ប៉ៃលិន៖ កាលពីវេលាម៉ោង១៩ និង៣០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះចរាចរណ៍មួយកើតឡើងរវាងរថយន្តនឹងម៉ូតូ ស្ថិតនៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។
មន្ត្រីនគរបាលមូលរដ្ឋានបានឲ្យដឹងថាជនរងគ្រោះទី១-ឈ្មោះ ឈៀ ភេទប្រុស អាយុ២៥ឆ្នាំ ជាបើកបរម៉ូតូមលម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ប៉ៃលិន 1A-8376 បានស្លាប់នៅនឹងកន្លែងកើតហេតុ ទី២-ឈ្មោះ ពេជ្រ វិត ភេទស្រី អាយុ២០ឆ្នាំ (ប្រពន្ធ) រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន។ អ្នកទាំងពីររស់នៅភូមិអូរស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន
អ្នកបើកបររថយន្តដឹកទឹកកកឈ្មោះ សេប សុង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិអូពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្ដប៉ៃលិន បើកបររថយន្តម៉ាកhyundai ពណ៌ស ពាក់ស្លាកលេខ ប៉ៃលិន 3A-0327 បើកបរពីជើងទៅត្បូងស្របទិសគ្នា។ អ្នករួមដំណើរក្នុងរថយន្តឈ្មោះ នុន បុស ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន។
នៅក្នុងហេតុការណ៍នេះបើតាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿង បើកវ៉ារថយន្តម៉ាក hyundai ដឹកទឹកកក ដែលធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូង ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀត មិនស្គាល់ភិនភាគ ដែលធ្វើដំណើរច្រាស់ទិសគ្នា រួចខ្ទាតចូលក្រោមរថយន្ត hyundai ដែលធ្វើដំណើរស្របទិសគ្នាវិញ បណ្ដាលឲ្យអ្នកបើកបរត្រូវបានរថយន្តដឹកទឹកកកកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកស្ដ្រីជាប្រពន្ធរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។
គួរបញ្ជាក់ផងដែរថាក្រោយពេលកើតហេតុរថយន្តបង្កមិនស្គាល់ភិនភាគខាងលើបានបើករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តដឹកទឹកកក ម៉ូតូ និងសពជនរងគ្រោះនៅដេកស្ដូកស្ដឹងកណ្ដាលផ្លូវ។
បច្ចុប្បន្នវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ រង់ចាំធ្វើការដោះស្រាយ រីឯរថយន្តបង្កកម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត ៕