ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ​ផែង​ វណ្ណៈ​ នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១(​ម​១)

03-April-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ លោក​ កី​ ម៉ា​នេ​រ៉ា​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ​ផែង​ វណ្ណៈ​ នៅ​ពន្ធនាគារ​ ឬ​មណ្ឌល​អប់រំ​កែប្រែ​ទី​១(​ម​១)​។​

​យោង​តាម​ដីកា​ដែល​សារព័ត៌មាន​យើង​ទទួល​បាន​នៅ​រសៀល​ថ្ងៃ​ទី​៣​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​ បាន​ឲ្យ​ដឹង​ថា​ ជន​ត្រូវ​ចោទ​ឈ្មោះ​ផែង​ វណ្ណៈ​ ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទៈ​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​(Facebook)​ ដែល​មានឈ្មោះ​ Pheng​ Vannak​ News​ កាលពី​ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០១៩​ បទល្មើស​ដែល​មាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​៤៩៤​ មាត្រា​៤៩៥​ និង​មាត្រា​៣០៥​ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូម​ជំរាប​ថា​ កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​បញ្ជូន​បុគ្គល​ ផែង​ វណ្ណៈ​ ដែល​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ឲ្យ​ចូលខ្លួន​ ពាក់ព័ន្ធ​នឹង​បណ្តឹង​មេធាវី​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ដែល​បុគ្គល​ ផែង​ វណ្ណៈ​ នេះ​បាន​បង្ហោះ​លើ​ Facebook​ នាំ​ឲ្យ​សាធារណជន​យល់​ច្រឡំ​ថា​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​លោក​ កែម​ ឡី​។​

​លោក​ ផែង​ វណ្ណៈ​ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ សហការ​ជាមួយ​អាវុធហត្ថ​ខេត្តកណ្តាល​ ចាប់​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០២​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​ តាម​ដីកា​របស់​ព្រះរាជអាជ្ញា​ បញ្ជា​ឲ្យ​ចូលខ្លួន​ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ និង​បរិហា​កេរ្តិ៍​ជា​សាធារណៈ​។​

​សូម​ជំរាប​ថា​ ការ​ចេញ​ដីកា​ពី​សំណាក់​ព្រះរាជអាជ្ញា​ ចាប់​ឃាត់ខ្លួន​លោក​ ផែង​ វណ្ណៈ​ ធ្វើ​ឡើង​បន្ទាប់​ពី​មេធាវី​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ នៅ​រសៀល​ថ្ងៃ​ទី​០១​ ខែមេសា​ ឆ្នាំ​២០១៩​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ប្តឹង​លោក​ ផែង​ វណ្ណៈ​ ពី​បទ​ប្រើប្រាស់​បណ្តាញ​សង្គម​ Facebook​ ផ្សព្វផ្សាយ​ដល់​ សាធារណជន​ គោលបំណង​បរិហា​កេរ្តិ៍​ ជា​សាធារណៈ​លើ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​មាន​ចេតនា​ពេញទី​ គោលបំណង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​ បទឧក្រិដ្ឋ​ជា​អាទិ៍​ ដែល​ជា​អំពើ​ផ្ទុយ​នឹង​ បញ្ញត្តិ​មាត្រា​៣០៥​ និង​បញ្ញត្តិ​មាត្រា​ ៤៩៤-៤៩៥​ នៃ​ក្រមព្រហ្មទណ្ឌ​។​

​មេធាវី​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​សម្រេច​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​ សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ប្តឹង​លោក​ ផែង​ វណ្ណៈ​ ពី​បទ​ប្រើប្រាស់​បណ្តាញ​សង្គម​ Facebook​ ផ្សព្វផ្សាយ​ដល់​សាធារណជន​ គោលបំណង​បរិហា​កេរ្តិ៍​ជា​សាធារណៈ​លើ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​មាន​ចេតនា​ពេញទី​ គោលបំណង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ ដែល​ជា​អំពើ​ផ្ទុយ​នឹង​បញ្ញត្តិ​មាត្រា​៣០៥​ និង​បញ្ញត្តិ​មាត្រា​ ៤៩៤-៤៩៥​ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ពាក្យបណ្តឹង​របស់​លោក​ គី​ តិច​ មេធាវី​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ប្តឹង​លោក​ ផែង​ វណ្ណៈ​ ដោយ​យោង​តាម​ពាក្យបណ្ដឹង​ និង​ភស្តុ​តាង​របស់​អង្គភាព​ព័ត៌មាន​ Fresh​ News​ ដែល​ទៅ​តុលាការ​ចុះ​ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០១៩​ និង​ពាក្យសុំ​បញ្ចូល​ភស្តុ​តាង​ ចុះ​ថ្ងៃ​ទី​០១​ ខែមេសា​ ឆ្នាំ​២០១៩​ របស់​ក្រុម​មេធាវី​កម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ​។​

