ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាក្នុងប្រតិបត្តិការជួយសម្រួលចរាចរណ៍ករណីប្រជាពលរដ្ឋជាង១០០នាក់ តវ៉ាបិទផ្លូវជាតិលេខ៤នោះ បានធ្វើឲ្យកម្លាំងសមត្ថកិច្ចចំនួន៦នាក់បានរងរបួសក្នុងនោះកម្លាំងនគរបាល៤នាក់និងកម្លាំងប្រជាការពារចំនួន២នាក់ និងខូចខាតរថយន្តចំនួន៣គ្រឿង រថយន្តរបស់អធិការស្រុក២គ្រឿង និងរថយន្តរបស់មន្ត្រីអាវុធហត្ថមួយគ្រឿង នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ទោ ស្នងការបន្តថាសមត្ថកិច្ចមិនបានចាប់ខ្លួនប្រជាពលរដ្ឋស្លូតត្រង់នោះទេ សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ដែលប្រើអំពើហិង្សាគប់ដំថ្មមកលើកម្លាំងសមត្ថកិច្ច ដែលកំពុងជួយបើកចរាចរណ៍ ករណីប្រជាពលរដ្ឋជិត១០០នាក់ បានយកដំថ្ម និងមែកឈើដាក់លើផ្លូវជាតិលេខ៤ បង្កការកកស្ទះដល់អ្នកធ្វើដំណើរ។
លោកឧត្តមសេនីយ៍ទោ បានបន្ថែមថាពេលដែលសមត្ថកិច្ចកំពុងយកដំថ្ម និងលើកមែកឈើចេញពីលើផ្លូវជាតិលេខ៤នោះ ក្រុមជនដៃដល់បានយកដំថ្ម គប់មកលើសមត្ថកិច្ច បណ្តាលឲ្យសមត្ថកិច្ចរងរបួសចំនួន៦នាក់ ប៉ុន្តែសមត្ថកិច្ចបានមិនប្រើអំពើហិង្សាតបតវិញឡើយ។
កម្លាំងនគរបាលបានចាប់ខ្លូនមនុស្ស៦នាក់ ដែលបានដឹកនាំនិងចូលរួមប្រើហិង្សាទៅលើមន្ដ្រីនគរបាល និងប្រជាការពារ នៅពេលដែលកងកម្លាំងបានចុះទៅអន្ដរាគមន៍ ឲ្យពួកគេបើកផ្លូវឡើងវិញ ក្រោយយកដុំថ្ម និងមែកឈើទៅដាក់បិទផ្លូវជាតិបង្កឲ្យកកស្ទះចរាចរណ៍ប្រហែល១ម៉ោង។
នេះជាថ្ងៃទី២ហើយ ដែលប្រជាពលរដ្ឋទាំងនោះបាននាំគ្នាបិទផ្លូវជាតិលេខ៤ ដោយសារខឹងអាជ្ញាធរចុះទៅរុះរើខ្ទម និងសំណង់អនាធិបតេយ្យខុសច្បាប់របស់ពួកគាត់ នៅឃុំបិតត្រាំង ដែលសង់លើដីមានម្ចាស់កម្មសិទ្ធិពិតប្រាកដ កាលពីម្សិលមិញជាង៦០០ខ្នង។
សូមបញ្ជាក់ថា កម្លាំងចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ បានចុះទៅរុះរើសំណង់ផ្ទះខ្ទមជាង៦០០ខ្ទម ដែលអជ្ញាធរអះអាងថា ជាសំណង់អនាធិបតេយ្យ សាងសង់ដោយពលរដ្ឋមួយចំនួនប៉ះពាល់ទៅលើដីដែលមានកម្មម្ចាស់សិទ្ធិស្របច្បាប់ មានទីតាំងនៅចំណុចចំណោតអូរត្រាវ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