ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ដរាបណាកិច្ចព្រមព្រៀងថ្មី និងដៃគូវិនិយោគថ្មី មិនទាន់មាន នឹងមិនទាន់បានធ្វើឡើងនោះ គឺក្រុមហ៊ុន Royal Railway របស់ អ្នកឧញ៉ា គិត ម៉េង នៅបន្តទទួលគ្រប់គ្រងផ្លូវដែកនេះដដែល។ ព្រោះមានបុគ្គលិកកម្មករជាច្រើននាក់ ដែលកំពុងធ្វើការក្នុងក្រុមហ៊ុន ដែលអាចប្រឈមនឹងការបាត់បង់ការងារ បើយើងបង្ខំធ្វើដោយគំហុក។ ហើយនៅពេលដែលរកដៃគូរវិនិយោគថ្មីបានហើយនោះ ក្រុមហ៊ុន Royal Railway ក៏អាចចូលទុនក្នុងគម្រោងវិនិយោគថ្មីបាន ដើម្បីមានឱកាសពង្រីកវិសាលភាពការដឹកជញ្ជូនតាមផ្លូវដែកបានកាន់តែទូលំទូលាយ។ សម្តេចតេជោចង់បានផ្លូវមួយខ្សែទៅ មួយខ្សែមក គឺអោយដំណើរការដឹកជញ្ជូនមានភាពរស់រវើកនិងសកម្ម។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅព្រឹកថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ពេលដែលសម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតមកេពី វិទ្យាស្ថានវ៉ាន់ដា ចំនួន ៣,២១៣នាក់ ដែលមាននារី ២,៧០៤នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំសិក្សា២០១៧-២០១៨ នៅជម្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ ៕