សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​សំណេះសំណាល​ និង​ពិសារ​អាហារ​ជាមួយ​បងប្អូន​អ្នក​ធាក់​ស៊ី​ក្លូ​

08-March-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ៣​កើត​ ខែ​ផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០១៩​ នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ច​ក្ត​កម្ពុជា​ បាន​អញ្ជើញ​សំណេះសំណាល​ និង​ពិសារ​អាហារ​ជាមួយ​បងប្អូន​អ្នក​ប្រកបរ​បរធាក់​ស៊ី​ក្លូ​ ៣២០​នាក់​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​ពិធី​សំណេះសំណាល​ និង​ស្រស់ស្រូប​អាហារ​នៅ​ថ្ងៃនេះ​ គឺ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ចំពោះ​សុខទុក្ខ​របស់​បងប្អូន​អ្នក​ធាក់​ស៊ី​ក្លូ​នៅ​ទូ​ទាំង​ប្រទេស​។​ សូម​រំលឹក​ថា​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​សម្រេច​បង្កើត​ «​មូលនិធិ​ត្រីចក្រយាន​»​ ឬ​ហៅ​កាត់​ថា​ «​មូលនិធិ​ស៊ី​ក្លូ​»​ កាលពីដើម​ឆ្នាំ​ ២០១៨​ ដែល​ សម្តេច​តេ​ជោ​ផ្ទាល់​និង​ក្រុម​គ្រួ​សារបាន​ឧបត្ថម្ភ​ថវិកា​ប្រមាណ​ ១៤​ម៉ឺន​ដុល្លារ​ទៅ​ក្នុង​មូលនិធិ​ ហើយ​សម្តេច​ធ្វើ​អំណោយ​ថវិកា​ ២​ម៉ឺន​ដុល្លារ​ ក្នុង​មួយ​ខែៗ​ដល់​មូលនិធិ​ថែម​ទៀត​ផង​។​

​មូលនិធិ​ស៊ី​ក្លូ​ បាន​ផ្តល់​ថវិកា​ឧបត្ថម្ភ​ប្រមាណ​ ៧,០០០​រៀល​ ក្នុង​មួយ​ថ្ងៃ​ (៥,០០០​ រៀល​សម្រាប់​អាហារ​ និង​២,០០០​រៀល​ សម្រាប់​ជួល​ស៊ី​ក្លូ​)​ ឬ​ស្មើនឹង​ ២១​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ ដល់​អ្នក​ធាក់​ស៊ី​ក្លូ​។​ ប្រាក់​ឧបត្ថម្ភ​នេះ​ បើក​ជូន​ជា​រៀង​រាល់​ ១០​ថ្ងៃ​ម្តង​ តាម​ប្រព័ន្ធ​វី​ង​ (Wing)​។​ តាម​រយៈ​មូលនិធិ​ គឺ​ជួយ​ដោះស្រាយ​ភាព​លំបាក​មួយ​ចំនួន​ធំ​របស់​បងប្អូន​ប្រកបរ​បរធាក់​ស៊ី​ក្លូ​ និង​ជួយ​ឲ្យ​លុយកាក់​ដែល​ពួក​គាត់​រកបាន​ពីរ​បរធាក់​ស៊ី​ក្លូ​បាន​នៅ​សល់​សម្រាប់​បន្ថែម​លើ​ការ​ចំណាយ​ផ្សេងៗ​ដើម្បី​ទ្រទ្រង់​ជីវភាព​អោយ​កាន់តែ​ប្រសើរ​ឡើង​។​ បើ​ទោះបីជា​គាត់​រក​ប្រាក់​មិន​បាន​ ក៏​គង់នៅ​មាន​លុយ​ហូប​បាយ​ និង​លុយ​បង់​អោយ​ថ្លៃ​ជួល​ស៊ី​ក្លូ​គេ​ដែរ​។​

