ព្រៃវែង៖ បន្ទាប់ពីកើតរឿងអយុត្តិធម៌ដល់ប្រជាពលរដ្ឋស្លូតត្រង់ បង្កឡើងដោយមន្ត្រីនគរបាល២នាក់ ដែលបម្រើការងារនៅអធិការស្រុកព្រះស្តេច បណ្តាលឱ្យប្រជាលពរដ្ឋម្នាក់ស្លាប់ក្នុងថ្លុកឈាម និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីបាញ់ប្រហារយ៉ាងឃោឃៅដោយមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកព្រះស្តេច កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩។
កាលពីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចថា"ខ្ញុំមានការសោកស្តាយប្រកបដោយសមាណទុក្ខដ៏ក្រៀមក្រំបំផុត ក្រោយទទួលបានព័ត៌មានមកថា លោកយ៉ន រ៉ាវុធ បានទទួលមរណៈភាព ក្នុងហេតុការណ៍ផ្ទុះអាវុធ កាលពីម៉ោង២៣:០០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
ខ្ញុំសូមចូលរួមរំលែកមរណៈទុក្ខ ដ៏ក្រៀមក្រំនេះជាមួយគ្រួសារសព និង សូមបួងសួងឲ្យវិញ្ញាណក្ខន្ធលោក យ៉ន រ៉ាវុធ ភេទប្រុស អាយុ៣២ឆ្នាំ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
ក្នុងនាមក្រសួងមហាផ្ទៃ ខ្ញុំសន្យាថានឹងស្វែងរកយុត្តិធម៌ជូនគ្រួសារសព ក៏ដូចជាក្រុមគ្រួសារដែលមានការពាក់ព័ន្ធ និង ជូនសង្គមជាតិយើងទាំងមូល។"
លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមីនានេះ ថាក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងម្នាក់ទៀត បានរត់គេចខ្លួន។ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនយកផ្តន្ទាទោសតាមផ្លូវច្បាប់។
លោកស្នងការបន្តថា ជនសង្ស័យដែលត្រូវឃាត់ទី១-ឈ្មោះ ជឹម សាវិន ជាមន្ត្រីនគរបាលនៅស្រុកព្រះស្ដេច ត្រូវជាក្មួយលោកឧកញ៉ា ជឹម សុខ និងទី២-ឈ្មោះ ជឹម រតនៈ តួនាទីជាប្រធានផ្នែកទទួលបន្ទុកអន្តោប្រវេសន៍ នៃអធិការស្រុកព្រះស្ដេច និងត្រូវជាកូនប្រុស លោកឧកញ៉ា ជឹម សុខ កំពុងរត់គេចខ្លួន។
សូមរំឭកថា ជនរងគ្រោះម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះបន្ទាន់ បន្ទាប់ពីមានករណីបាញ់ប្រហារពីសំណាក់សមត្ថកិច្ច កាលពីវេលាម៉ោង២៣និង០០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នៅតាមបណ្តោយផ្លូវកៅស៊ូ ស្ថិតក្នុងភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ជនរងគ្រោះដែលសមត្ថកិច្ចបាញ់ស្លាប់ក្នុងថ្លុកឈាមត្រូវបានគេស្គាល់ថាឈ្មោះ យ៉ន រ៉ាវុធ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកអ្នករងរបួសម្នាក់ទៀតឈ្មោះ វ៉ាន ខេមរិន ភេទប្រុសអាយុ២៧ឆ្នាំ មានទីលំនៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង រងរបួសហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យ។ រីឯជនដៃដល់ដែលរងការចោទប្រកាន់ថាជាអ្នកបាញ់មានឈ្មោះជឹម រតនៈ មានតួរនាទីជាប្រធានផ្នែក នៃអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច និងត្រូវជាកូនប្រុសលោកឧកញ៉ា ជឹម សុខ។
