សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩

26-March-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ៦​រោច​ ខែ​ផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៩​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​លើក​ទី​១៣​ (2019​ Cambodia​ Outlook​ Conference:​ Digital​ Transformation​ Towards​ Industry​ 4.0)​ ឆ្នាំ​២០១៩​ ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ The​ Great​ Duke​ (InterCorn)​ Phnom​ Penh​។​

​សន្និសីទ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ អ្នក​ជំនាញការ​ក្នុងស្រុក​ និង​ក្នុង​តំបន់​ អ្នក​សិក្សា​ស្រាវជ្រាវ​ មន្ត្រី​រាជរដ្ឋាភិបាល​ ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​ វិស័យ​ឯកជន​ និង​សង្គម​ស៊ី​វិល​ជា​ច្រើន​ទៀត​។​ សន្និសីទ​ស្តី​ពី​ «​ការ​ប្រែក្លាយ​ផ្នែក​ឌី​ជី​ថ​ល​ឆ្ពោះទៅ​កាន់​ឧស្សាហកម្ម​ ៤.០»​ គឺ​ត្រូវ​បាន​រៀបចំ​ដោយ​ វិទ្យាស្ថាន​បណ្តុះបណ្តាល​ និង​ស្រាវជ្រាវ​ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ (CDRI)​ និង​ ក្រុមហ៊ុន​ ជី​ហ្គៀ​ (G​ Gear)​។​

សន្និសីទ​នេះ​មាន​ប្រធានបទ​តូចៗ​ជា​ច្រើន​ទៀត​ សំដៅ​បំផុស​ឲ្យ​មានការ​ផ្លាស់​ប្តូ​រមតិ​ត្រង់​ទៅ​ត្រង់​មក​ពី​វិធី​ចាប់​យក​ឱកាសល្អៗ​នៃ​ការ​ប្រែក្លាយ​ផ្នែក​ឌី​ជី​ថ​ល​ ដើម្បី​ជួយ​គាំទ្រ​ដល់​កំណើន​រយៈពេល​វែង​ និង​មាគ៌ារ​អភិវឌ្ឍន៍​ និង​ការ​ផ្តល់​គំនិត​ពី​ការ​កសាង​គ្រឹះ​ដ៏​រឹង​មាំ​មួយ​សម្រាប់​យុទ្ធសាស្ត្រ​ផ្នែក​ឌី​ជី​ថ​ល​នៅ​កម្ពុជា​។​

​មុន​នឹង​ចាប់ផ្តើម​កម្មវិធី​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​ដោយ​មនុស្ស​យន្ត​ឈ្មោះ​ សូ​ភា​ (Sophia​ Robot)​ ដែល​និយាយ​ជា​ភាសារ​អង់គ្លេស​។​ មនុស្ស​យន្ត​ Sophia​ គឺ​ត្រូវ​បាន​នាំ​មក​ដោយ​ កម្មវិធី​អភិវឌ្ឍ​អង្គការសហប្រជាជាតិ​ (UNDP)​ដើម្បី​យក​មក​បង្ហាញ​អំពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ពិតជា​សប្បាយ​រីករាយ​ក្រៃ​លែង​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩​នេះ​។​ សម្តេច​តេ​ជោ​ បាន​ថ្លែងអំណរគុណ​ចំពោះ​កម្មវិធី​អភិវឌ្ឍ​អង្គការសហប្រជាជាតិ​ (UNDP)​ ដែល​បាន​នាំ​បញ្ញា​សិប្បនិមិត្ត​ កញ្ញា​ រ៉ូ​បូ​ សូ​ភា​ (Robot​ Sophia)​ មក​ចូលរួម​ក្នុង​សន្និសីទ​នេះ​ ដើម្បី​បង្ហាញ​អំពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​ តាម​រយៈ​ការ​ស្វាគមន៍​ដ៏​កក់ក្តៅ​ជាមួយនឹង​សារ​ដ៏​ច្បាស់លាស់​របស់​បញ្ញា​សិប្បនិមិត្ត​ (Robot​ Sophia)​ គឺជា​ការ​បង្ហាញ​ពី​ «​ការ​ប្រែក្លាយ​ផ្នែក​ឌី​ជី​ថ​ល​ឆ្ពោះទៅ​កាន់​ឧស្សាហកម្ម​ ៤.០»​ និង​ «​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​ជិត​ស្និទ្ធ​ក្នុង​ការ​ប្រែក្លាយ​ឌី​ជី​ថ​ល​នៅ​កម្ពុជា​»​ គឺជា​សក្ខីភាព​បញ្ជាក់​ច្បាស់​អំពី​វឌ្ឍនភាព​នៃ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ ដែល​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​សំខាន់ៗ​ដូច​ជា​៖