​ថ្ងៃនេះ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ ដែល​បាន​ អញ្ជើញ​មក​ចូលរួម​ជួប​សួរសុខទុក្ខ​ សំណេះសំណាល​ និង​ពិសា​របាយ​ថ្ងៃត្រង់​ជាមួយ​ បងប្អូន​កូនក្មួយ​ដែល​ជា​អ្នក​ធាក់​ស៊ី​ក្លូ​ ជា​លើក​ទី​២​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ មាន​មោទនភាព​ ដែល​បានឃើញ​វឌ្ឍនភាព​ និង​ការ​រីក​លូតលាស់​នៃ​ប្រទេស​ជាតិ​ដែល​កំពុង​ដំណើរការ​ល្អ​ ហើយ​ដំណើរការ​នេះ​មិនមែន​តែ​មួយ​ ឬ​២​ថ្ងៃ​ ដូច​ជា​ភ្លើងចំប្បើង​នោះ​ទេ​។​ ទន្ទឹម​នឹង​នេះ​ដែរ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ចង់​ឲ្យ​ដំណើរការ​មូលនិធិ​នេះ​ ប្រព្រឹត្តិ​ទៅ​ក្នុង​រយៈពេល​វែង​ ដែល​បងប្អូន​អ្នក​ធាក់​ស៊ី​ក្លូ​យើង​ ទទួល​បាន​នូវ​ផលប្រយោជន៍​ពី​មូ​និ​ធិ​កាន់តែ​យូរ​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋ​ម​ន្ត្រិ​ បាន​ថ្លែងអំណរគុណ​ដល់​លោក​ ឃួ​ង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ ដែល​បាន​ដឹកនាំ​មូលនិធិ​ស៊ី​ក្លូ​ និង​បាន​ដឹកនាំ​ការងារ​ទាំង​៩​ ដែល​ជា​កិច្ចការ​ស្នូល​មួយ​ ដែល​ត្រូវធ្វើ​បន្ត​ទៀត​ សំរាប់​បំរើ​អោយ​សេចក្តី​ត្រូវការ​ និង​បន្តដំណើរ​ឈាន​ទៅ​មុខ​នៃ​មូលនិធិ​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​បងប្អូន​កូនក្មួយ​ធាក់​ស៊ី​ក្លូ​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​ថ្លែងអំណរគុណ​ផង​ដែរ​ ដល់​អ្នក​ឧបត្ថម្ភ​គាំទ្រ​ទាំងឡាយ​ ដែល​បាន​ចូលរួម​ចំណែក​បរិច្ចាគ​នៅ​ក្នុង​មូលនិធិ​នេះ​រួម​ជាមួយ​ថិ​កា​ សម្តេច​តេ​ជោ​ និង​ក្រុម​គ្រួសារ​។​ សម្តេច​បាន​អរគុណ​ដល់​ក្រុមហ៊ុន​ថ្មដា​ ដែល​បាន​ស្ម័គ្រចិត្ត​បិ​រិ​ច្ចាគ​ ៧​ម៉ឺន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំៗ​ដល់​មូលនិធិ​ស៊ី​ក្លូ​។​ ថវិកា​ដែល​ទទួល​បាន​ពី​សប្បុរសជន​ទាំងអស់​ គឺ​នឹង​ប្រើ​សម្រាប់​តែ​ជួយ​ដល់​បងប្អូន​កូនក្មួយ​អ្នក​ធាក់​ស៊ី​ក្លូ​។​

​ទន្ទឹម​នឹង​នេះ​ដែរ​ បងប្អូន​អ្នក​ធាក់​ស៊ី​ក្លូ​នៅ​រាជធានី​ភ្នំពេញ​ ក៏​បាន​ ទទួល​នូវ​ការ​ធានា​រ៉ាប់រង​មួយ​ផ្នែក​នៃ​កិច្ច​គាំពារ​សង្គម​ ដែល​ជា​អាទិភាព​នយោបាយ​របស់​រាជរដ្ឋាភិបាល​ ឬ​អាច​និយាយ​បាន​ថា​ ជា​អាទិភាព​នយោបាយ​ ហ៊ុន​ សែន​ នៅ​ក្នុង​គោ​នយោបាយ​ថ្មី​លើ​វិស័យ​សង្គម​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ផង​ដែល​ថា​ សព្វ​ថ្ងៃនេះ​ ស៊ី​ក្លូ​បាន​កែប្រែ​ហ្វ្រាំង​ពី​ខាង​មុខ​មក​ក្រោយ​ ងាយស្រួល​ចាប់​ ដើម្បី​អោយ​មាន​សុវត្ថិភាព​កាន់តែ​ល្អ​ជាង​មុន​ ដែល​មិន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​សម្រាប់​អ្នក​ជិះ​ និង​អ្នក​ធាក់​ និង​សាធារណៈជន​ផង​ដែរ​។​

