សៀមរាប៖ បុរសម្នាក់កើតវិបត្តិផ្លូវចិត្តដោយផ្តើមចេញពីរឿងប្រពន្ធរត់ចោលហើយផឹកស្រាស្រវឹងបែកគំនិតកាន់កាំបិតឡូឡានិងដើរដុតផ្ទះពលរដ្ឋអស់៤ខ្នង សំណាងល្អសមត្ថកិច្ចមូលដ្ឋានចុះទៅឃាត់ខ្លួនទាន់ពេល។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ មានចំនួន៣គឺភូមិក្នុង ឃុំរើល ស្រុកពួក ខេត្តសៀមរាប។
លោក វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពយក បានឲ្យដឹងនៅព្រឹកថ្ងៃទី១២នេះថា កម្លាំងនគរបាលមូលដ្ឋាននៃស្រុកពួក បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡា លា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរធ្វើស្រែ ស្រុកកំណើតនៅភូមិព្រៃធំ ឃុំកោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។ បច្ចុប្បន្នរស់នៅភូមិស្រះ ឃុំរើល ស្រុកពួក ខេត្តសៀមរាប ដែលបានប្រព្រឹត្តករណីបង្កឲ្យទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា(ដុតផ្ទះ)កើតឡើងនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃ១១ ខែមីនា ឆ្នាំ២០១៩ បណ្តាលឲ្យឆេះផ្ទះរបស់ជនរងគ្រោះ៤ខ្នង កើតឡើងចំនួន៣ភូមិ ក្នុងមូលដ្ឋានឃុំរើល ស្រុកពួក។ ផ្ទះទី១ របស់ជនរងគ្រោះ ឈ្មោះ ញ៉ាណ លឿ ភេទស្រី អាយុ៥៣ឆ្នាំ ភូមិស្រះ ឃុំរើល ស្រុកពួក ផ្ទះទំហំ៦គុណ៥ កំពស់២ម៉ែត្រ ជញ្ជាំងក្ដា ប្រក់ស៊ីប្រូ(ឆេះអស់ទាំងស្រុង)។ ផ្ទះទី២ ឈ្មោះ ព្រឿម គង់ ភេទស្រី អាយុ២៤ឆ្នាំរស់នៅភូមិត្រពាំងធំ ឃុំរើល ស្រុកពួក ផ្ទះទំហំ៥គុណ៤កំពស់១,៨០ប្រក់ស័ង្កសី បណ្តាលឲ្យខូចខាតឆេះស្រូវ១,៥០តោន កង់១ទូរទស្សន៍១ ផ្ទាំងសូឡា១គ្រឿង(ឆេះអស់ទាំងស្រុង)។ ផ្ទះទី៣ ឈ្មោះ ភាវ ថា ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិក្បាលក្រពើ ឃុំរើល ស្រុកពួក ខូចខាតឆេះគ្រឿងឈើទុកធ្វើផ្ទះ១ឈុត ស្រូវ១តោនកន្លះ ទូរទស្សន៍១ សូលា១គ្រឿង កង់៣គ្រឿង និងប្រាក់បាទ៤៥០០០បាត(ឆេះអស់ទាំងស្រុង)។ ផ្ទះទី៤ ឈ្មោះ មឿន មឿត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំរើល ស្រុកពួកខេត្តសៀមរាបផ្ទះទំហំ៦គុណ៥ម៉ែត្រកំពស់២ម៉ែត្រខូចខាតឆេះស្រូវ២តោន ទូរទស្សន៍១ សូឡាមួយគ្រឿង(ឆេះអស់ទាំងស្រុង)។
លោកបន្ថែមថា មូលហេតុ បណ្តាលមកពីជនបង្កខាងលើ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារ(ប្រពន្ធចុះចោលចេញពីផ្ទះ) ហើយផឹកស្រាស្រវឹងជាប្រចាំ។
បច្ចុប្បន្នកម្លាំងនគរបាលមូលដ្ឋាននៃស្រុកពួក កំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនជនបង្ក ទៅការិយាល័យជំនាញចាត់ការបន្តតាមផ្លូវច្បាប់ ៕