ភ្នំពេញ៖ នៅព្រឹកនេះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅធនាគារជាតិនៃកម្ពុជា មានការចុះអនុស្សារណយោគយល់ស្តីពីការផ្លាស់ប្តូព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មរវាងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិ និងជាក្រុមប្រឹក្សាភិបាលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។
គោលបំណងសំខាន់នៃការចុះអនុស្សារណយោគយល់ស្តីពីការផ្លាស់ប្តូព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម នាពេលនេះគឺដើម្បីពង្រឹង ពង្រីកកិច្ចសហការឲ្យកាន់តែជិតស្និតបន្ថែមទៀត រួមគ្នាស្វែងរកទប់ស្កាត់ និងលុបបំបាត់សកម្មភាពសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មព្រមទាំងចូលរួមពង្រឹងប្រពន្ធ័ប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មរបស់ពិភពលោកផងដែរ។
អនុស្សារណយោគយល់នេះចុះហត្ថលេខាដោយឯកឧត្តមនាយឧត្តមសេនីយ៍មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងឯកឧត្តម ង៉ែត សុវណ្ណរិទ្ធ អគ្គលេខាធិការ រងនៃអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។
សូមបញ្ជាក់ថាគិតត្រឹមខែមីនា ឆ្នាំ២០១៩នេះ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាបានចុះអនុស្សារណយោគយល់ជាមួយស្ថាប័នក្នុងស្រុកបានចំនួន១៤ និងអន្តរជាតិបានចំនួន២២ ៕