លោក​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​៖​ សមត្ថកិច្ច​ទុក​រយៈពេល​៣​ថ្ងៃ​ ដើម្បី​ឱ្យ​ជន​បង្ក​ចូលខ្លួន​មក​ទទួលទោស​ ករណី​រថយន្ត​ Rang​ Rover​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AF-7777​ បុក​និស្សិត​ឆ្នាំ​៤​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​

28-March-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ លោក​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ថា​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៩​នេះ​ថា​ ថា​បន្ទាប់​ពី​លោក​ យិ​ន​ ង្គិ​ត​ ចូលខ្លួន​មក​សារភាព​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ រាជធានី​ភ្នំពេញ​រួច​មក​ សមត្ថកិច្ច​ទុក​រយៈពេល​៣​ថ្ងៃ​ ដើម្បី​ឱ្យ​ជន​បង្ក​ចូលខ្លួន​មក​ទទួលទោស​ បើ​មិន​ចូល​មក​ទទួលទោស​នោះ​ទេ​ សមត្ថកិច្ច​ជំនាញ​នឹង​ចាត់ការ​តាម​នីតិវិធី​។​

​យោង​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ជន​បង្ក​ឈ្មោះ​យិ​ន​ ម៉ា​ណា​ អាយុ​ប្រហែល​១៧​ឆ្នាំ​ ជា​កូនស្រី​របស់​លោក​ យិ​ន​ ង្គិ​ច​ ជា​ថៅកែ​សណ្ឋាគារ​"​ប្រេ​ម​អិ​ច​ប្រេស​អង្គរ​"​ នៅ​ខេត្តសៀមរាប​ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ទៀត​ផង​។​

​លោក​យិ​ន​ ង្គិ​ច​ ដែល​បាន​ចូល​ទៅ​បំភ្លឺ​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កាលពី​ម្សិលមិញ​ បាន​សារភាព​ថា​ អ្នក​បើករថយន្ត​នោះ​ជា​កូនស្រី​របស់​ខ្លួន​ពិតប្រាកដ​មែន​ ហើយ​លោក​ក៏​បាន​យល់ព្រម​ផ្តិត​ម​ដៃ​នៅ​លើ​កិច្ចសន្យា​ផង​ដែរ​។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ មុន​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នេះ​ នារី​បង្ក​រួម​ជាមួយ​មិត្តភក្តិ​ជំទង់ៗ​ដូច​គ្នា​ចំនួន​៤​នាក់​ (​ប្រុស​៣​នាក់​)​ បាន​បើករថយន្ត​ Range​ Rover​ បាន​ចូល​ទៅ​ហាង​បុក​ល្ហុ​កមួយ​កន្លែង​នៅ​ក្បែរ​នោះ​។​ ក្រោយ​ពី​ហូប​អី​នៅ​ក្នុង​ហាង​រួច​ហើយ​ នារី​បង្ក​បាន​ឡើង​បើករថយន្ត​វិញ​ អម​ដោយ​អ្នក​ជិះ​ជាមួយ​គឺជា​មិត្តភក្តិ​ចំនួន​២​នាក់​ (​ស្រី​ម្នាក់​ និង​ប្រុស​ម្នាក់​)​ រួច​បើក​យ៉ាង​លឿន​ចេញ​ ទៅ​រហូត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​តែ​ម្តង​។​

​មន្ត្រី​នគរបាល​ជាន់ខ្ពស់​រូប​នេះ​ បាន​បន្ត​ទៀត​ថា​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ លោក​ យិ​ន​ ហ្គិ​ច​ បាន​សន្យា​ថា​នឹង​នាំ​ខ្លួន​កូនស្រី​មក​ប្រគល់​ជូន​សមត្ថកិច្ច​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​សូម​បញ្ជាក់​ថា​ កាលពី​រសៀល​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១៧​ កែង​នឹង​ផ្លូវ​លេខ​៥២៨​ ក្នុង​សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក​ មាន​រថយន្ត​ Rang​ Rover​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AF-7777​ មួយ​គ្រឿង​ បាន​បើក​លឿន​ ហើយ​ទៅ​បុក​នារី​រង​គ្រោះជា​និស្សិត​នៅ​សាលា​«​ផា​រ៉ា​ហ្គ​ន​»​ ខណៈ​នាង​កំពុង​បើក​ម៉ូតូ​ បណ្តាល​ឲ្យ​ទាំង​ម៉ូតូ​និង​មនុស្ស​ប៉ើង​ដូច​សំឡី​ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។​ ករណី​នេះ​ ត្រូវ​គេ​បាន​ទម្លាយ​តាម​រយៈ​វី​ដេ​អូ​សុវត្ថិភាព​មួយ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ ដែល​មើលទៅ​កើតឡើង​យ៉ាង​រន្ធត់​ នាំ​ឲ្យ​ម្នាក់ៗ​ប្រកាស​ថ្កោលទោស​ ខ្លាំងៗ​ និង​សុំ​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ជន​បង្ក​ឲ្យ​បាន​។​

​នារី​រង​គ្រោះ​មានឈ្មោះ​ ឌុំ​ រី​ដា​ អាយុ​២២​ឆ្នាំ​ ស្រុក​កំណើត​ភូមិ​កំពង់​ដំរី​ ឃុំ​ព្រែក​តា​មា​ក់​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​ ដែល​ត្រូវ​ឪពុក​ម្តាយ​របស់​នាង​បាន​ប្រាប់​ថា​ ជា​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស​ ម្នាក់​ខាង​អក្សរសាស្ត្រ​ខ្មែរ​ រហូត​ទទួល​បាន​អាហារូបករណ៍​នៅ​សាលា​ «​ផា​រ៉ា​ហ្គ​ន​»​ តែ​ម្តង​។​ សម្រាប់​អ្នក​បើករថយន្ត​បង្ក​វិញ​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១៩​នេះ​ កម្លាំង​សមត្ថកិច្ច​ចរាចរណ៍​ រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​ ជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ តាម​ចាប់ខ្លួន​ផង​ដែរ​ បើ​ទោះបី​ម្ចាស់​រថយន្ត​មានឈ្មោះ​ យិ​ន​ ង្គិ​ច​ បាន​ចេញ​មុខ​មក​ប្រកាស​ទទួលខុសត្រូវ​ទាំងស្រុង​ ចំពោះ​មុខ​សមត្ថកិច្ច​ និង​គ្រួសារ​ជន​រង​គ្រោះ​ក៏​ដោយ​នោះ​។​

​ដោយឡែក​ រថយន្ត​បង្ក​ខាងលើ​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ប្រទះ​ឃើញ​នៅ​តាម​បណ្តោយ​ផ្លូវ​សឡា​ (៣៧១)​ សង្កាត់​ស្ទឹង​មាន​ជ័យ​៣​ ខណ្ឌមានជ័យ​ នា​កណ្តាលរាត្រី​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៩​ ហើយ​ក៏​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​បន្ត​ទៀត​ និង​តាម​ស្វែងរក​អ្នក​បើក​មក​ទទួលទោស​តាម​ច្បាប់​ ៕

ចំនួនអ្នកទស្សនា

    20587197

  • ថ្ងៃនេះ11211
  • ម្សិលមិញ6261
  • សប្តាហ៍នេះ29591
  • ខែនេះ144741
  • ឆ្នាំនេះ144741
  • សរុប20587197