បន្តសហប្រតិបត្តិការពន្លឿនការចរចា ឆ្ពោះទៅសម្រេច ឱ្យបានការបញ្ចប់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែននៅចំណុចដែលនៅសេសសល់ សំដៅកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពចែករំលែកព័ត៌មានឱ្យបានទៀងទាត់ និងធ្វើការសម្របសម្រួលគ្នាឱ្យបានជិតស្និទ្ធ និងសហការគ្នាឱ្យមានប្រសិទ្ធភាព និងផ្តល់ការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិ និងតំបន់ ជាពិសេសគឺក្នុងក្របខ័ណ្ឌសហប្រតិបត្តិការអាស៊ាន អង្គការសហប្រជាជាតិ និងយន្តការសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គ រួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាពសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងនៅលើពិភពលោក។
ភាគីទាំងពីរបានឯកភាពបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជិតស្និទ្ធជាមួយគ្នា និងជាមួយបណ្តាប្រទេសពាក់ព័ន្ធ ព្រមទាំងអង្គការអន្តរជាតិនានា ដើម្បីធានាការគ្រប់គ្រងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងចីរភាព នូវធនធានទឹកទន្លេមេគង្គ ធនធានពាក់ព័ន្ធនឹងទឹក និងបរិស្ថាននៃទន្លេមេគង្គ ហើយនឹងធ្វើសុខដុមភាវូបនីយកម្មផលប្រយោជន៍របស់បណ្តាប្រទេសក្នុងអាងទន្លេមេគង្គ។
ភាគីទាំងពីរបន្តផ្តល់សារៈសំខាន់លើការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព នាវាចរណ៍ និងការហោះហើរនៅលើសមុទ្រចិនខាងត្បូង។ ភាគីទាំងពីរបានឯកភាពជំរុញការ ដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងដោយសន្តិវិធី រក្សាភាពអត់ធ្មត់ ដោយមិនធ្វើគំរាមកំហែង ឬប្រើប្រាស់កម្លាំង ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ដែលត្រូវបានទទួលស្គាល់ជា សាកល រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) និង បានប្តេជ្ញារួមគ្នាជាមួយភាគីពាក់ព័ន្ធ អនុវត្តន៍ឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តី ថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ឲ្យបានគ្រប់ ជ្រុងជ្រោយ និងជំរុញការបញ្ចប់ឱ្យបានឆាប់នូវក្រុមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) មួយ ប្រកបដោយខ្លឹមសារ និងលម្អិត សំដៅរួមចំណែកក្នុងការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អប្រសើរ និងមានអត្ថន័យជាប្រវត្តិសាស្ត្រនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ង្វៀន ហ្វ៊ូជុង នៅព្រះរាជាណាចក្រកម្ពុជា ដែលរួមចំណែកដល់ការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក ធ្វើឲ្យទំនាក់ទំនងក្នុងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង រវាងប្រទេស ទាំងពីរ មានភាពកាន់តែខ្លាំងក្លា មានប្រសិទ្ធភាព ជាក់ស្តែង ដើម្បីផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ និងការរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក្នុងតំបន់ និងនៅលើពិភពលោក។
ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានរដ្ឋ ង្វៀន ហ្វ៊ូជុង បានសម្តែងនូវអំណរគុណដ៏ស្មោះស្ម័គ្រថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ចំពោះការស្វាគមន៍ ជាភាតរៈ និង បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ដែលបានឆ្លុះបញ្ចាំងនូវចំណងមិត្តភាព និងសាមគ្គីភាពយ៉ាងពិត ប្រាកដរវាងប្រទេសកម្ពុជា និងវៀតណាម។
ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានរដ្ឋ ង្វៀន ហ្វ៊ូជុង បានយាង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ និងបានអញ្ជើញថ្នាក់ដឹកនាំកម្ពុជា បំពេញព្រះរាជទស្សនកិច្ច និងទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជាបានថ្លែងអំណគុណ និងសព្វព្រះរាជហឫទ័យទទួលការយាង និងអញ្ជើញ ដោយក្តីរីករាយ។ ចំពោះកាលបរិច្ឆេទជាក់លាក់នៃព្រះរាជដំណើរ និងដំណើរទស្សនកិច្ច នឹង ត្រូវទំនាក់ទំនងគ្នារៀបចំតាមផ្លូវការទូត ក្នុងវេលាសមស្រប ៕