ព្រៃវែង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ពិធីជួបសំណេះសំណាលជាមួយនិវត្តន៍ជនជាអតីតមន្ត្រីរាជការ និងយុទ្ធជនខេត្តព្រៃវែង ក្នុងឱកាសនៃការឈានជិតចូលមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។
លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានឲ្យដឹងថាគិតត្រឹមឆ្នាំ២០១៩នេះ ខេត្តព្រៃវែងមាននិវត្តជនសរុបចំនួន៤៥៧៧នាក់ ក្នុងនោះជាង៣ពាន់នាក់ជាអតីតមន្ត្រីរាជការស៊ីវិល និងជាងអតីតយុទ្ធជនមានជាង៩រយនាក់ហើយពួកគាត់បានបើកប្រាក់ចូលនិវត្តន៍ជាទៀងទាត់តាមប្រព័ន្ធធានាគារ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីដោយសម្ដេចបានមានប្រសាសន៍ថាថ្នាក់ដឹកនាំជាតិនឹករលឹកជានិច្ចដល់អតីតមន្ត្រីរាជការ និងយុទ្ធជនដែលបានពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិ និងប្រជាជាជនកម្ពុជា។
សម្ដេចក្រឡាហោម មានប្រសាសន៍បន្តថារាជរដ្ឋាភិបាលបាននិងកំពុងបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល តាមរយៈគោលនយោបាយដំឡើងប្រាក់ចូលនិវត្តន៍ និងសេវាគាំពារសង្គម ការផ្ដល់ដីសម្បទានសង្គមកិច្ច និងប្រាក់ឧបត្ថម្ភជាច្រើនទៀតទៅតាមដំណាក់កាលដែលបានកំណត់យ៉ាងជាក់លាក់សំដៅផ្ដល់ប្រយោជន៍ជូននិវត្តន៍ជន។
ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាសន្តិភាពដូចដែលយើងសព្វថ្ងៃនេះ គឺអតីតយុទ្ធជន និងមន្ត្រីរាជការ ពិតជាអាចពិចារណាបានបើប្រៀបធៀបនឹងស្ថានភាពប្រទេសកាលពីអតីតកាល ហើយនេះមិនទាន់និយាយដល់ប្រវត្តិសាស្ត្រជាតិផងគឺទើបតែជំនាន់នេះទេដែលកម្ពុជាមានសុខសន្តិភាពពេញផ្ទៃប្រទេសជាច្រើនឆ្នាំ។
សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថាគឺកត្តាសន្តិភាពនេះហើយដែលធ្វើឲ្យប្រទេសជាតិទាំងមូលមានរីកចំរើនរុងរឿងដូចដែលគ្រប់គ្នាបានឃើញនាពេលនេះហើយផនេះក៏កើតចេញពីការប្រឹងប្រែងរួមគ្នារបស់អតីតយុទ្ធជន និងអតីតមន្ត្រីរាជការ ក្នុងការស្ដារ និងកសាងប្រទេសជាបន្តបន្ទាប់ ដូច្នេះយើងត្រូវតែបន្តរួគ្នារក្សាសន្តិភាពដើម្បីសេចក្ដីសុខ និងការរីកចំរើនបន្តទៀត។
ពាក់ព័ន្ធនឹងការអភិវឌ្ឍខេត្តព្រៃវែង សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាឆាប់ៗនេះ រាជរដ្ឋាភិបាលបាននិងកំពុងស្ថាបនាផ្លូវពីស្ពានអ្នកលឿងមកក្រុងព្រៃវែងដែលជាផ្លូវគន្លឹះនៃការអភិវឌ្ឍ ហើយជាគម្រោង រាជរដ្ឋាភិបាលកំពុងសិក្សាធ្វើស្ពាន និងផ្លូវល្បឿនលឿន ដែលនឹងធ្វើឲ្យប៉ែកខាងលិចខេត្តព្រៃវែងមានការរីកចំរើននៅថ្ងៃខាងមុខ។
សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវសុំឲ្យមន្ត្រីចូលនិវត្តន៍ទាំងអស់ សូមចូលរួមបង្កើនការដាស់តឿនក្រៀនរំលឹកកូនចៅឲ្យខិតខំរៀនសូត្រ ចៀសឲ្យផុតពីអំពើអបាយមុខ និងអំពើខុសច្បាប់ដែលនាំឲ្យខូចអនាគត និងប៉ះពាល់ដល់សង្គមជាតិ ដើម្បីឲ្យពួកគេក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់គ្រួសារ និងសង្គមជាតិ ៕