សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ខេត្តកំពត​

02-April-2019 | ដោយ ពលមនសិការ

​កំពត​៖​ នៅ​ថ្ងៃ​អង្គារ​ ១៣​រោច​ ខែ​ផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០២​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្តកំពត​ សាងសង់​ឡើង​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​តម្លៃ​ជាង​ ២៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្តកំពត​នេះ​ បាន​ចាប់ផ្តើម​សាងសង់​កាលពី​ខែកក្កដា​ ឆ្នាំ​២០១៦​ ហើយ​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ​កាលពី​ខែសីហា​ ឆ្នាំ​២០១៨​។​ តាម​រយៈ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នេះ​ នឹង​ជួយ​ឱ្យ​អង្គភាព​រដ្ឋាករទឹក​ខេត្តកំពត​ មាន​សមត្ថភាព​ផលិត​ទឹក​ស្អាត​សរុប​ ប្រមាណ​១៣,២៦០​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​ គឺ​ស្មើនឹង​ជាង​២​ដង​នៃ​សមត្ថភាព​ផលិត​ពី​មុន​។​ វត្តមាន​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ថ្មី​នេះ​ រួម​ជាមួយ​បណ្តាញ​ចែកចាយ​សរុប​ប្រវែង​ ១៧៦.៩​គីឡូម៉ែត្រ​ ធ្វើ​ឱ្យ​អង្គភាព​រដ្ឋាករទឹក​ខេត្តកំពត​អាច​មាន​លទ្ធភាព​ផ្គត់ផ្គង់​ទឹក​ស្អាត​ដែល​មានគុណ​ភាព​ សុវត្ថិភាព​ និរន្តរភាព​ និង​តម្លៃ​សមរម្យ​ ដោយ​គិត​ជា​ថ្លៃ​មធ្យម​ ១៤០០​រៀល​ក្នុង​១​ម៉ែត្រគូប​ ជូន​ប្រជាពលរដ្ឋ​នៅ​ក្រុង​កំពត​ និង​ស្រុក​ទឹកឈូ​ សរុប​ប្រមាណ​ ១៣,០០០​គ្រួសារ​។​

​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នេះ​ ក៏​ជា​ការ​រួមចំណែក​ធ្វើ​ឱ្យ​អង្គភាព​រដ្ឋាករទឹក​ខេត្តកំពត​ សម្រេច​បាន​នូវ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​បាន​កំណត់​ថា​ «​ត្រូវ​ពង្រីក​វិសាលភាព​នៃ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ទីក្រុង​ ទីប្រជុំជន​ឱ្យ​បាន​៩០%​ ត្រឹម​ឆ្នាំ​២០២៣​ និង​១០០%​ ត្រឹម​ឆ្នាំ​២០២៥​ សម្រាប់​បម្រើ​តម្រូវការ​ចាំបាច់​របស់​ប្រជាជន​ ក៏​ដូច​ជា​សម្រាប់​ផលិតកម្ម​ និង​សេវាកម្ម​នានា​»​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​សំដែង​នូវ​ក្តី​រី​រាយ​ចំពោះ​ការ​អញ្ជើញ​មក​ចូលរួម​ក្នុង​ពី​ធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ខេត្តកំពត​នា​ពេល​នេះ​។​ សម្តេច​បាន​អបអរសាទរ​នៃ​សមិទ្ធផល​នៃ​ប្រព័ន្ធ​ទឹក​ស្អាត​សំរាប់​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត​នេះ​ផង​ដែរ​។​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​ និង​ប្រជាជន​ជប៉ុន​ ដែល​ជា​និច្ចកាល​តែង​តែងតែ​ផ្តល់​ជំនួយ​ជួយ​មក​ដល់​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ការ​ជួយ​សាងសង់​ កសាង​ និង​អភិវឌ្ឍន៍​នូវ​សមិទ្ធផល​ជាតិ​សំខាន់​ដល់​ប្រទេស​កម្ពុជា​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​រំលឹក​ពី​ខេត្តកំពត​ផង​ដែរ​ថា​ ពី​អតីតកាល​កំពត​ក៏​ជា​ខេត្ត​មួយ​ដែល​ធ្លាប់​ទទួល​រង​ដោយ​ភ្លើងសង្គ្រាម​ដ៏​រាំ​រ៉ៃ​ផង​ដែរ​ ជា​សមរភូមិ​ក្តៅ​ ដែល​ពី​មុន​មិន​មាន​អ្នក​ណា​ហ៊ាន​មក​នោះ​ទេ​ ក៏​ប៉ុន្តែ​ក្រោយ​ពី​កម្ពុជា​បាន​ដាក់​ចេញ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ​មក​ គឺ​បាន​នាំ​មក​នូវ​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ ដែល​ពេល​នោះ​ហើយ​សម្តេច​តេ​ជោ​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​២​សំខាន់ៗ​ គឺ​ទី​១​គឺ​ការ​ប្រែក្លាយ​តំបន់​ ដែល​ជា​សមរភូមិ​ក្តៅ​ទាំងអស់​អោយទៅ​ជា​តំបន់​ដែល​មាន​សន្តិភាព​ តំបន់​ទីផ្សារ​ និង​តំបន់​ដែល​មាន​អភិវឌ្ឍ​ និង​យុទ្ធសាស្ត្រ​ទី​២​គឺ​ការ​ប្រែក្លាយ​តំបន់​ព្រំដែន​នៃ​ប្រទេស​ជិតខាង​អោយទៅ​ជា​ព្រំដែន​ដែល​សន្តិភាព​ មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​នឹង​គ្នា​។​ ហើយ​កន្លង​មក​យើង​បាន​ប្រែក្លាយ​តំបន់​ទាំងនោះ​អោយទៅ​ជា​តំបន់​សន្តិភាព​ មាន​កិច្ច​សហប្រតិបត្តិការ​ និង​មានការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​ ដែល​បាន​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​យើង​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា​ ការ​កើត​មាន​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ក្នុង​ខេត្តកំពត​ ដែល​កើត​ចេញពី​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​នា​ពេល​នេះ​ ជា​ការ​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម​ ជា​ពិសេស​ក៏​ជា​ការ​ទាក់ទាញ​ឱ្យ​មានការ​វិនិយោគ​ កាន់តែ​ច្រើន​បន្ថែម​ទៀត​នៅ​ទីក្រុង​ឆ្នេរសមុទ្រ​មួយ​នេះ​ផង​ដែរ​។​

