ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩នេះ បានបើកសម័យប្រជុំលើកទី២ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ នៅក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនសម័យប្រជុំរដ្ឋសភា ផងដែរ។
នៅក្នុងព្រះរាជសារផ្ញើជូនរដ្ឋសភា ព្រះករុណាព្រះមហាក្សត្រ បានកោតសរសើរចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកសមាជិការដ្ឋសភាទាំងអស់ ដែលបានបំពេញការងារអស់ពីកម្លាំងកាយចិត្ត ពុំគិតពីការនឿយហត់ ខិតខំយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋ និងបានដោះស្រាយនូវរាល់បញ្ហាប្រឈមនានា បានដោយជោគជ័យតាមលំដាប់លំដោយ។
ព្រះរាជសារ បានបន្តថា ការខិតខំប្រឹងប្រែងរបស់សម្តេច ឯកឧត្តម លោកជំទាវ សមាជិកសមាជិកានៃរដ្ឋសភាគ្រប់រូប គឺជាសកម្មភាពបម្រើប្រជាពលរដ្ឋ ដែលជាភារកិច្ចរបស់រដ្ឋសភានោះ រួមមាន ការអញ្ជើញយ៉ាងសកម្មចុះសួរសុខទុក្ខជួយដោះស្រាយបញ្ហាប្រជារាស្ត្រជាម្ចាស់ឆ្នោត នៅតាមមូលដ្ឋាន ព្រមទាំងទទួលយកនូវរាល់បញ្ហាកង្វល់ និងបញ្ហាប្រឈមនានា មកជម្រាបជូនរាជរដ្ឋាភិបាល ដើម្បីរិះរកវិធានការដោះស្រាយជាបន្ទាន់នូវបញ្ហាទាំងឡាយនោះ។
នៅក្នុងព្រះរាជសារផ្ញើជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦នេះ ព្រះមហាក្សត្រ ក៏បានកោតសរសើរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានគុណបំណាច់ដ៏ថ្លៃថ្លាក្នុងការបម្រើប្រទេសជាតិ។ ព្រះមហាក្សត្រ បានគូសបញ្ជាក់ថា វីរភាពដ៏ឧត្តុង្គឧត្តម និងជាមគ្គុទេសក៏ដ៏ឆ្នើមដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងសក្តានុពលរបស់សម្តេចនាយក បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យជាលំដាប់រហូតមកទល់ពេលនេះ។
ព្រះមហាក្សត្រ ទ្រង់បានគូសបញ្ជាក់ថា រយៈពេលកន្លងមកនេះ រដ្ឋសភាបានយកចិត្តទុកដាក់ សហការជាមួយរាជរដ្ឋាភិបាល ធានាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព សម្រាប់ការរស់នៅដោយសុខក្សេមក្សាន្ត របស់ប្រជាពលរដ្ឋគ្រប់ទិសទី ក្នុងផ្ទៃប្រទេស និងប្រឹងប្រែងបន្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមគ្រប់វិស័យដោយផ្តោតជាអាទិភាព ទៅលើការកែទម្រង់អភិបាលកិច្ចល្អ ការកសាង សមត្ថភាព អភិវឌ្ឍធនធានមនុស្ស និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញលើកកម្ពស់ និងកែលម្អជីវភាពប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង និងពង្រឹងប្រព័ន្ធគាំពារសង្គម សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ពិសេសអ្នកក្រីក្រ និងជនងាយរងគ្រោះ។
នៅក្នុងព្រះរាជសារ ផ្ញើជូនរដ្ឋសភា នាឱកាសនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានគូសបញ្ជាក់ថា “ខ្ញុំមានសេចក្តីសង្ឃឹមថា រដ្ឋសភាដ៏ឧត្តុង្គឧត្តម ជាតំណាងរបស់ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា នឹងបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមចំពោះមុខបន្តទៀត សំដៅធានាបាននូវសង្គមជាតិកម្ពុជា ប្រកបដោយភាពសុខដុមរមនា មានសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍទៅតាមទិសដៅរួមជាជំហានៗ”។
សូមជម្រាបថា នៅក្នុងសម័យប្រជុំរដ្ឋសភាថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ដែលជាឱកាសបើកបវេសនកាលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦នេះ មានរបៀបវារៈចំនួន៤ មាន៖
១- ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦។
២-របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ នីតិកាលទី៦។
៣-ការបោះឆ្នោតជ្រើសតាំង លោកជំទាវ លី វួចឡេង ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ ឆ្នាំ(២០១៩-២០២៨)។
៤-ការបោះឆ្នោតជ្រើសតាំង៖ ឯកឧត្តម ប្រាជ្ញ ច័ន្ទ ជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួល ពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងឯកឧត្តម ច័ន្ទ សុផល ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ។
សម័យប្រជុំរដ្ឋសភាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានពិភាក្សានិងអនុម័ត លើរបៀបវារៈ ជាលំដាប់លំដោយ ៕