សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ (PPIU)

25-March-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ៥​រោច​ ខែ​ផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៩​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ (PPIU)​ ចំនួន​១,២៤៥​នាក់​ នារី​ ៥៧២​នាក់​។​ និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នៅ​ព្រឹក​នេះ​ មាន​និស្សិត​បញ្ចប់​ការ​សិក្សា​កម្រិត​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​។​ ក្នុង​ចំណោម​និស្សិត​ទទួល​សញ្ញាបត្រ​នេះ​ មាន​និស្សិត​អាហារូបករណ៍​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ៦៦​នាក់​ (​នារី​ ២៨​នាក់​)​ និង​និស្សិត​ពិការ​កាយសម្បទា​ចំនួន​ ៦​នាក់​ (​នារី​ ១​នាក់​)​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ សប្បាយ​រីករាយ​ក្រៃ​លែង​ដែល​បាន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ (PPIU)​ នា​ព្រឹក​នេះ​។​ សម្តេច​តេ​ជោ​ បាន​កោតសរសើរ​ និង​អបអរ​សារ​ដល់​និស្សិត​ជ័យ​លា​ភី​ទាំងអស់​ និង​ថ្លែងអំណរគុណ​ចំពោះ​មាតាបិតា​ និង​អាណាព្យាបាល​ដែល​បាន​ផ្តល់​ឱកាស​អោយ​កូនចៅ​បាន​សិក្សា​រៀនសូត្រ​រហូត​ទទួល​បាន​ជោគជ័យ​នា​ពេល​នេះ​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​កោតសរសើរ​ផង​ដែរ​ចំពោះ​ថ្នាក់ដឹកនាំ​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ (PPIU)​ ដែល​បាន​ខិតខំ​ និង​ជម្នះ​ឧបសគ្គ​ជា​ច្រើន​ រហូត​អាច​ឈរជើង​ដ៏​រឹង​មាំ​រហូត​ដល់​សព្វ​ថ្ងៃនេះ​ ដែល​បាន​រួមចំណែក​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​អោយ​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ មាន​មោ​ទ​ភាព​ចំពោះ​ភាព​រីក​ចម្រើន​នៃ​វិស័យ​អប់រំ​ ដែល​កម្ពុជា​បាន​ចាប់ផ្តើម​ឡើង​ពី​ចំនុចសូន្យ​ ក្រោយ​ពី​យើង​បាន​ងើប​ពី​សង្គ្រាម​មក​ រហូត​មក​ដល់​ពេល​នេះ​យើង​ទទួល​បាន​ធនធានមនុស្ស​យ៉ាងច្រើន​ក្នុង​ការ​បំរើ​ការងារ​តាម​វិស័យ​នានា​។​ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា​ យើង​ត្រូវ​ខិតខំ​ប​ង្រឹ​ង​សមត្ថភាព​ធនធានមនុស្ស​យើង​អោយ​ច្រើន​បន្ថែម​ទៀត​ ពីព្រោះ​សព្វ​ថ្ងៃនេះ​យើង​នៅ​ខ្វះ​ធនធានមនុស្ស​ក្នុង​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ដូច​ វិស្វកម្ម​ សំណង់​ និង​បច្ចេកវិទ្យា​ជាដើម​។​ ដូច្នេះ​ហើយ​ទើប​សព្វថ្ងៃ​យើង​តែងតែ​ត្រូវការ​ធនធានមនុស្ស​ពី​ខាងក្រៅ​ តែ​ប្រ​សិ​បើ​យើង​មាន​ធនធានមនុស្ស​គ្រប់គ្រាន់​នៅ​ខាងក្នុង​ហើយ​ គឺ​យើង​អាច​កាត់​បន្ថយ​តម្រូវការ​ធនធានមនុស្ស​មក​ពី​ប្រទេស​ខាងក្រៅ​បាន​ហើយ​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​កោតសរសើរ​ និង​ជំរុញ​លើកទឹកចិត្ត​ដល់​និស្សិត​ពិការ​ដែល​បាន​បន្ត​ការ​សិក្សា​មក​ដល់​កំរិត​នេះ​ហើយ​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ត​ទៀត​ ពីព្រោះ​ចំណេះដឹង​ គឺ​រៀន​មិន​ចេះ​ចប់​នោះ​ឡើង​។​ នៅ​ថ្ងៃនេះ​ មាន​និស្សិត​ជា​ជន​ពិការ​ចំនួន​៦​នាក់​ ដែល​បាន​មក​ទទួល​សញ្ញាបត្រ​ផង​ដែរ​។​ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា​ យើង​ពិការ​តែ​រូប​កាយ​ទេ​ តែ​បេះដូង​ និង​ចិត្តកំ​និ​តរបស់​យើង​មិន​ពិការ​នោះ​ទេ​។​ សម្តេច​តេ​ជោ​ បាន​ជំរុញ​លើកទឹកចិត្ត​ដល់​ជន​ពិការ​ទាំងអស់​ត្រូវ​តែ​មានការ​តស៊ូ​ក្នុង​ជីវិត​ កុំ​អស់សង្ឃឹម​ ជាក់ស្តែង​រូប​សម្តេច​ផ្ទាល់​ក៏​ជា​ជន​ពិការ​ម្នាក់​ដែរ​ តែ​សម្តេច​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ជីវិត​មិន​ត្រឹមតែ​ដើម្បី​ខ្លួនឯង​ទេ​ តែ​ដើម្បី​សេចក្តីសុខ​ និង​ការ​រស់នៅ​របស់​ពលរដ្ឋ​កម្ពុជា​ទាំងមូល​ផង​ដែរ​។​

នៅ​ក្នុងថ្ងៃនេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​នូវ​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា​ ការ​ផ្តល់​នូវ​នីតិសម្បទារ​ផ្នែក​នយោបាយ​ដល់​អតីត​សមាជិក​គណបក្ស​ដែល​បាន​រំលាយ​ចោល​ដោយ​សាលដីកា​តុលាការ​កំពូល​,​ សេចក្តី​អំពាវនាវ​ដល់​ម្ចាស់​រោងចក្រ​ និង​កម្មករ​បាន​ចូល​ធ្វើការ​ងារ​វិញ​នៅ​ និង​វិធានការ​ដោះស្រាយ​ទឹក​សម្រាប់​ពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​។​ ចំណុច​ពិស្តារ​នឹង​ផ្សាយ​នៅ​ពេល​បន្ទាប់​នេះ​។​

​មុន​នឹង​បញ្ចប់​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ក​ច្រក​ម្ពុ​ជា​ បាន​ជូនពរ​ដល់​និស្សិត​ជ័យ​លា​ភី​ដែល​បាន​ទទួល​សញ្ញាបត្រ​នៅ​ថ្ងៃនេះ​ គឺ​ទទួល​បាន​នូវ​ជោគជ័យ​ក្នុង​ការ​សិក្សា​ និង​មានការ​ងារ​ធ្វើ​គ្រប់ៗ​គ្នា​។​ បន្ទាប់​មក​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​អញ្ជើញ​ផ្តល់​កិត្តិយស​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ (PPIU)​ ក្នុង​បរិយាកាស​ស្និ​ទ្ឋ​ស្នាល​ និង​ សប្បាយ​រីករាយ​ក្រៃ​លែង​៕


ចំនួនអ្នកទស្សនា

    20584927

  • ថ្ងៃនេះ8941
  • ម្សិលមិញ6261
  • សប្តាហ៍នេះ27321
  • ខែនេះ142471
  • ឆ្នាំនេះ142471
  • សរុប20584927