ភ្នំពេញ៖ មហាជនដែលលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានលើកឡើងថា តើលោកផែង វណ្ណៈ បានទទួលផលប្រយោជន៍អ្វី ពីឈ្មោះ យិន ង្គិច ម្ចាស់រថយន្តបង្កម៉ាកRang Rover ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 ដែលបុកនិស្សិតស្រីម្នាក់ស្លាប់យ៉ាងអនោចអធ័ម កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
ប្រភពដដែលបានលើកឡើងថា តើលោកផែង វណ្ណៈ ជាអ្នកស្គាល់គ្នានឹងឈ្មោះ យិន ង្គិច ឬមានអ្វីនៅពីក្រោយខ្នងនៃរឿងខាងលើ? ហេតុអ្វីសាច់ញាតិ ឬអ្នកផ្សេងមិនអោយយកលុយទៅចូលបុណ្យសពនិស្សិតខាងលើ?។
នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ លោកយិន ង្គិច ម្ចាស់រថយន្តបង្កម៉ាកRang Rover ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បានផ្តល់ថវិកាប្រមាណ ៥ពាន់ដុល្លារ តាមរយៈលោក ផែង វណ្ណៈ ដើម្បីចូលបុណ្យសពកញ្ញា ឌុំ រីដា នៅគេហដ្ឋានរបស់សពក្នុងភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បើទោះបីជាទទួលបានថវិកាចូលបុណ្យសពពីគ្រួសារបស់ជនបង្កយ៉ាងណាក្តី តែក្រុមគ្រួសារសពនៅតែបន្តទទូចចង់ឃើញជនបង្ក ក៏ដូចជាគ្រួសារទៅអុជធូប ដើម្បីជាការខមាទោសដល់សពកូនស្រីរបស់ពួកគាត់ផងដែរ។
ក្រុមគ្រួសារសពក៏បានសម្តែងនូវអារម្មណ៍សោកស្តាយផងដែរ ចំពោះកាយវិការរបស់គ្រួសារ និងជនបង្ក ដែលបានសាងក្តីសង្វេគជាពន់ពេកសម្រាប់ក្រុមគ្រួសាររបស់គាត់ហើយ តែត្រឹមការអុជធូបនៅចំពោះមុខសពមិនអាចធ្វើបាន។
សូមបញ្ជាក់ថា មរណភាពរបស់កញ្ញា ឌុំ រីដា ដែលជានិស្សិតអាហារូបករណ៍ឆ្នាំទី៤ នៅសាកលវិទ្យាល័យ «ផារ៉ាហ្គន» អតីតសាកលវិទ្យាល័យ «ហ្សាម៉ាន់» កំពុងនាំមកនូវក្តីក្តុកក្តួលរំជួលចិត្តជាពន់ពេកសម្រាប់ក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ និងគ្រូនៅសាកលវិទ្យាល័យ។
ទង្វើរបស់គ្រួសារជនបង្កដែលប្រើឲ្យលោក ផែង វណ្ណៈ យកលុយទៅចូលបុណ្យជំនួសនេះ ត្រូវបានប្រជាពលរដ្ឋ និងសាធារណៈមតិមើលឃើញថា ជាកាយវិការមួយមិនសមរម្យនោះឡើយ។ ជាពិសេសវាជាកាយវិកាមិនផ្តល់តម្លៃដល់សព ហើយពួកគេបាននិងកំពុងយកតម្លៃលុយធំជាងតម្លៃជីវិតរបស់មនុស្សហើយ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មានរថយន្ត Rang Rover ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 មួយគ្រឿង បានបើកលឿន ហើយទៅបុកនារីរងគ្រោះជានិស្សិតនៅសាលា«ផារ៉ាហ្គន» ខណៈនាងកំពុងបើកម៉ូតូ បណ្តាលឲ្យទាំងម៉ូតូនិងមនុស្សប៉ើងដូចសំឡី ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ករណីនេះ ត្រូវគេបានទម្លាយតាមរយៈវីដេអូសុវត្ថិភាពមួយនៅក្បែរកន្លែងកើតហេតុ ដែលមើលទៅកើតឡើងយ៉ាងរន្ធត់ នាំឲ្យម្នាក់ៗប្រកាសថ្កោលទោស ខ្លាំងៗ និងសុំឲ្យសមត្ថកិច្ចតាមចាប់ជនបង្កឲ្យបាន។
នារីរងគ្រោះមានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលត្រូវឪពុកម្តាយរបស់នាងបានប្រាប់ថា ជាសិស្សពូកែទូទាំងប្រទេស ម្នាក់ខាងអក្សរសាស្ត្រខ្មែរ រហូតទទួលបានអាហារូបករណ៍នៅសាលា «ផារ៉ាហ្គន» តែម្តង។ សម្រាប់អ្នកបើករថយន្តបង្កវិញ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចចរាចរណ៍ រាជធានីភ្នំពេញ បាននិងកំពុង ជ្រាវយ៉ាងយកចិត្តទុកដាក់ តាមចាប់ខ្លួនផងដែរ បើទោះបីម្ចាស់រថយន្តមានឈ្មោះ យិន ង្គិច បានចេញមុខមកប្រកាសទទួលខុសត្រូវទាំងស្រុង ចំពោះមុខសមត្ថកិច្ច និងគ្រួសារជនរងគ្រោះក៏ដោយនោះ។
ដោយឡែក រថយន្តបង្កខាងលើនេះ ត្រូវបានសមត្ថកិច្ចប្រទះឃើញនៅតាមបណ្តោយផ្លូវសឡា (៣៧១) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នាកណ្តាលរាត្រីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ហើយក៏ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយបន្តទៀត និងតាមស្វែងរកអ្នកបើកមកទទួលទោសតាមច្បាប់ ៕