សៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់ត្រូវបានជនបង្កមិនស្គាល់អត្តសញ្ញាណកាប់បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែងយ៉ាងអណោចអធ័ម សង្ស័យជារឿងគំនុំ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង០៤នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្ដាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ពិតជាមានករណីហ្នឹងមែន។ ពេលនេះលោកកំពុង ស្រាវជ្រាវសិន។ ជនរងគ្រោះមានឈ្មោះព្រឿន ហូរ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិល្វា ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។ ប្រពន្ធឈ្មោះប៉ិក ថាច អាយុ២៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
លោកបន្ថែមថា ករណីនេះក្រុមសមត្ថកិច្ចកំពុងតែបើកការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់បំផុត។
ប្រភព បានឲ្យដឹងថា ករណីនេះអាចជារឿងគំនុំ ព្រោះវត្ថុតាងមួយចំនួនបានបង្ហាញឲ្យដឹងថា វាមិនជាករណីប្លន់សម្លាប់នោះទេ ៕