កំពង់ស្ពឺ៖ សិប្បកម្មផលិតស្ករត្នោតមួយកន្លែង ស្ថិតនៅជាប់ផ្លូវជាតិលេខ៤ ភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានលោកឧត្ដមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរង ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដ ដឹកនាំកម្លាំងនគរបាលសហការជាមួយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ជំនាញសាខាកាំកុងត្រូល ជំនាញមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ដ សម្របសម្រួលដោយលោក ខៃ សម្ជស្ស ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្ត បានត្រួតពនិត្យកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។
មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ទីតាំងខាងលើនេះក្រោយការស្រាវជ្រាវ របស់ជំនាញបានដាក់ជាមុខសញ្ញាគោលដៅដោយសារតែមានព័ត៌មានមកថាជាទីតាំងផលិតស្ករខុសលក្ខណៈប ច្ចេកទេស ដោយម្ចាស់ទីតាំងខាងលើយក"ស្ករស មកផលិតទៅជាស្ករត្នោតនាំចេញទៅទីផ្សារក្នុងស្រុកនិងក្រៅប្រទេស បន្លំភ្នែកដោយប្រើសារធាតុគីមីលាយបញ្ចូលដើម្បីផលិតទៅជាស្ករត្នោត។ ទីតាំងសិប្បកម្មខាងលើត្រូវបានមន្ទីរជំនាញខេត្ដកំពង់ស្ពឺ ណែនាំនិងដកហូតអាជ្ញាប័ណ្ណជាបណ្ដោះអាសន្នបើមិនកែប្រែរូបមន្ដនៃការផលិតស្ករត្នោតខុសបច្ចេកទេស និងបន្លំយថាប្រភេទ ប្រភពដើមនៃទំនិញនោះទេ បទល្មើសមានកំណត់ក្នុងច្បាប់។
ជាក់ស្ដែងទីតាំងសិប្បកម្មផលិតស្ករត្នោត មានម្ចាស់ឈ្មោះ រាជ រ៉ាឌី ភេទស្រី អាយុ៥៧ឆ្នាំ រកឃើញ៖
-ស្ករសរ ១១០បាវ ស្មើ ៥៥០០kg,-ស្ករសរ(ក្រហម) ៥១៣បាវ ស្មើ ២៥៦៥០kg,-ស្ករត្នោតសម្រេច ៦៦បាវ ស្មើ ៦៦០០ kg,-ស្ករត្នោតដាក់ក្នុងធុងកាត់ចំនួន ១៥៤ ធុងកាត់ ស្មើ ២០០២០ kg,-សំបកធុងកាត់ទទេចំនួន ៤២៤ ធុង,-សំបកធុងស្ពេត្រូចំនួន ៣៥០ ធុង,-ស្ករត្នោតច្រកក្នុងធុងស្ពេត្រូចំនួន ១៦ ធុង ស្មើ ៧៥២ kg និងចាប់យកសំណាកចំនួន៩គំរូ ប្រគល់ជូនជំនាញកាំកុងត្រូល ដើម្បីយកទៅធ្វើតេស្ត ជំនាញបានណែនាំដល់ម្ចាស់អាជីវកម្មឱ្យផ្អាកសកម្មភាពផលិតជាបណ្តោះអាសន្ន រង់ចាំលទ្ធផលតេស្ត និងការសម្រេចពីថ្នាក់លើ ៕