​នៅ​ក្នុង​ពាក្យបណ្តឹង​របស់​មេធាវី​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ គឺ​លោក​ គី​ តិច​ បាន​បញ្ជាក់​ថា​ ឈ្មោះ​ ផែង​ វណ្ណៈ​ បាន​ធ្វើ​សំ​ណេ​រ​ផ្សព្វផ្សាយ​តាម​ទំព័រ​ (Page​ Facebook​ របស់​ខ្លួន​ថា​ «​គំនិត​គួរ​ពិចារណា​ !!!​ ១-​ លោក​ ផែង​ វណ្ណៈ​ ចាងហ្វាង​ការ​ផ្សាយ​ និង​ជា​និពន្ធ​នាយក​ គេហទំព័រ​ Pheng​ Vannak​ News​ តំណាង​អោយ​ម្ចាស់​រថយន្ត​លេខ​ 2AF-7777​ យក​ថវិកា​ចំនួន​ ៥០០០​ដុល្លារ​ ទៅ​ចូល​បុណ្យ​ដល់​ក្រុម​គ្រួសារ​សព​និស្សិត​ ឌុំ​ រី​ដា​ ត្រូវ​លោក​ទេស​រដ្ឋមន្ត្រី​ ពេជ្រ​ ស្រស់​ ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។​ បញ្ជាក់​៖​ ម្ចាស់​រថយន្ត​ 2AF-7777​ គឺ​ ឈ្មោះ​ យិ​ន​ ង៉ិ​ច​ លោក​ យិ​ន​ ង៉ិ​ច​ មិនមែន​ជា​ជន​បង្ក​ទេ​ កូន​ទេ​ដែល​បង្ករ​ត្រូវ​ចែក​គ្នា​អោយ​ដាច់​រវាង​ម្ចាស់​រថយន្ត​ និង​ជន​បង្ករ​។​ ២-​ លោក​ លឹ​ម​ ជា​យុ​ត្ថា​ អគ្គនាយក​ អង្គភាព​ Fresh​ News​ តំណាង​អោយ​ថ្នាក់ដឹកនាំ​នាំ​យក​ថវិកា​ ចំនួន​ ៥០០០០​ដុល្លារ​ ទៅ​ចូល​បុណ្យ​ដល់​ក្រុម​គ្រួសារ​លោក​បណ្ឌិត​ កែម​ ឡី​ ដើម្បី​ធ្វើ​ ចេតិយ​ម្តេច​ លោក​ទេស​រដ្ឋមន្ត្រី​ ពេជ្រ​ ស្រស់​ មិន​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​?​ ខុស​គ្នា​ដូច​ម្តេច​ខ្លះ​ បើ​កាន់​លុយ​ជា​តំណាង​ទៅ​ចូល​បុណ្យ​ដូច​គ្នា​ ?»​។​

​មេធាវី​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​អះអាង​ថា​ សំ​ណេ​រ​នេះ​បាន​បញ្ជាក់​ច្បាស់​ថា​ ឈ្មោះ​ ផែង​ វណ្ណៈ​ ពិតជា​មាន​ផែនការ​ច្បាស់លាស់​ និង​ ចេតនា​ទុច្ចរិត​ពិតប្រាកដ​ធ្វើការ​ ប្រៀបធៀប​ ក្នុង​បំណង​ចោទប្រកាន់​ និង​ទម្លាក់​កំហុស​ទៅ​លើស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ថា​ ជា​ឃាតក​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​។​

​សំ​ណេ​រ​នេះ​ឈ្មោះ​ ផែង​ វណ្ណៈ​ ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ តាម​ទំព័រ​ (Page)​ Facebook​ របស់​ខ្លួន​ ក្នុង​បំណង​ឲ្យ​សាធារណជន​ (Friends)​ មានការ​ភាន់ច្រឡំ​ ជឿជាក់​ និង​ទម្លាក់​កំហុស​ទៅ​លើ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ដែល​ជា​ថ្នាក់ដឹកនាំ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក៏​ជា​ចេតនា​ទុច្ចរិត​ ដែល​មាន​ចរិត​ញុះញង់​ ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​។​ ជាក់ស្តែង​សាធារណជន​ដែល​ជា​ (Friends)​ បាន​បញ្ចេញ​ជា​ទស្សនៈ​ យោបល់​ (Comment)​ ជា​ច្រើន​ ដោយ​មានការ​ភាន់ច្រឡំ​ និង​សំដៅ​ទៅ​លើ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ថា​ជា​ ឃាតករ​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី​។​

​មេធាវី​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ សុំ​ប្តឹង​ និង​ធ្វើ​សំណូមពរ​ ចំពោះ​លោក​ព្រះរាជអាជ្ញា​ ធ្វើការ​ពិនិត្យ​សម្រេច​ឃាត់ខ្លួន​ ឬ​ចាប់ខ្លួន​ និង​ឃុំខ្លួន​ ឈ្មោះ​ ផែង​ វណ្ណៈ​ ជា​បន្ទាន់​​ដើម្បី​ទប់ស្កាត់​ការ​ប្រព្រឹត្ត​អំពើ​ល្មើស​ជា​បន្តបន្ទាប់​ ដែល​អាច​នាំ​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ៕

 


ចំនួនអ្នកទស្សនា

    20583227

  • ថ្ងៃនេះ7241
  • ម្សិលមិញ6261
  • សប្តាហ៍នេះ25621
  • ខែនេះ140771
  • ឆ្នាំនេះ140771
  • សរុប20583227