សៀមរាប៖ នាវេលាម៉ោងប្រហែល២០នឹង៣០នាទីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុច សណ្ឋាគាររ៉ូយ៉ាល់អង្គររីសត ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប មានជនបរទេសម្នាក់បានលង់ទឹកអាងក្នុងសណ្ឋាគារស្លាប់។
លោកវរសេនីយ៍ឯក ផេង ពេជ្រ នាយការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្របានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ FENG YUZHEN ភេទស្រី កើតថ្ងៃទី០២ វិច្ឆិកា ១៩៤៤ ជាជនជាតិចិនកាន់លិខិតឆ្លងដែនលេខE៥៦៩១៤៣៥៦ជាភ្ញៀវទេសចរណ៍ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ មីនា ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាបតាមរយៈក្រុមហ៊ុនទេសចរណ៍ឆាង យ៉ុង ស្នាក់នៅបន្ទប់លេខ៥០៣សណ្ឋាគារខាងលើ។
ផ្អែកតាមការស្រាវជ្រាវត្រួតពិនិត្យរបស់កម្លាំងសមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិតអ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការខេត្តបានឲ្យដឹងថាលើខ្លួនសាសពគ្រូពេទ្យកោសល្យវិច្ច័យបានពិនិត្យជនរងគ្រោះសពមានសភាពពោះប៉ោង តឹងមាត់ច្រមុះត្រចៀក មានទឹក ចុងម្រាមឡើងស្វាយ នោះអាចវាយតំលៃបានថាសពស្លាប់ដោយសារ ស្ទះផ្លូវដង្ហើម ដោយដកដង្ហើមទឹកចូលសួតច្រើនលើសកំរិតនិងពុំមានការជួយសង្ក្រោះទាន់ពេលវេលា។
ក្នុង ករណីនេះពុំមានពាក់ព័ន្ធទៅនិងបទល្មើសព្រហ្មទណ្ឌទេជនរងគ្រោះស្លាប់ដោយលង់ទឹកដោយខ្លួនឯងពិតប្រដកមែន។ សាកសពត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅសាលតម្កល់សពស្ទឹងមានជ័យរាជធានីភ្នំពេញរងចាំការសំរេចពីក្រុមគ្រួសារនិងស្ថានទូត ៕