សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​(Expressway​ )​ ភ្នំពេញ​-​ព្រះ​សីហ​នុ​

22-March-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ២​រោច​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៩​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ រួម​ជាមួយ​លោក​ ខុ​ង​ សៀន​យ៉ូ​វ​ (KONG​ XUANYOU)​ អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​(Expressway)​ភ្នំពេញ​-​ព្រះ​សីហ​នុ​ ដោយ​ត្រូវ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ ២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ជា​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ និង​ថ្នល់​ចិន​ (CRBC)​ តាម​រយៈ​ក្រុមហ៊ុន​ Cambodian​ PPSHV​ Expressway​ Co.,​ Ltd​។​

​តាម​របាយការណ៍​របស់​ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បានអោយ​ដឹង​ថា​ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ មាន​ប្រវែង​សរុប​ជាង​ ១៩០​គីឡូម៉ែត្រ​ ត​ភ្ជាប់​ពី​ភូមិ​១​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ដល់​ភូមិ​១​ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​។​ ផ្លូវ​នេះ​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រវែង​ ៨.៣០​គីឡូម៉ែត្រ​ ខេត្តកណ្តាល​ ប្រវែង​ ៩.១០​គីឡូម៉ែត្រ​ ខេត្តកំពង់ស្ពឺ​ប្រវែង​ ៨០.៨០​គីឡូម៉ែត្រ​ ខេត្តកោះកុង​ប្រវែង​ ១.៩២​គីឡូម៉ែត្រ​ និង​ខេត្ត​ព្រះ​សីហ​នុ​ប្រវែង​ ៨៩.៨៩​គីឡូម៉ែត្រ​។​

​ផ្លូវ​នេះ​ តាម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ពេល​ដាក់​អោយ​ដំណើរការ​នោះ​ ក្រុមហ៊ុន​ក៏​បាន​ឯកភាព​មិន​យក​ថ្លៃ​យានយន្ត​គ្រប់​ប្រភេទ​ដែល​បើកបរ​លើ​ផ្លូវ​ល្បឿន​លឿន​នេះ​ ក្នុង​រយៈពេល​១​ខែ​ដំបូង​ និង​បញ្ចុះតម្លៃ​២០%​ សម្រាប់​រយៈពេល​១​ឆ្នាំ​បន្ទាប់​ពី​នោះ​។​ លើស​ពី​នេះ​ទៀត​ ក្រុមហ៊ុន​បាន​យល់ព្រម​កែសម្រួល​កម្រៃ​សេវា​ឆ្លងកាត់​ក្នុង​រយៈពេល​ ៥​ឆ្នាំ​ម្តង​ នៃ​ប្រ​តិ​ប​តិ្ត​ការ​អាជីវកម្ម​របស់​ខ្លួន​ផង​ដែរ​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​បង្ហាញ​នូវ​ក្តី​រីករាយ​ ចំពោះ​ការ​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​ នា​ពេល​នេះ​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​សំរាប់​ប្រទេស​ និង​ប្រជាជន​កម្ពុជា​ ដែល​យើង​ទទួល​បាន​សមិទ្ធផល​ផ្លូវ​ដ៏​ស្រស់​ស្អាត​១​ខ្សែ​នេះ​ ដែល​ផ្លូវ​នេះ​អាច​កើត​មាន​ឡើង​បាន​ដោយសារ​ប្រទេស​កម្ពុជា​យើង​មាន​សុខ​ សន្តិភាព​ពេញលេញ​ និង​កម្ពុជា​មាន​ទំនាក់ទំនង​ និង​កិច្ច​សហ​ប្រតិបត្តិ​ល្អជា​មួយ​មិត្ត​ចិន​។​ កម្ពុជា​មាន​ប៉ូ​ល​សេដ្ឋកិច្ច​សំខាន់​៣​ ដែល​ប៉ូ​ល​ទី​១​គឺ​ទីក្រុង​ភ្នំពេញ​ ប៉ូ​ល​ទី​២​គឺ​ខេត្ត​ព្រះ​សីហ​នុ​ និង​ប៉ូ​ល​សេដ្ឋកិច្ច​ទី​៣​គឺ​ខេត្តសៀមរាប​ ហើយ​យើង​នឹង​អាច​មាន​ប៉ូ​ល​ទី​៤​មួយទៀត​គឺ​ខាង​ប៉ែក​ភូមិភាគ​ឥ​សាន​ គឺជា​ប៉ូ​ល​សេដ្ឋកិច្ច​ខាង​ផ្នែក​កសិឧស្សាហកម្ម​។​ សម្តេច​បាន​មាន​ប្រសាសន៍​ថា​ ដោយសារ​ផ្លូវ​នេះ​ត្រូវ​បញ្ចប់​ការ​សាងសង់​នៅ​ក្នុង​អំឡុង​ខែមីនា​ ឆ្នាំ​២០២៣​ ដូច្នេះ​នៅ​ថ្ងៃនេះ​ ស​ម្តេ​តេ​ជោ​បាន​ប្រកាស​ថា​ កម្ពុជា​នឹង​រៀប​ធ្វើ​ជា​ម្ចាស់ផ្ទះ​ SEA​ Games​ នៅ​ក្នុង​អំឡុង​ឧសភា​ ២០២៣​ ផង​ដែរ​ គឺ​ពេល​ដែល​យើង​ទទួល​បាន​ផ្លូវ​ស្អាត​ហើយ​នោះ​។​

