ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា លោកជំទាវ អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២៩ ខែមេសា ដល់០១ ខែឧសភា ឆ្នាំ២០១៩ ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកជំទាវ អោង សានស៊ូជី នឹងចូលបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមរាជវាំង ។
លោកជំទាវ អោង សានស៊ូជី ក៏នឹងចូលជួបសម្តែងការគួរសមជាបន្តបន្ទាប់ ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ លោកជំទាវ នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវទីប្រឹក្សារដ្ឋ នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យ និងព្រះមណ្ឌបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា។ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច លោកជំទាវ នឹងអញ្ជើញទៅទស្សនាប្រាសាទមួយចំនួន នៅខេត្តសៀមរាប។ ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកជំទាវ អោង សានស៊ូជី នៅព្រះរាជាណាចក្រកម្ពុជា នឹងពង្រឹង និងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងពហុភាគី ៕