ភ្នំពេញ៖ លោកជំទាវនាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងនគរបាលជាតិបានជំរុញដល់មន្ត្រីនគរបាលប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិជនត្រូវខិតខំបន្ថែមទៀត ក្នុងការទប់ស្កាត់ និងបង្ក្រាបការជូញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ខណៈករណីនេះនៅតែកើតឡើងគួរឲ្យព្រួយបារម្ភនៅប្រទេសកម្ពុជានោះ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ អគ្គស្នងការដ្ឋាននគរបាលជាតិលោកជំទាវនាយឧត្តមសេនីយ៍ យក់ សុខា បានលើកឡើងថា ក្នុងនាម យើងជានគរបាលរកយុត្តិធម៌ និងប្រឆាំងការជូញដូរមនុស្សត្រូវតែស្រាវជ្រាវរកករណីខាងលើ នេះឲ្យមានប្រសិទ្ធភាពបំផុត ដើម្បីធ្វើយ៉ាងណាស្វែងរកចាប់ខ្លួនជនល្មើសឲ្យបានដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ជាធរមាន។
សូមបញ្ជាក់ថានៅក្នុងឆ្នាំ២០១៨កន្លងទៅនេះអាជ្ញាធរបានធ្វើការបង្ក្រាប់បទល្មើសជូញ ដូរមនុស្ស និងអាជីវកម្មផ្លូវភេទបាន១០៤ករណីថយចុះ៤៧ករណីស្មើនិងជាង៣១ភាគរយ ដោយចាប់ជនសង្ស័យបានចំនួនជិតពីររយនាក់ក្នុងនោះជនបរទេសជិត២០នាក់ និងសង្គ្រោះជនរងគ្រោះបានជាងពីររយនាក់។
ដោយឡែកទាក់ទងនឹងករណីរំលោភសេពសន្ថវៈ ដែលបង្ករឡើងដោយឪពុកបង្កើត ឪពុកចុង ជីតា ឬក៏ពូ អ៊ុជាដើមនោះ គឺបានកើតឡើងជាងមួយរយករណីដោយឃាត់ខ្លួនជនសង្ស័យបានជាងមួយរនាក់ និងសង្គ្រោះជនរងគ្រោះបាន១១៧នាក់ ក្នុងនោះអាយុក្រោម១៥ឆ្នាំ ជិត៧០នាក់។ ទោះជាយ៉ាងណាក៏ដោយលោកជំទាវនាយឧត្តមសេនីយ៍ យក់ សុខា បានអំពាវនាវដល់មន្ត្រី និងភាគីពាក់ព័ន្ធទាំងអស់ត្រូវបង្កើនសកម្មភាពចុះអប់រំ និងណែនាំដល់ប្រជាពលរដ្ឋឲ្យបានសកម្មបន្ថែមទៀតទាក់ទងនឹងផលប៉ះពាល់នៃការជួយដូរមនុស្ស និងអាជីវកម្មផ្លូវភេទនេះ ៕