ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន បានអនុញ្ញាតឱ្យឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំនៅ កម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តម បានបញ្ចប់បេសកកម្មការទូត ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការ រួមចំណែករបស់ឯកឧត្តម Edgar ក្នុងអំឡុងពេលបំពេញបេសកកម្មនៅកម្ពុជា ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ សម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនកម្ពុជា និងEU។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃនានារបស់សហភាពអឺរ៉ុប ចាប់តាំងពីឆ្នាំ១៩៩៤ ដែលរួមចំណែកធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ និងការពង្រឹងនីតិរដ្ឋនៅកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏សង្ឃឹមផងដែរថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នឹងបន្តរីកចម្រើនថែមទៀតនៅពេលខាងមុខនេះ។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងរយៈពេលកន្លងមក តាមរយៈការពិភាក្សាគ្នាប្រកបដោយភាពបើកចំហរ និងស្មោះត្រង់នៅលើកិច្ចការជាច្រើន ហើយក៏បានសំដែងនូវក្តីសប្បាយរីករាយ និងពេញចិត្តដែលបានធ្វើការប្រកបដោយភាពសហការជាមួយនឹងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងរយៈពេលជាង៣ឆ្នាំកន្លងមកនេះ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត EU បានកោតសរសើរពីការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា ដោយ ប្រៀបធៀបនឹងពេលដែលលោកអញ្ជើញមកកម្ពុជាកាលពី២០ឆ្នាំមុន។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងនូវទិដ្ឋភាពចំបងៗមួយចំនួននៃសភាពការណ៍របស់កម្ពុជា និងសកម្មភាពរបស់EU ដូចតទៅ៖
- កម្ពុជា ជាប្រទេសមួយដែលបានបំបែកឯកត្តកម្មក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សហវត្ស (MDG) នាពេលកន្លងមក និងជាប្រទេសដែលបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងជំនួយរបស់EU។
- EU បានតម្រង់ទិសកម្មវិធីអភិវឌ្ឍន៍របស់ខ្លួន ស្របតាមកម្មវិធី និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍនានារបស់ប្រទេសកម្ពុជា។ EU បានរួមចំណែកអនុវត្តយុទ្ធសាស្ត្រ ក៏ដូចជារបៀបវារៈនៃការប្រែប្រួលអាកាសធាតុរបស់រាជរដ្ឋាភិបាល ជាពិសេសតាមរយៈការសហការជាមួយនឹងក្រសួងបរិស្ថាន។
- EU បានគាំទ្រដល់ការបោះឆ្នោតឃុំ-សង្កាត់ នៅកម្ពុជាកាលពីឆ្នាំ២០១៧កន្លងទៅ ជាពិសេស
EU បានជួយដល់គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត នៅលើផ្នែកប្រព័ន្ធទិន្នន័យអ្នកបោះឆ្នោត។
ចំពោះបញ្ហាEBAវិញ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទិ្ធមនុស្ស និងសិទ្ធិការងារ ជាដើម ដូចបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យល់ឃើញថា បញ្ហាEBA មិនមែនជាឧបសគ្គចំពោះទំនាក់ទំនងដែលមានភាពចាស់ទុំរវាងកម្ពុជានិងEU ក្នុងការឈានទៅកាន់កម្រិតខ្ពស់ថែមទៀត នាពេលអនាគត នោះទេ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ចំពោះគណៈប្រតិភូ EU ដែលនឹងមកកាន់កម្ពុជា ហើយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ត្រៀមនឹងទទួលជួបជាមួយគណៈប្រតិភូ EU នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ៕