សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ អញ្ជើញ​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ ពិនិត្យ​មើល​ស្ថានភាព​ធ្វើស្រែ​ចំការ​ និង​កិច្ច​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​

07-March-2019 | ដោយ ពលមនសិការ

​ព្រៃវែង​៖​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ ពិនិត្យ​មើល​ស្ថានភាព​ធ្វើស្រែ​ចំការ​ និង​កិច្ច​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​កសិករ​ និង​ដំណើរការ​អភិវឌ្ឍ​មូលដ្ឋាន​តាម​បណ្ដា​ក្រុង​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្តព្រៃវែង​ កាលពី​ថ្ងៃ​ពុធ​ ១​កើត​ ខែ​ផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​៦​ ខែមីនា​ ឆ្នាំ​២០១៩​។​

​ក្នុង​ឱកាស​ក្នុង​ដំណើរ​អញ្ជើញ​ចុះ​មូលដ្ឋាន​ប្រជាពលរដ្ឋ​របស់​សម្ដេច​ឧបនាយករដ្ឋមន្ត្រី​ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​ លោក​ជំទាវ​ ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ អភិបាល​ អភិបាលរង​ខេត្ត​ ប្រធាន​មន្ទីរ​ និង​អង្គភាព​ពាក់ព័ន្ធ​ចំណុះ​ឱ្យ​រដ្ឋបាល​ខេត្តព្រៃវែង​ ជា​ច្រើន​រូប​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​អញ្ជើញ​ឆ្លៀត​ចូល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​រង​គ្រោះ​ ដោយសារ​ការ​ពុល​នំ​បញ្ចុក​ចំនួន​៧២​នាក់​ ស្ថិត​នៅ​ភូមិ​ថ្កោល​ ឃុំ​បឹង​ដោល​ ស្រុក​ព្រះស្តេច​ ខេត្តព្រៃវែង​ ដែល​ពួក​គាត់​ កំពុង​សម្រាក​ព្យាបាល​សុខភាព​ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រះស្តេច​។​

​បន្ទាប់​ពី​បាន​អញ្ជើញ​សួរ​សុខ​ទុក​ប្រជាពលរដ្ឋ​រួច​ហើយ​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​បន្ត​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ប្រព័ន្ធ​ប្រឡាយ​បូព៌ា​ ដែល​ស្ថិត​ក្នុងស្រុក​ព្រះស្ដេច​។​ ប្រឡាយ​បូព៌ា​នេះ​ មាន​ទទឹង​មាត់​លើ​១៣​ម្រ៉ែ​ត​ និង​បណ្តោយ​រហូត​ដល់​ជាង​២៥,០០០​ម៉ែត្រ​។​

​នា​ឱកាស​នោះ​ដែរ​ សម្ដេច​ឧបនាយករដ្ឋមន្ត្រី​ បាន​បន្ត​ចុះ​សួរសុខទុក្ខ​ប្រជា​កសិករ​នៅ​តាម​បណ្ដា​ឃុំ​នៃ​ស្រុក​ព្រះស្ដេច​ចំនួន​៧​ឃុំ​ គឺ​ឃុំ​ល្វា​,​ ឃុំ​ជៃ​កំពក​,​ ឃុំ​អង្គ​រាជ្យ​,​ ឃុំ​សេនា​រាជ​ឧត្តម​,​ ឃុំ​បន្ទាយ​ចក្រី​,​ ឃុំ​ក្រាំ​ស្វាយ​ និង​ឃុំ​រំចេក​។​ ប្រជា​កសិករ​ក្មេង​ចាស់​ស្រី​ប្រុស​បាន​ទទួល​ស្វាគមន៍​សម្ដេច​ប្រកបដោយ​ភាព​រាក់ទាក់​ និង​គោរព​ស្រលាញ់​។​

