រតនគិរី៖ សពស្ត្រីជនជាតិដើមភាគតិចម្នាក់ ត្រូវសាច់ញាតិ និងអ្នកភូមិ រកឃើញ បន្ទាប់ពីជនរងគ្រោះជិះម៉ូតូទៅងូតទឹកបាត់យូរ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥នឹង៣០នាទីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមាត់អូរក្នុងចំការជនរងគ្រោះ ស្ថិតក្នុងភូមិអុល ឃុំបាតាង ស្រុកលំផាត់ ខេត្តរនគិរី។
ប្រភពពីភ្នាក់ងារសារព័ត៌មានភ្នំពេញថាមស៍ ប្រចាំនៅខេត្តរតនគិរី បានឱ្យដឹងថាសពស្ត្រីរងគ្រោះឈ្មោះ កែ ញូន អាយុ៣៤ឆ្នាំ ជនជាតិទំពួន មុខរបរ កសិករ រស់ភូមិ.ឃុំ កើតហេតុខាងលើ។
ប្រភពដដែលបន្តថា នៅវេលាម៉ោងប្រហែល៥នឹង៣០នាទីល្ងាច ជនរងគ្រោះបានជិះម៉ូតូទៅងូតទឹកនៅអូរក្នុងចំការរបស់ខ្លួន ដែលមានចម្ងាយពីភូមិប្រហែល ១គីឡូម៉ែត្រ លុះដល់ម៉ោងប្រហែល ៦ល្ងាច ដោយបាត់ប្រពន្ធយូរពេក ប្ដីរបស់ជនរងគ្រោះបានទៅតាម ប៉ុន្តែមិនឃើញប្រពន្ធរបស់ខ្លួនទេ ឃើញតែស្បែកជើង និងកន្ទ្រកដាក់ខោអាវ ក៏ត្រឡប់មកវិញ ហើយហៅអ្នកភូមិអោយទៅជួយរក រហូតដល់ម៉ោងប្រមាណជា១២នឹង៣០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ទើបរកឃើញ សាកសពនៅក្នុងអូរ ចម្ងាយប្រហែល៣០ម៉ែត្រពីកន្លែងងូតទឹក។
ក្រោយពេលបានទទួលព័ត៌មាន កម្លាំងអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្ដិ៍បាតាងហ៊ុំព័ទ្ធកន្លែងកើតហេតុ រងចាំកម្លាំងជំនាញខេត្ត ពេទ្យខេត្ត និងលោកព្រះរាជអាជ្ញា ចុះមកពិនិត្យធ្វើកោសល្យវិច្ច័យ។
ក្រោយពីពិនិត្យ ធ្វើកោសល្យវិច្ច័យលើសព ជំនាញការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការនគរបាលខេត្តរតនគិរី បានឲ្យដឹងថា សពស្ត្រីរងគ្រោះស្លាប់ក្នុងករណីរំលោភសម្លាប់ ដោយសាកសពមានស្នាមជាំភ្នែកម្ខាង និងបាក់ឆ្អឹងក។
ក្រោយពី ពិនិត្យធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ។ ចំណែកសមត្ថកិច្ចជំនាញ ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរខេត្តពិនិត្យស្រាវជ្រាវបន្ត ដើម្បីវែករកមុខជនដៃដល់ យកមកផ្ដន្ទាទោសតាមច្បាប់ ៕