​ស​ម្តេ​តេ​ជោ​បន្ត​ថា​ ផ្លូវ​ល្បឿន​លឿន​នេះ​ គឺជា​បណ្តាញ​មួយ​ត​ភ្ជាប់​ផ្លូវ​ទូ​ទាំង​ប្រទេស​របស់​ជាតិ​ និង​អន្តរជាតិ​រាប់​ពាន់​គីឡូម៉ែត្រ​ ជាមួយ​របៀង​សេដ្ឋកិច្ច​ខាងត្បូង​របស់​មហា​អនុ​តំបន់​មេគង្គ​ អនុ​របៀង​សេដ្ឋកិច្ច​ខាងត្បូង​ និង​របៀង​សេដ្ឋកិច្ច​ឆ្នេរ​ខាងត្បូង​ក៏​ដូច​ជា​ ត​ភ្ជាប់​ផ្លូវ​ហា​យ​វេ​អាស៊ាន​ ជា​ពិសេស​ ត​ភ្ជាប់​ប៉ូ​ល​សេដ្ឋកិច្ច​សំខាន់ៗ​ ទាំង​៣​ ដែល​នឹង​បម្រើ​ជា​មជ្ឈមណ្ឌល​ទីប​ណ្តុំ​នៃ​ប្រជាជន​ ជាទី​ឆ្លងកាត់​ព្រំដែន​អន្តរជាតិ​ ជា​កំពង់​ផែ​ ជា​ព្រ​លាន​យន្តហោះ​ តំបន់​សេដ្ឋកិច្ច​ពិសេស​ ការ​ដឹក​ជញ្ជូន​ទំនិញ​ អ្នកដំណើរ​បាន​លឿន​ឆាប់រហ័ស​ ប្រកបដោយ​សុវត្ថិភាព​ និង​ប្រសិទ្ធភាព​។​

​ទាក់ទង​នឹង​ការ​សាងសង់​ផ្លូវ​នេះ​ សម្ដេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​ បាន​ជម្រាប​ជូន​បងប្អូន​ជនរួមជាតិ​ថា​៖​ សម្រាប់​គម្រោង​វិនិយោគ​ផ្លូវ​ល្បឿន​លឿន​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ មិន​បាន​ខ្ចី​លុយ​ពី​មិត្ត​ចិន​ទេ​ គឺជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​សុទ្ធសាធ​ តាម​រូបភាព​សាងសង់​-​ធ្វើ​អាជីវកម្ម​-​ផ្ទេរ​“BOT​ ហើយ​ក្រុមហ៊ុន​ មិន​បាន​ទាមទារ​នូវ​ការ​ធានា​ឥណទាន​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ឡើយ​ ដោយសារ​ក្រុមហ៊ុន​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល​ និង​ជឿជាក់​លើ​សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ និង​ម៉ាក្រូសេដ្ឋកិច្ច​ និង​សុវត្ថិភាព​នៅ​កម្ពុជា​។​ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​មិន​បាន​ផ្តល់​ដី​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ទេ​ ផ្ទុយ​ទៅ​វិញ​ ក្រុមហ៊ុន​បាន​ផ្តល់​ថវិកា​ឲ្យ​រាជរដ្ឋាភិបាល​ដើម្បី​ទិញ​ដី​សម្រាប់​សាងសង់​ផ្លូវ​ ដោយ​ក្រុមហ៊ុន​សុំ​មាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ផ្លូវ​នៅ​ក្នុង​រយៈពេល​កំណត់​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន​ និង​រាជរដ្ឋាភិបាល​កម្ពុជា​ប៉ុណ្ណោះ​។​