​ក្នុង​ដំណើរ​សួរសុខទុក្ខ​ពលរដ្ឋ​ប្រកបដោយ​ភាព​រីករាយ​ និង​ស្និត​ស្នាល​នោះ​ សម្ដេច​ ក្រឡាហោម​ ស​ ខេ​ង​ បាន​អញ្ជើញ​ទៅ​ដល់​ស្ថានីយ​បូមទឹក​ ដែល​ដំណើរការ​ដោយ​ចរន្តអគ្គិសនី​ ហើយ​មាន​វិសាលភាព​បូមទឹក​ស្រោចស្រព​ផ្ទៃដី​ ស្រែ​កសិករ​ជាង​៧២៤០​ហិតា​ ក្នុង​៧​ឃុំ​ ស្មើនឹង​៤២​ភូមិ​។​

​ដំណើរ​ចុះ​ទៅ​កាន់​មូលដ្ឋាន​ប្រជាពលរដ្ឋ​របស់​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​៦​ ខែមីនា​បាន​បញ្ចប់​នៅ​ពេល​សម្ដេច​ រួម​ទាំង​ថ្នាក់ដឹកនាំ​ខេត្ត​ បាន​បន្ត​អញ្ជើញ​ទៅ​ពិនិត្យ​ស្ថានីយ​បូមទឹក​មួយ​កន្លែង​ទៀត​ គឺ​ស្ថានីយ​បូមទឹក​បញ្ចូល​ក្នុង​ប្រឡាយ​ខ្សេ​រ​ និង​អញ្ជើញ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ធា​យ​ នៃ​ស្រុក​បាភ្នំ​។​

​បន្ទាប់​មក​ គឺ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​បន្ត​អញ្ជើញ​ពិនិត្យ​ការដ្ឋាន​សាងសង់​អគា​រដ្ឋបាល​សាលាខេត្ត​ព្រៃវែង​ ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​ព្រៃវែង​។​

​ចេញដំណើរ​ពី​ក្រុង​ព្រៃវែង​ សម្ដេច​បាន​បន្ត​អញ្ជើញ​ទៅ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ​ត​ភ្ជាប់​ពី​ឃុំ​មេសរ​ប្រ​ចាន់​ ទៅ​កាន់​ឃុំ​កំពង់​ពពិល​ ស្រុក​ពារាំង​ និង​មើល​ការ​សាងសង់​ស្ពាន​ ពី​ឃុំ​មេសរ​ប្រ​ចាន់​ ស្រុក​ពារាំង​ ខេត្តព្រៃវែង​ ត​ភ្ជាប់​ទៅ​ឃុំ​ស៊ី​ធរ​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ មាន​ប្រវែង​ ៧២​ម៉ែត្រ​ ទទឹង​៥​ម៉ែត្រ​។​

​នា​ឱកាស​នោះ​ដែរ​ សម្តេច​ ក៏​បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ការ​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​ចំនួន​៣១១​ហិតា​ ជូន​ពលរដ្ឋ​ជា​ប្រជា​កសិករ​នៅ​ចំណុច​បឹង​ទ្រាំង​ ភូមិ​មេសរ​ប្រ​ចាន់​ ឃុំ​មេសរ​ប្រ​ចាន់​ ស្រុក​ពារាំង​ ដែល​មាន​ម៉ាស៊ីន​អន្តរាគមន៍​កំពុង​ដំណើរ​ចំនួន​២​គ្រឿង​ ។​

​ជា​ចុងបញ្ចប់​នៃ​ដំណើរ​ចុះ​មូលដ្ឋាន​នេះ​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ថ្លែងអំណរគុណ​ និង​ជូនពរ​ដល់​ ឯកឧត្តម​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ អភិបាលរង​ខេត្ត​ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ រដ្ឋបាល​ខេត្តព្រៃវែង​ ព្រមទាំង​សហការី​ ទាំងអស់​ សូម​មាន​សុខភាព​ល្អ​ និង​ជ័យ​ជំនះ​គ្រប់​ភារកិច្ច​ ៕


ចំនួនអ្នកទស្សនា

    20587227

  • ថ្ងៃនេះ11241
  • ម្សិលមិញ6261
  • សប្តាហ៍នេះ29621
  • ខែនេះ144771
  • ឆ្នាំនេះ144771
  • សរុប20587227