នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​៖​ ការ​ចាត់តាំង​ឱ្យ​កងទ័ព​រៀនសូត្រ​អប់រំ​ចិត្តសាស្ត្រ​ និង​ហ្វឹកហ្វឺន​ គឺជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​នូវ​សមត្ថភាព​ដឹកនាំ​បញ្ជា​ របស់​នាយទាហាន​គ្រប់​ជាន់ថ្នាក់​

01-April-2019 | ដោយ ពលមនសិការ

បាត់ដំបង​៖​ ព្រឹក​ថ្ងៃ​ចន្ទ​ ទី​០១​ ខែមេសា​ ឆ្នាំ​២០១៩​ លោក​ នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​និង​សំណេះសំណាល​ជាមួយ​នាយទាហាន​ នាយទាហានរង​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​។​ ពិធី​នេះ​មានការ​ចូលរួម​ពី​លោក​ ឧត្តមសេនីយ៍​ មេបញ្ជាការ​រង​ ស្នងការ​ ស្នងការ​រង​ ដែល​អញ្ជើញ​មក​ពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​មេបញ្ជាការ​ មេបញ្ជាការ​រង​ តាម​បណ្ត​រាជធានី​ ខេត្ត​ ព្រមទាំង​គ្រួសារ​អាវុធហត្ថ​ ពលី​ ម​ណៈ​ និង​កងរាជអាវុធហត្ថ​ដែល​ចូល​និវត្ត​ជា​ច្រើន​រូប​ទៀត​។​

​លោក​ នាយ​ឧត្តមសេនីយ៍​ បាន​លើក​ឡើង​អំពី​ នយោបាយ​អ​ទិ​ភាព​របស់​រាជរដ្ឋាភិបាល​ បាន​ចាត់​ទុក​បញ្ហា​សន្តិភាព​ សន្តិសុខ​ ស្ថិរភាព​នយោបាយ​ គឺជា​កិច្ច​ការងារ​ចម្បង​ ហើយ​កងរាជអាវុធហត្ថ​ គឺ​មាន​តួនាទី​ក្នុង​ការ​អនុវត្ត​នូវ​កម្មវិធី​នយោបាយ​ នូវ​យុទ្ធសាស្ត្រ​ និង​ជា​ពិសេស​គឺ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ ស្ថិរភាព​នយោបាយ​ និង​សន្តិភាព​ ធ្វើ​ឱ្យ​ប្រទេស​មាន​របៀបរៀបរយ​ ក្លាយជា​ប្រទេស​នីតិរដ្ឋ​ ។​ នាយ​ឧត្តមសេនីយ៍​ បាន​ធ្វើការ​កត់​សម្គាល់ថា​ តួនាទី​ភារកិច្ច​សំខាន់ៗ​របស់​កងរាជអាវុធហត្ថ​ រួម​មាន​ថែរក្សា​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​,​ ពង្រឹង​ការ​អនុវត្ត​ច្បាប់​ បទបញ្ជា​ជា​ធរមាន​របស់​រាជរដ្ឋាភិបាល​ និង​អាជ្ញាធរ​,​ ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​,​ ជួយ​ប្រជាជន​ពេល​ជួប​និង​ការ​លំបាក​ផ្សេងៗ​ ។​

