ព្រះសីហនុ៖ ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងនគរបាលជំនាញខេត្តព្រះសីហនុ ឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធករណីចោរកម្ម(លួចកាច់បំបែកសោរកម៉ូតូ)។
មន្ត្រីនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថាកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៦ល្ងាច កម្លាំងនគរបាលនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីចោរកម្ម (លួចកាច់បំបែកសោរកម៉ូតូ) ដែលកើតឡើងកាលពីវេលាម៉ោងប្រហែល០៤ភ្លឺ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅម្តុំក្រោយផ្លូវស្ថាននីយប្រេង Caltex ក្នុងភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មកស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការសាក់សួរ បន្តរកបក្ខពួក និងទីតាំងលាក់ម៉ូតូដែលលួចបាន។ បន្ទាប់ពីសាកសួររហូតកំណត់បានអត្តសញ្ញាណជនសង្ស័យម្នាក់ទៀត និងឃាត់ខ្លួននៅវេលាម៉ោងប្រហែល២២ និង៣០នាទីយប់ ហើយបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅវេលាម៉ោងប្រហែល២៣និង៣០នាទីយប់។
មន្ត្រីនគរបាលដដែលបន្តថាជនសង្ស័យទាំង៤នាក់រួមមានទី១-ឈ្មោះ បូ វិហ៊ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ននៅសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ, ទី២-ឈ្មោះ ហ៊ាន លីហុយ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ននៅសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ, ទី៣- ឈ្មោះ សុខ ដារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និងទី៤- ឈ្មោះ តាន ឡុង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាងម៉ូតូ មានទីលំនៅក្រុម២៨ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
វត្ថុតាងដែលចាប់យកបាន៖កុំព្យូទ័រ ចំនួន០២គ្រឿង, ទូរស័ព្ទដៃ ចំនួន០៩គ្រឿង (ម៉ាកOPPO ០៣គ្រឿង, ម៉ាក Samsung ០២គ្រឿង, ម៉ាក MEIZU ចំនួន ០១គ្រឿង, ម៉ាក VIVO ចំនួន ០១គ្រឿង, ម៉ាក Nokia ចុចពិល ចំនួន ០១គ្រឿង និងម៉ាក Nokia ថាច់ស្គ្រីន ចំនួន ០១គ្រឿង), ម៉ូតូចំនួន ០៩គ្រឿង(ម៉ាក ហុងដាសេ១២៥ មិនស្គាល់សេរី បិតស្គុតខ្មៅ ចំនួន ០១គ្រឿង (មធ្យោបាយធ្វើសកម្មភាព) ម៉ាក Airblade ចំនួន ០៤គ្រឿង (ពណ៌ក្រហម០១គ្រឿង, ពណ៌ខ្មៅ ០១គ្រឿង, ពណ៌ទឹកមាស-ខ្មៅ ០១គ្រឿង និងពណ៌ក្រហម-ខ្មៅ ០១គ្រឿង) ជាផលនៃអំពើលួច ម៉ាក Honda Scoopy i សេរីឆ្នាំ ២០១៤ ពណ៌ផ្ទៃមេឃ ចំនួន ០១គ្រឿង ម៉ាក Zoomer ពណ៌ក្រហម បិតស្គុតផ្កាឈូក ចំនួន ០១គ្រឿងម៉ាក MSX ពណ៌ខ្មៅ-ស ចំនួន ០១គ្រឿង ម៉ាក អ៊ិនសង់ទ័រ ពណ៌ក្រហម ចំនួន ០១គ្រឿង, ថ្នាំញៀន ០១កញ្ចប់ រួមទាំងឧបករណ៍ជក់ និងថង់តូចៗមួយចំនួន កាំបិតខ្លី០៦និងកាំបិតវែង០២,ឧបករណ៍កាច់សោរកម៉ូតូ ចំនួ ន ០៣ និងសម្ភារៈម៉ូតូមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងសួរនាំ និងកសារនីតិវិធីដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