ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកអំពីថ្ងៃដែលប្រទេសកម្ពុជាធ្លាក់ចូលក្នុងរបបវាលពិឃាត គឺថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ដែលពេលនោះប្រជាជនក្នុងទីក្រុងភ្នំពេញទាំងអស់ត្រូវបានគេជម្លៀសទៅទីជនបទ ដែលពេលនោះហើយទីក្រុងភ្នំពេញគ្មានមនុស្សនៅ ហើយចាប់ពីថ្ងៃនោះមក គឺកម្ពុជាត្រូវបានធ្លាក់ក្នុងរបបវាលពិឃាត ដែលបានធ្វើអោយពលរដ្ឋស្លាប់អាស់ជាង ៣លាននាក់ តែក្នុងរវាង ៣ឆ្នាំ ៨ ខែ ២០ថ្ងៃប៉ុណ្ណោះ។ សម្តេចតេជោ បានស្ម័គ្រចូលតស៊ូរំដោះប្រទេសពីរបបប៉ូលពត ជាមួយនឹងរបួសពេញខ្លួន រហូតដល់ថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ ទើបយើងបានរំដោះប្រទេសជាតិរួចផុតពីរបបឃោរឃៅ នេះ ហើយក៏បានចាប់ផ្តើមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិពីបាតដៃទទេ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅព្រឹកថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ពេលដែលសម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតមកេពី វិទ្យាស្ថានវ៉ាន់ដា ចំនួន ៣,២១៣នាក់ ដែលមាននារី ២,៧០៤នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំសិក្សា២០១៧-២០១៨ នៅជម្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃវិទ្យាស្ថានវ៉ាន់ដានាព្រឹកនេះ។ សម្តេចតេជោ បានកោតសរសើរ និងអបអរសារដល់និស្សិតជ័យលាភីទាំងអស់ និងបានថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាល ដែលបានផ្តល់ឱកាសអោយកូនចៅបានសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនាពេលនេះ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានកោតសរសើរផងដែរ ចំពោះថ្នាក់ដឹកនាំនៃវិទ្យាស្ថានវ៉ាន់ដា ដែលបានខិតខំបណ្តុះបណ្តាលនិស្សិតតាំងពីមានចំនួនតិចតួចរហូតដល់មាននិស្សិតសិក្សារាប់ម៉ឺននាក់ ជាពិសេសនិស្សិតជាស្ត្រី ដែលទទួលបានការសិក្សានៅ វិទ្យាស្ថានវ៉ាន់ដា នេះច្រើន ដែលនេះជាការរួមចំណែកដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងលើកកំពស់ស្ត្រីនៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដោយក្តីមោទភាពចំពោះភាពរីកចម្រើននៃវិស័យអប់រំរបស់ប្រទេសកម្ពុជា ដែលកម្ពុជាបានចាប់ផ្តើមឡើងពីចំណុចសូន្យ ក្រោយពីយើងបានងើបពីសង្គ្រាមមក រហូតមកដល់ពេលនេះ គឺយើងទទួលបានធនធានមនុស្សយ៉ាងច្រើនដើម្បីបំរើការងារនៅតាមវិស័យនានា។ សម្តេចតេជោ ក៏បានអរគុណដល់បណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថាននានា ដែលបានផ្តល់អាហារូបករណ៍ដល់សម្តេច ដើម្បីសម្តេចផ្តល់ទៅអោយនិស្សិតក្រីក្រទទួលបានការសិក្សានៅតាមសាលារៀននានា។ នៅក្នុងឆ្នាំនេះ សម្តេចតេជោ បានទទួលអាហារូបករណ៍ពីសាលានានាប្រមាណជា ៣,១៩២ កន្លែង ហើយកន្លងមកមាននិស្សិតក្រីក្ររាប់ម៉ឺនាក់ហើយ ដែលបានទទួលអាហារូបករណ៍ពី សម្តេច។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានកោតសរសើរអំពីចំណូលពន្ឋទូទៅដែលរដ្ឋាភិបាលទទួលបាន ដែលអាចអោយរាជរដ្ឋាភិបាលធ្វើការតម្លើងប្រាក់ខែជូនមន្ត្រីរាជការ។ សំរាប់ប្រាក់ខែមន្ត្រីរាជការក្នុងខែមេសានេះ នឹងអាចចាប់ផ្តើមបើកបានហើយ ហើយនឹងត្រូវបានបញ្ចូលទៅក្នុងកុង២ដង ក្នុង១ខែ។ ទន្ទឹមនិងនេះដែរ គឺមន្ត្រីរាជការនឹងតទទួលបានប្រាក់ឧបត្ថម្ភសំរាប់បុណ្យចូលឆ្នាំទៀតផង ៕