ឧត្តមសេនីយ៍ឯក​ ប្រាក់​ សិទ្ធិ​ អញ្ជើញ​បើក​ការ​ប្រកួត​កីឡាបាល់ទះ​មិត្តភាព​ កម្ពុជា​-​វៀតណាម​

01-April-2019 | ដោយ ពលមនសិការ

ស្វាយ​រៀង​៖​ ព្រឹក​ចន្ទ​ ទី​០១​ ខែមេសា​ ឆ្នាំ​២០១៩​ លោក​ ឧត្តម​ស​នី​យ៍​ឯក​ ប្រាក់​ សិទ្ធិ​ មេបញ្ជាការ​រង​ ដំណាង​លោក​ នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ល​ផ្ទៃ​ប្រទេស​ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡាបាល់ទះ​មិត្តភាព​កម្ពុជា​-​វៀតណាម​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ ឯកឧត្តម​ សុខ​ រស់​ អភិបាលរង​ខេត្តស្វាយរៀង​ ឧត្តមសេនីយ៍ត្រី​ ង្វៀ​ង​ វាំង​ណា​ម​ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៧​ នៃ​កងទ័ព​ប្រជាជន​វៀតណាម​ ព្រមទាំង​លោកស្នងការ​ ស្នងការ​រង​ នាយទាហាន​ នាយ​ទា​ហា​រង​រង​នៃ​កងរាជអាវុធហត្ថ​ដែល​ជា​កីឡាករ​ជា​ច្រើន​រូប​ទៀត​។​

​ការ​ប្រកួត​នេះ​មាន​ចំនួន​១២​ ក្រុម​ដែល​មក​ពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​,​ ព្រៃវែង​,​ ត្បូងឃ្មុំ​,​ ក្រចេះ​,​ មណ្ឌលគិរី​,​ ស្នងការ​នគរបាល​ខេត្តស្វាយរៀង​,​ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តស្វាយរៀង​,​ បញ្ជាការដ្ឋាន​យោធា​ខេ​ត្តឡុង​អាន​,​ ខេត្ត​តៃ​និ​ញ​,​ ខេត្ត​ប៊ិ​ញ​ភឿ​ក​,​ បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​ខេ​ត្តឡុង​អាន​ និង​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​ខេត្ត​តៃ​និ​ញ​។​ ការ​ប្រកួត​មាន​រយៈពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃ​ទី​០១-០២​ ខែមេសា​ ឆ្នាំ​២០១៩​ ដែល​ចែក​ចេញ​ជា​ពី​ពូ​ល​គឺ​ពួ​ល​A​ និង​ពូ​ល​B​ ដោយ​ចាញ់​ធ្លាក់​តែ​ម្តងៗ​ និង​បន្ទាប់​មក​យក​លេខ​១​ និង​លេខ​២​ ពូ​ល​ទាំង​ពីរ​ធ្វើការ​ប្រកួត​ខ្វែង​ហើយ​ក្រុម​ដែល​ឈ្នះ​ត្រូវ​ប្រកួត​ដណ្តើម​លេខ​មួយ​និង​លេខ​ពីរ​តែ​ម្តង​។​

​ថ្លែង​ក្នុង​ពិធី​នេះ​លោក​ ឧត្តមសេនីយ៍ឯក​ ប្រាក់​ សិទ្ធិ​ បានឱ្យ​ដឹង​ថា​ តាង​នាម​លោក​ នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ និង​ក្នុ​នាម​លោក​ ឧត្តមសេនីយ៍​ផ្ទាល់​មាន​សេចក្តី​សោមនស​រីករាយ​ដែល​បាន​ចូល​រូ​ម​ក្នុង​ពិធី​បើក​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ ដើម្បី​អម​អរសាទរ​ពិធី​ជួបជុំ​ជា​មិត្តភាព​រវាង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៧​ នៃ​កងទ័ព​ប្រជាជន​វៀតណាម​ និង​ការ​ត្រៀមលក្ខណៈ​ទទួល​ពរ​ជ័យ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ​។​

ការ​ប្រកួត​បាល់ទះ​នា​ពេល​នេះ​គឺ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​ស្មារតី​នៃ​ពិធីសារ​រវាង​ក្រសួងការពារជាតិ​កម្ពុជា​ និង​ក្រសួង​ការ​ជាតិ​វៀតណាម​ដែល​បាន​ចុះហត្ថលេខា​នៅ​ទី​ក្នុង​ហូ​ជី​មិ​ញ​ និង​ជា​ការ​ឆ្លើយ​តប​ទៅ​តាម​កាលកំណត់​នៃ​អនុស្សរណៈ​យោគយល់​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ជាមួយ​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៧​ នៃ​កងទ័ព​ប្រជាជន​វៀតណាម​ ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​០២​ ខែមករា​ ឆ្នាំ​២០១៨​ នៅ​រាជធានី​ភ្នំពេញ​ ហើយ​ការ​ប្រកួត​នេះ​ក៏​បង្ហាញ​ពី​មិត្តភាព​កម្ពុជា​-​វៀតណាម​ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៥២​ ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ ២៤​ មិថុនា​ ១៩៦៧​ -​ ២៤​ មិថុនា​ ២០១៩​។​

​លោក​ ឧត្តមសេនីយ៍ឯក​ បាន​បន្ត​ថា​ នេះ​គឺជា​ព្រិ​ត្តិ​ការ​ថ្មី​មួយទៀត​ជា​ប្រវត្តិសាស្ត្រ​របស់​កង​យោធពលខេមរភូមិន្ទ​ ពិសេស​របស់​កងរាជអាវុធហត្ថ​លើ​វិស័យ​កីឡាបាល់ទះ​ដែល​ជា​ប្រភេទ​កីឡា​មាន​លក្ខណៈ​ជា​ក្រុម​ហើយ​កំពុង​ពេញ​និយម​នៅ​ក្នុង​កងកម្លាំងប្រដាប់អាវុធ​ ក៏​ដូច​ជា​ជន​ស៊ី​វិល​ យុវជន​ យុវនារី​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​បណ្តា​ប្រទេស​លើ​សកលលោក​។​ ហើយ​ការ​ប្រកួត​កីឡា​នេះ​គឺជា​ការ​ជួបជុំ​រវាង​បងប្អូន​មិត្ត​ភ​ត្តិ​សំដៅ​ថែរក្សា​សុខភាព​ដោយ​ក្តី​សប្បាយ​រីករាយ​ផង​ ហើយ​ក៏​ដើម្បី​ពង្រឹង​ទំនាក់ទំនង​គ្នា​ជា​មិត្តភាព​ ភាតរភាព​ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​ផង​។​ លោក​ ឧត្តមសេនីយ៍ឯក​ មេបញ្ជាការ​រង​បាន​ក៏​បាន​ថ្លែងអំណរគុណ​ ចំពោះ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង​ ដែល​បាន​អនុញ្ញាត​ឱ្យ​ប្រារព្ធ​ពិធី​នេះ​ឡើង​ និង​សូម​ថ្លែងអំណរគុណ​ចំពោះ​ប្រតិភូ​យោធភូមិ​ភាគ​៧​ ដែល​បាន​អញ្ជើញ​ចូលរួម​តាម​ការ​ណាត់​ និង​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​ដែល​មានការ​ពាក់ព័ន្ធ​ទាំងអស់​ផង​ដែរ​ ៕​

ចំនួនអ្នកទស្សនា

    20585487

  • ថ្ងៃនេះ9501
  • ម្សិលមិញ6261
  • សប្តាហ៍នេះ27881
  • ខែនេះ143031
  • ឆ្នាំនេះ143031
  • សរុប20585487