ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៩និង៣០នាទី នៅចំណុចមុខវត្តសំបួរមាស ផ្លូវ២១៧ ស្ថិតនៅម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌបានឱ្យដឹងថាជនសង្ស័យឈ្មោះ ម៉ម សុខនា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅឃ្លាំងដាក់ឥវ៉ាន់ ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ក្រាមពណ៌សថ្លាចំនួន០៧កញ្ចប់ថង់និងម៉ូតូ០១គ្រឿង។
លោកអធិការបន្តថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៩និង៣០នាទី កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌដង្កោដឹកនាំដោយលោក តិមា សោភា អភិបាលរង នៃគណៈអភិបាលខណ្ឌដង្កោ, លោកវរសេនីយ៍ត្រី ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ និងលោកវរសេនីយ៍ត្រី ជា ផល្លា មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌដង្កោ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រង់ចំណុចខាងមុខវត្តសំបួរមាស ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លុះដល់វេលាម៉ោង១៩និង៣០នាទី ថ្ងៃខែឆ្នាំដដែល ក៏មានជនសង្ស័យចំនួន០១នាក់ ឈ្មោះ ម៉ម សុខនា ភេទប្រុស អាយុ៣៥ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ រ-6907 លេខតួ និងលេខម៉ាស៊ីនមើលមិនឃើញ (ម៉ូតូចាស់) ទិសដៅពីជើងទៅត្បូង ឆ្លងកាត់គោលដៅខាងលើ ដោយមានការសង្ស័យ សមត្ថកិច្ចយើងក៏បានហៅអោយឈប់ម៉ូតូ តែជនសង្ស័យខាងលើមិនព្រមឈប់ម៉ូតូ រួចបានរត់គេចពីសមត្ថកិច្ច ហើយសមត្ថកិច្ចបានដេញតាមពីក្រោយប្រហែល១០០ម៉ែត្រ ទើបចាប់ជនសង្ស័យខាងលើបានត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៌ថ្លាចំនួន០៧កញ្ចប់ថង់នៅក្នុងហោប៉ៅខោមុខខាងស្ដាំរបស់ជនសង្ស័យខាងលើ ទើបសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យនេះ រួមនិងវត្ថុតាង យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ៕