ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបឯកឧត្តម ឈិន ហាវ លេខាបក្សកុម្មុយនីស្តខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឈិន ហាវ នៅកម្ពុជា និងសង្ឃឹមថាទស្សនកិច្ចនេះ នឹងរួមចំណែកពង្រឹងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងចិន។
ឯកឧត្តម ឈិន ហាវ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានទទួលជួប និងបានបញ្ជាក់ថា គោលដៅនៃទស្សនកិច្ចនេះគឺផ្តោតសំខាន់លើការជំរុញទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការប្រាស័យទាក់ទងរវាងប្រជាជន និងប្រជាជន នៃខេត្តយូណាន និងកម្ពុជា សំដៅរួមចំណែកធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរវាងចិន និងកម្ពុជា កាន់តែមានភាពស៊ីជម្រៅ និងរីកចម្រើនថែមទៀត ស្របតាមបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។
ឯកឧត្តម ឈិន ហាវ ក៏បានជំរាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីវឌ្ឍនភាព និងសក្តានុពលសេដ្ឋកិច្ចដ៏ធំធេងរបស់ខេត្តយូណាន ដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់លំដាប់ទី៣ នៅប្រទេសចិន គឺរហូតដល់ ៨,៩% ក្នុងឆ្នាំ២០១៨ ហើយកំពុងតែឈានទៅសម្រេចគោលដៅលុបបំបាត់ភាពក្រីក្រនៅក្នុងខេត្តឲ្យបានទាំងស្រុងនៅឆ្នាំ២០២០។
ឯកឧត្តមក៏បានលើកផងដែរអំពីការ បណ្តាក់ទុនលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនខេត្តយូណាន ដែលមានចំនួនប្រមាណ២៥ នៅក្នុងប្រទេសកម្ពុជា ការបន្តបង្កើនចំនួនអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា និងកិច្ចសហប្រតិបតិ្តការផ្នែកសុខាភិបាល ព្រមទាំងគម្រោងបញ្ជូនគ្រូពេទ្យមកព្យាបាលជម្ងឺភ្នែកជូនប្រជាជនកម្ពុជានៅខេត្តសៀមរាប និងខេត្តជិតខាង ក្នុងពេលឆាប់់ៗ ខាងមុខ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំដែងនូវការអបអរសាទរចំពោះសមិទ្ធិផលនានា ដែលខេត្តយូណានសម្រេចបាន និងបានសម្តែងជំនឿជឿជាក់ថា ការរីកចំរើនរបស់ប្រទេសចិនជារួម និងដោយឡែកក្នុងខេត្ត យូណាន នឹងជះឥទ្ធិពលជាវិជ្ជមានដល់ការរីកចំរើន និងវិបុលភាពដល់ប្រទេសកម្ពុជា ក៏ដូចជាប្រទេសឯទៀតនៅក្នុងតំបន់។
បន្ទាប់ពីការផ្លាស់ប្តូរយោបល់ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តម ឈិន ហាវ បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាសី្តពីការបង្កើតក្រុមការងារសហប្រតិបត្តិការ រវាងអគ្គនាយកដ្ឋានអាស៊ី- ប៉ាស៊ីហ្វិកនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងមន្ទីរការបរទេសខេត្តយូណាន ដើម្បីរួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងចិន ដូចជា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ វប្បធម៌ និងការអប់រំ ក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងកិច្ចសហប្រតិបត្តិមេគង្គ-ឡាងឆាង៕