បើតាមក្រុមគ្រួសាររបស់ជនរងគ្រោះបានអះអាងប្រាប់អ្នកសារព័ត៌មានថាកូនប្រុសរបស់គាត់ទាំង២នាក់មិនមែនជាចោរលួចរថយន្តនោះទេ។ ក្រុមគ្រួសារបន្តថាជនរងគ្រោះដែលស្លាប់បានទិញរថយន្ត១គ្រឿង ម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-2679 ពីម្ចាស់ដើមឈ្មោះ ផាន់ សុឌី ភេទប្រុស មានទីលំនៅភូមិតាម៉ៅ ឃុំកំពង់សឹងស្រុកព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្នធ្វើជាងជួសជុលរថយន្តនៅរាជធានីភ្នំពេញ ដោយបង់រំលោះនៅខ្វះលុយ៣,០០០ដុល្លារទៀត។ ប៉ុន្តែរថយន្តនោះត្រូវបានម្ចាស់ដើមឈ្មោះ ផាន់ សុឌី យករថយន្តនោះទៅជួលអោយជនជាតិចិន។ ក្រោយមកជនរងគ្រោះឈ្មោះ យ៉ន រ៉ាវុធ ដែលគេបាញ់ស្លាប់បានទៅយករថយន្តនោះពីជនជាតិចិនមកវិញ ហើយបើកពីភ្នំពេញគោលបំណងមកលេងផ្ទះឈ្មោះ វ៉ាន ខេមរិន ដែលរួមដំណើរជាមួយនៅភូមិឈើកាច់ឃុំឈើកាច់ ស្រុបាភ្នំ ខេត្តព្រៃវែង។ ទន្ទឹមនិងនោះឈ្មោះ ផាន់ សុឌី គិតថាទិញរថយន្តអោយលុយមិនទាន់គ្រប់ផងហ៊ានទៅយករថយន្តរបស់គេពីអតិថិជនអ្នកជួលទាំងទទឹងទិស ហើយជិះគេចខ្លួនបាត់ទៀត ទើបឈ្មោះ ផាន់ សុឌីស្រាវជ្រាវតាមប្រព័ន្ធGPS និងបើកឡានតាមពីក្រោយព្រមទាំងបានទូរស័ព្ទប្ដឹងសមត្ថកិច្ចនគរបាលរដ្ឋបាលកំពង់សឹងចោទថាមានករណីចោរលួចរថយន្តទៅតាមផ្លូវជាតិលេខ១។
ហេតុនេះហើយទើបមានសមត្ថកិច្ចនគរបាលស្រុកព្រះស្តេចនិងកម្លាំងអាវុធហត្ថតាមដេញពីក្រោយតាំងពីស្ពានអ្នកលឿងបត់ទៅតាមផ្លូវជាតិលេខ១១ (ផ្លូវទៅខេត្តព្រៃវែង)បត់ចូលទៅតាមផ្លូវស្នេហ៍កាច់មកស្រុកបាភ្នំរហូតដល់ចំណុចខាងលើ ស្រាប់តែសមត្ថកិច្ចនគរបាលចាញ់រះមកលើរថយន្តជនរងគ្រោះបណ្តាលអោយម្នាក់ស្លាប់ក្នុងថ្លុកឈាមនិងម្នាក់ទៀតរងរបួសតែម្តង។ ស្ត្រីជាម្តាយជនរងគ្រោះបានអះអាងថាសមត្ថកិច្ចដែលបាញ់រះមកលើកូនរបស់គាត់បណ្តាលអោយស្លាប់និងរងរបួសនោះគឺជាលោកជឹម រតនៈ ប្រធានផ្នែកទទួលបន្ទុកអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកព្រះស្តេច និងត្រូវជាកូនរបស់លោកឧកញ៉ាជឹម សុខ។
ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចតូចតាចមួយចំនួនបានលួចបង្ហើបខ្សឹបប្រាប់ថាកូនរបស់លោកឧកញ៉ាជឹម សុខ ឈ្មោះជឹម រតនៈ នេះកន្លងមកតែងតែបង្កការបាញ់បោះសេរី ស្រាប់តែស្ងាត់ៗបានឡើងជាអធិការរងស្រុកព្រះស្តេច ហើយករណីនេះបើទោះបីជាជនរងគ្រោះអ្នកស្លាប់គ្មានអាវុធនៅនឹងសោះ ពេលបាញ់១គ្រាប់ដំបូងគ្នាបានលើកដៃសំពះហើយក៏ជននេះនៅមិនធម៌មេត្តាទៀតពិតជាសាហាវមែន។
ពាក់ព័ន្ធបញ្ហាខាងលើនេះលោកព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែងបានប្រាប់តាមទូរស័ព្ទអោយដឹងកាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ ថាបន្ទាប់ពីមានពាក្យបណ្តឹងមានករណីលួចរថយន្តពីភ្នំពេញចូលមកដល់ដីព្រៃវែងកម្លាំងនគរបាលបានសហការជាមួយកម្លាំងប៉េអឹមបានបើករថយន្តដេញតាមពីក្រោយនិងឃាត់អោយឈប់ដើម្បីត្រួតពិនិត្យ តែរថយន្តជនសង្ស័យមិនព្រមឈប់អោយសមត្ថកិច្ចឆែកឆេរព្យាយាមបើករត់គេចរហូតដល់ចំណុចកើតហេតុក៏សមត្ថកិច្ចផ្ទុះអាវុធតែម្តងទៅដើម្បីការពារខ្លួន ហើយចំពោះករណីនេះលោក និងស្រាវជ្រាវតាមនីតិវិធីបន្ត។
ចំណែកលោកឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែងបានប្រាប់អោយដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ថាបន្ទាប់ពីទទួលបានព័ត៌មានសូមកម្លាំងសហការពីប៉ូលិសកំពង់សឹងពាក់ព័ន្ធបទល្មើសចោរលួចរថយន្តនេះលោកបានបញ្ជាដាក់កម្លាំងចាំស្ទាក់នៅខេត្ត តែលោកទទួលបានព័ត៌មានបន្តថាក្រុមជនសង្ស័យទៅតាមផ្លូវស្នេហ៍ទើបកម្លាំងរបស់លោក២ឡានបានចេញទៅដេញតាមពីក្រោយ ពេលទៅដល់ចំណុចកើតហេតុរឿងកើតឡើងផុតហើយ កម្លាំងរបស់លោកមិនបានបាញ់នោះទេ។
ក្រុមគ្រួសារជនរងគ្រោះបានស្នើសុំដល់សមត្ថកិច្ចគ្របថ្នាក់ជួយរកយុត្តិធម៌ផង និងស្វែងរកចាប់ខ្លួនជនបង្កឈ្មោះ ជឹម រតនៈ ដាក់ទោសតាមផ្លូវច្បាប់ផង ៕