មណ្ឌលគិរី៖ គិតត្រឹមល្ងាចថ្ងៃទី១១ មីនា ២០១៩ ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់សត្វដំរីដ៏ធំមួយក្បាលដើម្បីកាត់យកវត្ថុមានតម្លៃរបស់វា ដូចជាភ្លុក និងកន្ទុយ ក្នុងចំការស្វាយចន្ទីប្រជាពលរដ្ឋនៅស្រុកកែវសីមា មិនទាន់មានតម្រុយក្នុងការចាប់ខ្លួននៅឡើយទេ នេះបើតាមការឲ្យដឹងពីលោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានបន្តថា ជុំវិញករណីនេះមន្ត្រីជំនាញនឹងហៅម្ចាស់ចំការស្វាយចន្ទីនោះមកសាកសួរដើម្បីស្វែងរកតម្រុយផ្សេងៗ។ លោកបញ្ជាក់ថា ចំពោះគ្រាប់កាំភ្លើងដែលគេយកមកបាញ់សត្វដំរីនេះ គឺកាំភ្លើងម៉ាកអាកា ហើយការពិសោធន៍លើគ្រឿងក្នុងសត្វដំរី ដើម្បីរកធាតុផ្សំក្នុងការងាប់របស់វានៅទាន់ដឹងនោះទេ ដោយរងចាំលទ្ធផលពីក្រសួង។
សូមបញ្ជាក់ដែរថា បើតាមឯកឧត្ដម នេត្រ ភក្រា្ត អ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថា សត្វដំរីដ៏ធំមួយក្បាលនេះ គឺត្រូវបានព្រានព្រៃបាញ់សម្លាប់កាត់យកភ្លុកទាំងពីរ និងកន្ទុយ ហើយសត្វដំរីនេះត្រូវបានគេបាញ់ចំក្បាល១គ្រាប់ ក្បែរភ្នែក ដោយគ្រាប់កាំភ្លើងនោះទៀតសោតក៏ពិនិត្យឃើញថាមានថ្នាំពុលផងដែរ ដែលធ្វើឲ្យសត្វដំរីនោះឆាប់ស្រុត ឬងាប់យ៉ាងលឿន ។
គួររម្លឹកដែរថា សត្វដំរីឈ្មោលដែលត្រូវគេសម្លាប់នេះ ត្រូវបានក្រុមមន្ត្រីឧទ្យាននុរក្សប្រទះឃើញដេកងាប់ក្នុងចំការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិស្រែល្វី ឃុំស្រែខ្ទុម ស្រុកកែវសីមា នៅវេលាយប់ជ្រៅថ្ងៃទី២៣ លុះឈានដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ទើបមន្ត្រីជំនាញអាចនាំយកសម្ភារផ្សេងៗចូលទៅធ្វើកោសល្យវិច្ច័យបាន។ សត្វដំរីដ៏ធំនេះ មានកម្ពស់២,៧០ម ប្រវែង៤,៥០ម ទទឹង១,៥០ម មន្ត្រីបានប្រើវិធីពន្លះសាច់ចេញ និងដឹងជញ្ជូនគ្រោងឆ្អឹងមានទម្ងន់ជាងពីរតោនមកកប់នៅស្នាក់ការបរិស្ថានគីឡូម៉ែត្រ១៦៤ ក្នុងស្រុកកែវសីមា ហើយគ្រោងឆ្អឹងនេះទៀតសោត មន្ត្រីនឹងយកទៅធ្វើជាសំណាកសម្រាប់ការពិសោធន៍សិក្សាផ្សេងៗផងដែរនៅពេលខាងមុខ ៕