​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ខេត្តកំពត​មានការ​ប្រែប្រួល​រីក​ចម្រើន​ខាង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​គួរ​ឱ្យ​កត់​
​សម្គាល់​ និង​កំណើន​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម​។​ ខេត្តកំពត​នឹង​មាន​កំពង់​ផែ​ទឹក​ជ្រៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ ក្នុង​ការ​បំរើ​លើ​វិស័យសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ក្នុង​ការ​ដឹក​ទំនិញ​ផលិតផល​កម្ពុជា​ ទៅ​កាន់​ទៅ​ផ្សារ​បរទេស​ផង​ដែរ​។​

​ទាក់ទង​ទៅ​នឹង​ការ​សាងសង់​ទំនប់​បង្ហៀរ​នៃ​វា​រី​អគ្គិសនី​កំចាយ​ក្នុង​ខេត្តកំពត​នេះ​ ដើម្បី​ការពារ​កុំអោយ​ទឹកប្រៃ​ចូល​មក​មក​ដល់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នេះ​ ដែល​កន្លង​មក​សម្តេច​តេ​ជោ​បានអោយ​ក្រសួង​ពាក់ព័ន្ធ​ធ្វើការ​ពិភាក្សា​គ្នា​ រួម​មាន​ក្រសួង​ឧស្សាហកម្ម​ សិប្បកម្ម​ ក្រសួងបរិស្ថាន​ និង​ក្រសួង​ធនធានទឹក​ ក៏​ប៉ុន្តែ​កន្លង​មក​ចេះ​តែ​មានការ​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​។​ ហើយ​នៅ​ថ្ងៃនេះ​ ចំនុច​ទី​១​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​សម្រេច​អោយ​ក្រសួង​ធនធានទឹក​សាងសង់​ទំនប់​បង្ហៀរ​នេះ​ដើម្បី​បញ្ចៀស​ការ​ហូរ​ចូល​នៃ​ទឹកប្រៃ​ដល់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​នេះ​។​ ចំណុច​ទី​២​ត្រូវ​បន្ត​ទាក់ទាញ​ជាមួយ​ដៃគូរ​វិនិយោគ​បន្ថែម​ទៀត​មក​ផ្គត់ផ្គង់​បណ្តាញទឹក​ស្អាត​ក្នុង​ខេត្តកំពត​អោយ​បាន​ច្រើន​បន្ថែម​ទៀត​ ដើម្បី​បំរើ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​យើង​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​យក​ឱកាស​នេះ​អបអរសាទរ​ចំពោះ​សមិទ្ធិ​ផល​ស្ពាន​ជ្រោយចង្វារ​ទី​១​ដែល​ត្រូវ​បាន​កែ​លម្អ​ និង​ជុស​ជុល​ហើយ​ នឹង​ត្រូវ​បើក​អោយ​ដំណើរការ​នៅ​ថ្ងៃស្អែក​នេះ​ផង​ដែរ​។​ហើយ​ក្នុង​នោះ​សម្តេច​តេ​ជោ​ក៏​អរគុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន​ផង​ដែរ​ ដែល​បាន​ជួយ​ជួសជុល​ ក៏​ដូច​ជា​កសាង​ថ្មី​ផង​ដែរ​នូវ​ស្ពាន​ជ្រោយចង្វារ​នេះ​ សំរាប​ប់​អោយ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ឡើង​វិញ​ ជា​ពិសេស​មុន​ឱកាស​មុន​បុណ្យចូលឆ្នាំ​ថ្មី​ខាង​មុខ​។​

​មុន​នឹង​បញ្ចប់​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជួប​តែ​សេចក្តីសុខ​សេចក្តីសុខ​ សេចក្តី​ម្រើ​ន​គ្រប់ៗ​គ្នា​ ជា​ពិសេស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​។​ បន្ទាប់​មក​សម្តេច​តេ​ជោ​ និង​លោក​ឯកអគ្គរាជទូត​ជប៉ុន​បាន​អញ្ជើញ​ពិនិត្យ​មើល​ដំណើរការ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ខេត្តកំពត​នេះ​ ក្នុង​បរិយាកាស​រីករាយ​ក្រៃ​លែង​ ៕

ចំនួនអ្នកទស្សនា

    20585087

  • ថ្ងៃនេះ9101
  • ម្សិលមិញ6261
  • សប្តាហ៍នេះ27481
  • ខែនេះ142631
  • ឆ្នាំនេះ142631
  • សរុប20585087