​ពិនិត្យ​ទៅ​លើ​ប្រាក់​ចំនូល​ដែល​បងប្អូន​ទទួល​បាន​គឺ​ ៧,០០០​រៀល​ ក្នុង​១​ថ្ងៃ​។​ ប៉ុន្តែ​បើ​ ១០​ ថ្ងៃ​ គឺ​បងប្អូន​យើង​បើក​បាន​ ២១​ម៉ឺន​រៀល​ ហើយ​បើ​គិត​ជា​ឆ្នាំ​វិញ​បាន​គឺ​បើក​បាន​ ២,៥០០,០០០​ (​ជាង​២​លាន​រៀល​)​ រៀល​ក្នុង​មួយ​ឆ្នាំៗ​ បូក​ជាមួយ​ប្រាក់​ឧ​ប​ត្ថ​ម​ពេល​ចូល​ឆ្នាំ​ ពេល​ភ្ជុំបិណ្ឌ​ និង​សម្លៀក​បំពាក់​ដែល​បាន​ផ្តល់​បើ​គិត​ជា​ដុល្លារ​វិញ​គឺ​ប្រមាណ​ ៦០០​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​១​ឆ្នាំ​។​ សម្តេច​តេ​ជោ​ បាន​មាន​ប្រសាសន៍​ថា​ ចាប់ពី​ថ្ងៃ​រំដោះ​ ៧​មក​រា​ ១៩៧៩​ មក​ សម្តេច​តេ​ជោ​បាន​ធ្វើ​កិច្ចការ​មនុស្សធម៌​យ៉ាងច្រើន​ជា​បន្តបន្ទាប់​មិនមែន​ធ្វើ​តែ​មួយ​រយៈ​ខ្លី​នោះ​ទេ​។​ ទន្ទឹម​នឹង​នេះ​ដែរ​ សម្តេច​តេ​ជោ​ បាន​បញ្ជាក់​ថា​ យើង​ត្រូវ​តែ​បន្តការងារ​នេះ​ឲ្យ​បាន​ល្អ​ ដោយ​មិន​ទុក​ឲ្យ​អ្នក​ណា​ម្នាក់​នៅ​ឃ្លាតឆ្ងាយ​ពី​យើង​នោះ​ទេ​។​

​សម្តេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា​ ខានស្អែក​នេះ​ សម្តេច​តេ​ជោ​នឹង​អញ្ជើញ​ទៅ​សួរសុខទុក្ខ​ មជ្ឈមណ្ឌល​កុមា​កំព្រារ​ពិសេស​មួយ​ ដែល​មាន​កុមារ​ជា​ក្មេង​ស្រីៗ​ ដែល​ត្រូវ​ទទួល​រង​ការ​រំលោភ​ពី​ឪពុក​បង្កើត​ ពី​ជីតា​បង្កើត​ និង​ពី​អ្នក​ដ៏​ទៃ​ទៀត​ ដែល​ឥឡូវ​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជួប​ការ​លំបាក​។​ ទន្ទឹម​នឹង​នេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​បញ្ជា​ឲ្យ​មន្ត្រី​ចុះ​សិក្សា​អំពី​អគារ​ដែល​ត្រូវ​សាងសង់​ជួយ​ដល់​កូនក្មួយ​កំព្រារ​ទាំងនេះ​ផង​ដែរ​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​អំពាវនាវ​ឲ្យ​សង្គម​យើង​ចូលរួម​អនុវត្ត​នូវ​ស្មារតី​ចែករំលែក​ ដើម្បី​ឲ្យ​ប្រទេស​របស់​យើង​ក្លាយជា​ប្រទេស​ដែល​មាន​វប្បធម៌​ស្រលាញ់​រាប់អាន​ ដោយ​មិន​មាន​ន​ណា​ម្នាក់​មើលងាយ​គ្នា​ ក្នុង​ឋានៈ​ជា​មនុស្ស​ដូច​គ្នា​នោះ​ទេ​។​ កុំ​ថា​តែ​អ្នកមាន​ អ្នកក្រ​ក៏​មាន​តម្រូវការ​ដូច​គ្នា​ដែរ​។​ ដោយសារ​សេចក្តី​ស្រលាញ់​ និង​ការ​យល់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ គឺ​សម្តេច​តេ​ជោ​ បាន​ខិតខំ​ជំរុញ​កិច្ចការ​ទាំងឡាយ​ដើម្បី​អនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​ និង​ ការងារ​សប្បុរ​ធម៌​ ដើម្បី​បង្កើន​នូវ​ស្ថានភាព​ដ៏​ល្អ​ប្រសើរ​។​