​ទី​១)​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ អាច​ជួយ​ជំរុញ​កំណើន​ និង​ប្រសិទ្ធភាព​។​ បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ រួម​មាន​ ទូរស័ព្ទ​វៃ​ឆ្ល​ត​ (smart​ phone)​ បច្ចេកវិទ្យា​ក្លោ​ដ​ (cloud​ computing)​ បច្ចេកវិទ្យា​ប្រើ​រូ​បូ​ (robotics)​ បច្ចេកវិទ្យា​ប្លុក​ឆេ​ន​ (block​ chain)​ និង​ អ៊ិ​ន​ធើ​ណិ​តនៃ​បរិក្ខារ​ (internet​ of​ things)​ ជាដើម​ ដែល​បាន​កំពុង​ផ្តល់​លទ្ធភាព​ខ្ពស់​ក្នុង​ការ​បង្កើន​កា​រត​ភ្ជាប់​រវាង​មនុស្ស​ និង​មនុស្ស​ បង្កើត​ឡើង​នូវ​ធុរកិច្ច​ថ្មីៗ​ ជាមួយនឹង​គំនិត​ថ្មីៗ​ សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ កាត់​បន្ថយ​របាំង​ចូល​ទីផ្សារ​ បង្កើត​ឱកាស​សម្រាប់​សកម្មភាព​ច្នៃប្រឌិត​ថ្មីៗ​ និង​បង្កើត​សកម្មភាព​សហគ្រិន​។​

​ទី​២)​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ អាច​ជួយ​រដ្ឋាភិបាល​បង្កើន​សមត្ថភាព​វិស័យ​សាធារណៈ​បាន​ល្អ​ប្រសើរ​ ជួយ​បង្កើន​គណនេយ្យ​ភាព​ និង​តម្លាភាព​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​នៅ​តាម​មូលដ្ឋាន​ ជួយ​ឲ្យ​អាជ្ញាធរ​នៅ​គ្រប់​កម្រិត​អាច​ផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​បាន​កាន់តែ​ច្រើន​ថែម​ទៀត​។​ ទន្ទឹម​នេះ​ បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ អាច​ជួយ​ពង្រឹង​កិច្ចសហការ​ ភាព​ជា​ដៃគូ​ និង​នវានុវត្តន៍​រវាង​ក្រសួង​ និង​ផ្ទៃក្នុង​ក្រសួង​ ព្រម​ទាំ​ស្ថាប័ន​ពាក់ព័ន្ធ​ទូ​ទាំង​ប្រទេស​។​

​ទន្ទឹម​នឹង​ផល​វិជ្ជមាន​នេះ​ បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ ក៏​បាន​ផ្តល់​នូវ​គុណវិបត្តិ​ផ្សេងៗ​ផង​ដែរ​ដូច​ជា​៖​
១)​ មនុស្ស​យន្ត​ (Robot)​ បាន​និង​កំពុង​ជំនួស​កម្លាំង​ពលកម្ម​មនុស្ស​ ដែល​នឹង​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ការងារ​។​
២)​ទាមទារ​កម្រិត​ជំនាញ​ខ្ពស់​ ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​ការ​រីក​ចម្រើន​បច្ចេកវិទ្យា​ និង​ព័ត៌មានវិទ្យា​។​
៣)​ វិសមភាព​នៃ​ការ​ទទួលផល​ប្រយោជន៍​ ដោយសារ​ភាព​មិន​ស្មើគ្នា​នៃ​ឱកាស​ទទួល​បាន​នូវ​ចំណេះដឹង​ និង​បច្ចេកវិទ្យា​។​
៤)​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ នឹង​បង្កើន​ភាព​ងាយ​រង​គ្រោះ​ ដែល​បណ្តាល​មក​ពី​ឧក្រិដ្ឋកម្ម​ ឬ​ បទល្មើស​ពាក់ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ និង​សុវត្ថិភាព​សង្គម​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសា​ន៍​ថា​ នៅ​ដើមឆ្នាំ​២០១៩​ កន្លង​ទៅ​នេះ​ សម្តេច​បាន​ផ្តល់​ការ​ណែនាំ​ដល់​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ឱ្យ​បង្កើត​ក្រុមការងារ​រៀបចំ​ក្រប​ខណ្ឌ​គោល​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ ក្នុង​គោលបំណង​ចាប់​យក​កាលានុវត្តភាព​ពី​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ដោយ​ផ្តោត​លើ​ទិដ្ឋភាព​ធំៗ​៣​គឺ​៖

