កំពង់ចាម៖ ប្រជាពលរដ្ឋចំនួន៧គ្រួសារ បានត្រឹមឈរសម្រកទឹកភ្នែក ទាំងសោកស្តាយទ្រព្យសម្បត្តិដែលខំប្រឹងប្រែងរករាល់ថ្ងៃ ពេលឃើញអគ្គិភ័យកំពុងលេបត្របាក់ផ្ទះរបស់ពួកគាត់ យ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍អគ្គិភ័យខាងលើបានកើតឡើងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៧និង២០នាទី នៅភូមិទួលរការ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
យោងតាមរបាយការណ៍របស់នគរបាលខេត្តកំពង់ចាមបានឱ្យដឹងថាគ្រួសារទាំង៧គ្រួសារ ដែលរងគ្រោះអគ្គិភ័យរួមមានទី១-ឈ្មោះ សេង ផូ ផ្ទះមានទំហំ៧ម៉ែត្រ×១២ម៉ែត្រ ធ្វើអំពីឈើប្រក់គ្បឿង, ទី២-ឈ្មោះ អំ យ៉ាត ផ្ទះមានទំហំ៧ម៉ែត្រ×១២ម៉ែត្រ ធ្វើអំពីឈើប្រក់គ្បឿង, ទី៣-ឈ្មោះ គ្រុយ សៅ ផ្ទះមានទំហំ៦ម៉ែត្រ×៩ម៉ែត្រ ធ្វើអំពីឈើប្រក់គ្បឿង, ទី៤-ឈ្មោះ សយ ផល ផ្ទះមានទំហំ៦,៥០ម៉ែត្រ×៩ម៉ែត្រ ធ្វើអំពីឈើប្រក់គ្បឿង, ទី៥-ឈ្មោះ ស៊ីម ណាក់ ផ្ទះមានទំហំ៦,៥០ម៉ែត្រ×៩ម៉ែត្រ ធ្វើអំពីឈើប្រក់ដែក, ទី៦-ឈ្មោះ ដា ភាព ផ្ទះមានទំហំ៧ម៉ែត្រ×១៣ម៉ែត្រ ធ្វើអំពីឈើប្រក់គ្បឿង និងទី៧-ឈ្មោះ យីម យ៉ុន ផ្ទះមានទំហំ៥ម៉ែត្រ×៧ម៉ែត្រ ធ្វើអំពីឈើប្រក់ដែក។
ប្រភពដដែលបន្តថា ផ្ទះចំនួន ០៧ខ្នង ត្រូវឆេះខូចខាតទាំងស្រុង រីឯសម្ភារ:ខូចខាតបាត់បង់ក្តាប់មិនទាន់បាន។ មូលហេតុបណ្តាលមកពីដាំបាយហើយផ្ទុះចង្ក្រានហ្គាស់ចេញពីផ្ទះឈ្មោះសយ ផល។
ក្នុងករណីអគ្គីភ័យនេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៤គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន០១គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់០១គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន ឡុង ស្រេង បឹងកេត ចំនួន០១គ្រឿង ក្នុងប្រតិបត្តិការពន្លត់នេះ ប្រើប្រាស់ទឹកអស់ចំនួន២០រថយន្ត និងសាប៊ូអស់៣០គីឡូក្រាម ទើបរលត់ ៕