ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបធ្វើការងារជាមួយ ឯកឧត្តម HOONG WEE TECK អគ្គស្នងការនគរបាលសង្ហបុរី ក្នុងឱកាសបំពេញទស្សនៈកិច្ចជាផ្លូវការនៅកម្ពុជា។ កិច្ចជំនួបដ៏មានសារៈសំខាន់នេះ ធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម HOONG WEE TECK អគ្គស្នងការនគរបាលសិង្ហបុរី បានធ្វើការប្ដេជ្ញាចិត្តរួមគ្នាជាអាទិភាពថា នឹងប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីជាផលប្រយោជន៍រួម នៃប្រទេសទាំងពីរ និងផលប្រយោជន៍ប្រទេសក្នុងតំបន់ផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងយ៉ាងដូច្នេះថា «ផ្អែកតាមលទ្ធផល នៃការពិភាក្សាគ្នា ភាគីទាំងពីរបានឯកភាពរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ដែលជាចំណុចអាទិភាពរបស់ប្រទេសទាំងពីរ និងជាចំណុចអាទិភាពរបស់អាស៊ីមួយដែរ»។
លើសពីនេះ ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម HOONG WEE TECK អគ្គស្នងការនគរបាលសិង្ហបុរី បានឯកភាពគ្នាបង្កើតយន្តការទំនាក់ទំនងត្រង់ ដោយផ្ទាល់ទៅវិញទៅមក ដើម្បីបម្រើផលប្រយោជន៍សន្ដិសុខ ការពារវិនិយោគិន ការពារភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋប្រទេសទាំងពីរផងដែរ។
បន្ថែមពីនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គស្នងការដ្ឋាននគរបាលសិង្ហបុរី នឹងសហការគ្នាដើម្បីលើកកម្ពស់សមត្ថភាពរបស់កងកម្លាំង ជាពិសេសសិង្ហបុរី បានសន្យាបណ្ដុះបណ្ដាលដល់នគរបាលកម្ពុជា លើជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ក្នុងនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គស្នងការដ្ឋាននគរបាលសិង្ហបុរី នឹងចាត់ចែងឲ្យផ្នែកជំនាញរៀបចំកម្មវិធីបណ្ដុះបណ្ដាល មានទាំងរយៈពេលវែង និងរយៈពេលខ្លី។
អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានអះអាងទៀតថា ក្នុងស្ថានភាពចាំបាច់ និងដោយមានសំណើរពីភាគីម្ខាងទៀតនោះ ភាគីសិង្ហបុរី នឹងបញ្ជូនគ្រូជំនាញមកបណ្ដុះបណ្ដាលផ្ទាល់នៅកម្ពុជាតែម្ដង។ ភាគីទាំងពីរ ក៏បានឯកភាពគ្នាក្នុងការផ្លាស់ប្ដូរប្រតិភូជំនាញ ដើម្បីដកបទពិសោធន៍លើការងារជំនាញពីគ្នាទៅវិញទៅមកផងដែរ៕