​សម្តេច​តេ​ជោ​បាន​មាន​ប្រសា​ន៍​បញ្ជាក់​ថា​កម្ពុជា​មិន​បាន​បដិសេធ​ក្រុមហ៊ុន​វិនិយោគ​បរទេស​ណា​ដែល​មាន​បំណង​ចង់​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ​ផ្ទុយ​ទៅ​វិញ​សម្តេច​តេ​ជោ​នៅ​តែ​បន្ត​អំពាវនាវ​អោយ​វិនិយោគិន​បរទេស​ទាំងអស់​អាច​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គ្រប់ពេលវេលា​ទាំងអស់​។​ នៅ​ថ្ងៃនេះ​ផង​ដែរ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកំពង់ស្ពឺ​ក៏​ដូច​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ដែល​បាន​អញ្ជើញ​ចូលរួម​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​ ២៩​ កក្កដា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​ ដែល​បាន​ចូលរួម​អនុវត្ត​ទៅ​តាម​លទ្ធិប្រជាធិបតេយ្យ​ ជា​ពិសេស​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​រួម​គ្នា​រក្សា​សន្តិភាព​ និង​ការ​អភិវឌ្ឍ​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​យក​ឱកាស​នេះ​ ផ្តាំ​សួរសុខទុក្ខ​ និង​ថ្លែងអំណរគុណ​ចំពោះ​ ឯកឧត្តម​ ប្រធានាធិបតី​ចិន​ ស៊ី​ ជី​ន​ពីង​ និង​លោកនាយក​រដ្ឋមន្ត្រី​ចិន​ លឺ​ ខឺ​ឈាង​ និង​រដ្ឋាភិបាល​ប្រជាជន​ចិន​ដែល​តែងតែបាន​ផ្ដល់​នូវ​ការ​រួមសុខ​រួមទុក្ខ​ ផ្តល់​ជំនួយ​ តាម​តម្រូវការ​ចាំបាច់​របស់​កម្ពុជា​ និង​វិនិយោគ​យ៉ាងច្រើន​នៅ​កម្ពុជា​ក្នុង​រយៈពេល​កន្លង​មក​។​

​មុន​នឹង​បញ្ចប់​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​សូម​ជូនពរ​ដល់​ក្រុមហ៊ុន​សាងសង់​ផ្លូវ​នេះ​ អោយ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ និង​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជួប​តែ​សេចក្តីសុខ​ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​ ជា​ពិសេស​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ខាង​មុខ​។​ បន្ទាប់​មក​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ លោក​ ខុ​ង​ សៀន​យ៉ូ​វ​ (KONG​ XUANYOU)​ អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​ បាន​អញ្ជើញ​ពិនិត្យ​មើល​គំរូ​ផ្លូវ​ល្បឿន​លឿន​និង​អញ្ជើញ​បញ្ជា​គ្រឿងចក្រ​តំណាង​អោយ​ការ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​(Expressway)​ភ្នំពេញ​-​ព្រះ​សីហ​នុ​ ចាប់ពី​ពេល​នេះ​តទៅ​៕​

ចំនួនអ្នកទស្សនា

    20585337

  • ថ្ងៃនេះ9351
  • ម្សិលមិញ6261
  • សប្តាហ៍នេះ27731
  • ខែនេះ142881
  • ឆ្នាំនេះ142881
  • សរុប20585337