១)​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​វិស័យ​ឌី​ជី​ថ​ល​ និង​ ការ​រៀបចំ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​អេ​ឡិច​ត្រូ​និក​ (e-payment)​ និង​ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ក​។​
២)​ ការ​បង្កើត​ថ្នាល​ឌី​ជី​ថ​ល​ (platform)​ និង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធុរកិច្ច​ឌី​ជី​ថ​ល​ (ecosystem)​ និង​
៣)​ការ​លើកកម្ពស់​ឌី​ជី​ថ​ល​លូ​ប​នី​យ​កម្ម​-​រដ្ឋាភិបាល​ សហគ្រិនភាព​ អក្ខរកម្ម​ឌី​ជី​ថ​ល​ និង​ទិន្នន័យ​បើកចំហរ​ (Open​ data)​។​

​ដើម្បី​ឱ្យ​បដិវត្ត​ឧស្សាហកម្ម​ទី​៤​ ដែល​ជា​ចរន្ត​នៃ​ការ​រីក​លូតលាស់​ផ្នែក​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ផ្តល់​នូវ​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​នោះ​។​ ទន្ទឹម​នឹង​នេះ​ដែរ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​ផ្តល់​នូវ​គំនិត​ផ្តួចផ្តើម​ និង​ការងារ​អាទិភាព​មួយ​ចំនួន​ដូច​ខាងក្រោម​៖

១)​ការ​រៀបចំ​ និង​ដាក់​ឱ្យ​អនុវត្ត​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ (Digital​ Government)​ មួយ​ឱ្យ​បាន​ពេញលេញ​ និង​គ្រប់​ជ្រុងជ្រោយ​៖​ នេះ​គឺជា​បុ​រេ​លក្ខខណ្ឌ​នៃ​ការ​កសាង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ ដែល​ម្ខាង​សំដៅ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​សេវា​សាធារណៈ​ប្រកបដោយ​គណនេយ្យ​ភាព​ និង​តម្លាភាព​ក្នុង​ការ​ផ្តល់​សេវា​នៅ​តាម​មូលដ្ឋាន​ និង​ម្ខាង​ទៀត​ដើរតួ​ជា​អ្នក​ជំរុញ​ (Enabler)​ តាម​រយៈ​ការ​រៀបចំ​ និង​ដាក់​ឱ្យ​អនុវត្ត​ឧបករណ៍​ឌី​ជី​ថ​ល​សំខាន់ៗ​ ដូច​ជា​អា​ស័​យ​ដ្ឋា​ន​ឌី​ជី​ថ​ល​ ហត្ថលេខា​ឌី​ជី​ថ​ល​ អត្តសញ្ញាណប័ណ្ណ​ឌី​ជី​ថ​ល​ ដើម្បី​បង្កើត​ឱកាស​ឱ្យ​វិស័យ​ឯកជន​ និង​សហគ្រិន​មាន​លទ្ធភាព​ច្នៃប្រឌិត​នូវ​ធុរកិច្ច​ថ្មីៗ​។​

២)​ការ​ជំរុញ​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រឹះ​៖​ ត្រូវ​បន្ត​ជំរុញ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា​ឆ្អឹងខ្នង​ ដូច​ជា​ខ្សែកាប​អុ​ប​ទិ​ក​,​ ខ្សែកាប​អុ​ប​ទិ​ក​បាតសមុទ្រ​,​ ការ​ចែកចាយ​,​ និង​កា​រត​ភ្ជាប់​ដល់​ផ្ទះ​ និង​ទីតាំង​ធុរកិច្ច​ និង​មជ្ឈមណ្ឌល​ ទិន្នន័យ​ ដើម្បី​ធ្វើ​ឱ្យ​ប្រព័ន្ធ​ Internet​ មាន​ល្បឿន​លឿន​ តម្លៃ​សមរម្យ​ និង​ទៅ​ដល់​គ្រប់​ទីកន្លែង​ទូ​ទាំង​ប្រទេស​។​