​ទន្ទឹម​នឹង​នេះ​ដែរ​ សម្តេច​តេ​ជោ​ បាន​ប្រកាស​បញ្ជាក់​ថា​ ក្នុង​នាម​ សម្តេច​តេ​ជោ​តេ​ជោ​ជា​នាយក​រដ្ឋមន្ត្រី​ និង​ជា​ប្រធានកិត្តិយស​នៃ​មូលនិធិ​ស៊ីក្លូន​ គឺ​សូម​បង​កូន​ប្អូន​កូនក្មួយ​ ដែល​ជា​អ្នក​ធាក់​ស៊ី​ក្លូ​ទាំង​ត្រូវ​អស់​ ត្រូវ​ជឿជាក់​ទៅ​លើ​អ្វី​ដែល​ជា​ការ​ប្ដេជ្ញា​ចិត្ត​រួម​គ្នា​របស់​យើង​។​ ទន្ទឹម​នឹង​នេះ​ ដែរ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ សម្តេច​នឹង​បន្ត​ធ្វើ​ជា​ នាយក​រដ្ឋមន្ត្រី​ក្នុង​រយៈពេល​១០​ ឆ្នាំ​ទៀត​ ដើម្បី​រួមសុខ​រួមទុក្ខ​ ជាមួយ​បងប្អូន​កូនក្មួយ​ធាក់​ស៊ី​ក្លូ​ មូលនិធិ​ស៊ី​ក្លូ​។​

​ថ្ងៃនេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​ឧ​ប​ត្ថ​ម​ដល់​បងប្អូន​អ្នក​ធាក់​ស៊ី​ក្លូ​ ចំនួន​ ៣២០​នាក់​ ដែល​ក្នុង​ម្នាក់ៗ​ទទួល​បាន​ អាវ​ភ្លៀង​ ១,​ មុង​ ១,​ មី​១​កេស​,​ អង្ករ​ ៣០​គីឡូក្រាម​ និង​ថវិកា​២០​ម៉ឺន​រៀល​ ព្រមទាំង​ថវិកា​ ៥​ម៉ឺន​រៀល​ទៀត​ សម្រាប់​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​បញ្ជាក់​ជា​ថ្មី​ម្តងទៀត​ថា​ មូលនិធិ​ស៊ី​ក្លូ​នេះ​ គឺ​មិន​គ្រាន់តែ​ឧបត្ថម្ភ​មួយ​ថ្ងៃ​ ៧,០០០​ រៀល​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​មូលនិធិ​នេះ​នឹង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​បងប្អូន​នៅ​ពេល​ទទួលមរណៈភាព​គឺ​បាន​ទទួល​ប្រមាណ​ ១,០៥០,០០០​ រៀល​ទៀត​ផង​។​ ​មុន​នឹង​បញ្ចប់​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​ជូនពរ​បងប្អូន​ជនរួមជាតិ​ ជា​ពិសេស​បងប្អូន​កូនក្មួយ​ដែល​ជា​អ្នក​ធាក់​ស៊ី​ក្លូ​ ជួប​តែ​សេចក្តីសុខ​ចម្រើន​ ព្រមទាំង​ពុទ្ធ​ពរ​ទាំង​ ៥​ប្រការ​ គឺ​អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ និង​បដិភាណៈ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ៕

ចំនួនអ្នកទស្សនា

    20587257

  • ថ្ងៃនេះ11271
  • ម្សិលមិញ6261
  • សប្តាហ៍នេះ29651
  • ខែនេះ144801
  • ឆ្នាំនេះ144801
  • សរុប20587257