​លោកនាយ​ឧត្តមសេនីយ៍​ ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​កម្លាំង​អាវុធហត្ថ​ត្រូវ​មាន​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ លើកកម្ពស់​ស្មារតី​សហការ​ដើម្បី​សេចក្តីសុខ​ សណ្តាប់ធ្នាប់​ល្អ​ ប្រជាជន​រស់នៅ​គ្មាន​ការ​ភ័យ​ខ្លាច​ គ្មាន​បទល្មើស​ ទាំង​អស់នេះ​គឺជា​គោលដៅ​ដែល​យើង​ចង់បាន​។​ អាវុធហត្ថ​ត្រូវ​គោរព​ច្បាប់​លក្ខន្តិកៈ​ បទ​វិន័យ​ទូទៅ​នៃ​កង​យោធពលខេមរភូមិន្ទ​ ការ​អនុវត្ត​តួនាទី​ភារកិច្ច​ ក្នុង​នោះ​ផង​ដែរ​អាវុធហត្ថ​ត្រូវ​លើកកម្ពស់​ស្មារតី​ប្រុង​ប្រយ័ត្ន​នូវ​ឧបាយកល​លាប​ពណ៌​ និង​យុទ្ធសាស្ត្រ​តាក់តែង​បំបែកបំបាក់​ របស់​មជ្ឈដ្ឋាន​ប្រឆាំង​អគតិ​ និង​ត្រូវ​តាមដាន​នូវ​សកម្មភាព​ បើ​សកម្មភាព​ណា​ដែល​បំពាន​ច្បាប់​ត្រូវ​តែ​បង្ក្រាប​ភ្លាម​ ត្រូវ​បន្តការងារ​អប់​រំជា​ប្រចាំ​ ដើម្បី​កសាង​នូវ​មនសិការ​ស្នេហា​ជាតិ​ ស្រឡាញ់​ជាតិ​ គោរព​ច្បាប់រដ្ឋធម្មនុញ្ញ​ ការពារ​ប្រជាជន​ ការពារ​ទឹកដី​ ការពារ​អំណាច​រដ្ឋ​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ ដែល​ប្រជាជន​បោះ​ជូន​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ។​ ត្រូវ​ធ្វើការ​ហ្វឹកហ្វឺន​ជា​ប្រចាំ​ ព្រោះ​ការ​ហ្វឹកហ្វឺន​ពិតជា​មាន​សារៈសំខាន់​ និង​បាន​រំលឹក​ឡើង​វិញ​នូវ​មេរៀន​ដើម្បី​កុំ​ឱ​ភ្លេច​ ធ្វើ​ឱ្យ​សុខ​ភាពរឹងមាំ​ ការ​ប្រមូលផ្តុំ​កម្លាំង​ពេល​ត្រូវការ​គឺ​កម្លាំង​មាន​ស្រាប់​ និង​កាត់​បន្ថយ​បាន​នូវ​បទល្មើស​វិន័យ​ផង​ដែរ​ ។​ លោក​ នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ បាន​បញ្ជាក់​បន្ថែម​ថា​ ការ​ចាត់តាំង​ឱ្យ​កងទ័ព​រៀនសូត្រ​អប់រំ​ចិត្តសាស្ត្រ​ និង​ហ្វឹកហ្វឺន​កងទ័ព​គឺជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​នូវ​សមត្ថភាព​ដឹកនាំ​បញ្ជា​របស់​នាយទាហាន​គ្រប់​ថ្នាក់​។​

​ក្នុង​ឱកាស​នោះ​ផង​ដែរ​ លោក​ នាយ​ឧត្តមសេនីយ៍​ ក៏​បាន​ប្រគល់​ ថវិកា​ចំនួន​ ១២.៥០០.០០០​រៀល​ ស្រា​បៀ​ចំនួន​ ៨០​កេស​ដល់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​ សម្រាប់​ធ្វើ​ពិធីជប់លៀង​អបអរសាទរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ខាង​មុខ​ និង​ជូន​ដល់​គ្រួសារ​អាវុធហត្ថ​ចូល​និវត្តន៍​ និង​ពលី​សរុប​ចំនួន​ ៤៩​នាក់​ ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន​ ២០០.០០០​រៀល​ផង​ដែរ​ ៕

 

ចំនួនអ្នកទស្សនា

    20587497

  • ថ្ងៃនេះ61
  • ម្សិលមិញ11441
  • សប្តាហ៍នេះ29891
  • ខែនេះ145041
  • ឆ្នាំនេះ145041
  • សរុប20587497