៣)​ដើម្បី​ទាញ​យក​អត្ថប្រយោជន៍​ពី​បដិវត្ត​ឧស្សាហកម្ម​ទី​៤​ ឱ្យ​បានជា​អតិបរមា​៖​ ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ គឺជា​កត្តាចាំបាច់​។​ ទន្ទឹម​នេះ​ រាជរដ្ឋាភិបាល​នឹង​បន្ត​លើកកម្ពស់​គុណភាព​នៃ​ការ​អប់រំ​ ជំរុញ​ការ​អប់រំ​ផ្នែ​ ស្តេ​ម​ (STEM)​ ជំរុញ​ការ​បណ្តុះបណ្តាល​ជំនាញ​ និង​ការ​សិក្សា​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​។​

៤)​ការ​កសាង​ និង​ដាក់​អនុវត្ត​នូវ​គោលនយោបាយ​បទ​ប្បញ្ញត្តិ​ច្បាប់​ និង​ស្តង់ដា​ពាក់ព័ន្ធ​៖​ សុវត្ថិភាព​ ឌី​ជី​ថ​ល​ គឺជា​កត្តាចាំបាច់​ក្នុង​ការ​កសាង​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​រយៈពេល​វែង​។​ កម្ពុជា​នឹង​រៀបចំ​ក្រប​ខណ្ឌ​គតិ​យុ​ត្ត​ និង​បទ​ប្បញ្ញត្តិ​សម្រាប់​ការ​គ្រប់គ្រង​សុវត្ថិភាព​ទិន្នន័យ​ (Data​ Security)​ និង​សិទ្ធិ​ឯកជន​នៃ​ទិន្នន័យ​ (Data​ Privacy)​ និង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ (Cyber​ Security)​ ការ​ការពារ​ និង​រក្សា​ទុក​ព័ត៌មាន​សម្ងាត់​ ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ និង​បទ​ប្បញ្ញត្តិ​ផ្សេង​ទៀត​ ដើម្បី​ការពារ​អ្នក​ប្រើប្រាស់​។​

៥)​ការ​លើកកម្ពស់​ការ​រៀបចំ​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី​ (Ecology)៖​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ធុរកិច្ច​ថ្មីៗ​ក្នុង​វិស័យ​ឌី​ជី​ថ​ល​ ដែល​ជា​ចំណុច​ចាប់ផ្តើម​ក្នុង​ការ​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​តាម​រយៈ​ការ​រៀបចំ​គោលនយោបាយ​គ្រប់​ជ្រុងជ្រោយ​មួយ​ជា​កញ្ចប់​ដោយ​គិតគូ​ពី​បច្ចេកវិទ្យា​ ធនធាន​ហិរញ្ញវត្ថុ​ ការ​លើកទឹកចិត្ត​ ការ​បណ្តុះបណ្តាល​។​ល​។​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ធុរកិច្ច​ថ្មីៗ​ក្នុង​វិស័យ​ឌី​ជី​ថ​ល​ តាម​រយៈ​ការ​បង្កើត​មូលនិធិ​សហគ្រិនភាព​ ដែល​មាន​ថវិកា​ចំនួន​៥​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ដែល​នឹង​អាច​ជួយ​ជា​ធនធាន​ហិរញ្ញវត្ថុ​ និង​ការ​ប្រឹក្សា​យោបល់​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ជា​ពិសេស​ក្រុមហ៊ុន​តូចៗ​ ដែល​ទើប​បង្កើត​ឡើង​ ។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​សង្ឃឹមថា​ សន្និសីទ​នេះ​នឹង​ពិភាក្សា​យ៉ាង​ផុសផុល​អំពី​កាលានុវត្តភាព​ បញ្ហា​ប្រឈម​នានា​ និង​វិធីសាស្ត្រ​សម្រាប់​ការ​ដោះស្រាយ​រួម​គ្នា​ ដែល​កើត​ចេញពី​បដិវត្ត​ឧស្សាហកម្ម​ទី​៤​ ក្នុង​ស្មារតី​រួមចំណែក​ជំរុញ​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​។​

​មុន​នឹង​បញ្ចប់​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ជូនពរ​អោយ​អង្គ​សន្និសីទ​ទាំងមូល​ សម្រេច​បាន​ផ្លែផ្កា​ និង​ជោគជ័យ​គ្រប់​ភារកិច្ច​ជា​បន្តបន្ទាប់​ ជាមួយនឹង​ការ​ប្រកាស​បើក​ជា​ផ្លូវការ​នូវ​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩​នេះ​៕​

ចំនួនអ្នកទស្សនា

    20586187

  • ថ្ងៃនេះ10201
  • ម្សិលមិញ6261
  • សប្តាហ៍នេះ28581
  • ខែនេះ143731
  • ឆ្នាំនេះ143731
  • សរុប20586187