លោក​ ហួរ​ហាប់​ ពាក់​ផ្កាយ​៣​ កំពុង​ចាក់​ដី​រំលោភ​យក​ឆ្នេរសមុទ្រ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ហ៊ាន​ក្អក​

30-April-2019 | ដោយ ពលមនសិការ

​កោះកុង​៖​ សេចក្តីរាយការណ៍​បានអោយ​ដឹង​ថា​ផ្ទៃដី​ទំហំ​ប្រមាណ​ជាង​១០​ហិតា​ត្រូវ​បាន​អ្នកមាន​អំណាច​ចាក់​ចូល​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ជិត​២​គីឡូម៉ែត្រ​ ត្រង់​ចំណុច​ ពយ​ ជិន​ទុង​ក្នុងភូមិ​ជ្រោយ​ស្វាយ​ ឃុំ​ជ្រោយ​ស្វាយ​ ស្រុកស្រែ​អំបិល​ ។​

​ពលរដ្ឋ​មូលដ្ឋាន​បាន​លើក​ឡើង​ថា​ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​ចាក់​ដី​លុប​ឆ្នេរសមុទ្រ​ខាងលើ​មានឈ្មោះ​ ហួរ​ ហាប់​ មាន​តួនាទី​ជា​មន្ត្រី​យោធា​ជាន់ខ្ពស់​ខាងជើង​ទឹក​ កាន់​តំបន់​សមុទ្រ​ ថ្នាក់​ឧត្តមសេនីយ៍ឯក​ទៀត​ផង​។​

​ពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា​កន្លង​មក​តំបន់​នេះ​គឺជា​កន្លែង​ប្រជាពលរដ្ឋ​តែងតែ​ចេញចូល​រកស៊ី​ប្រចាំ​ថ្ងៃ​ តែ​បច្ចុប្បន្ន​បាន​ក្លាយជា​ទីតាំង​ត្រូវ​គេ​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​។​

​នៅ​ទីនោះ​មិន​ឲ្យ​ថត​យក​រូបភាព​ជា​ដាច់ខាត​ ប្រសិនបើ​អ្នក​ណា​ហ៊ាន​ថត​ឱ្យ​គេ​ដឹង​ គេ​នឹង​ចាប់ដក​យក​ម៉ាស៊ីន​ថត​ឬ​ទូរស័ព្ទ​ដៃ​ ទន្ទឹម​នេះ​គឺ​កន្លែង​នេះ​ត្រូវ​បាន​គេ​ដាក់​បា​រ៉ា​ស់​មិន​ឲ្យ​ចេញចូល​ ដោយ​មាន​អ្នកយាម​ប្រមាណ​ជាង​ ២០​នាក់​ ដើរ​មើល​គ្រប់​ទីកន្លែង​ក្នុង​បរិវេណ​នោះ​ផង​ដែរ​។​

​ប្រភព​ខាងលើ​ថា​ ការ​ចាក់​រំលោភ​យក​សមុទ្រ​ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នេះ​ មិនមែន​ជា​រឿង​ធម្មតា​នោះ​ទេ​ វា​អាច​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ រវាង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ និង​ ក្រុម​ឈ្មួញ​ បើ​មិន​ដូច្នោះ​ទេ​គេ​មិន​អាច​សម្រុក​ចាក់​ដី​យក​សមុទ្រ​ដោយ​ខុសច្បាប់​រដ្ឋ​បាន​យ៉ាង​រលូន​បែប​នេះ​ឡើយ​។​

​ពួក​គាត់​ក៏​សង្ឃឹមថា​គណៈកម្មការ​ឆ្នេរសមុទ្រ​កម្ពុជា​ ក៏​ដូច​ជា​ក្រសួង​រៀបចំ​ដែនដី​ និង​ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ពិតជា​មិន​អាច​ឈរ​អោបដៃ​មើល​បញ្ហា​មួយ​នេះ​ឡើយ​ ។​

​ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ​លោក​ទួន​ សិលា​ អភិបាលស្រុក​ស្រែអំបិល​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ករណី​ចាក់​ដី​លុប​ឆ្នេរសមុទ្រ​នេះ​ លោក​មេឃុំ​មិន​បាន​ធ្វើ​របាយការណ៍​ឬ​រាយការណ៍​មក​គាត់​ទេ​ ពេល​នេះ​គាត់​កំពុង​ជាប់​សន្និបាត​នៅ​រាជធានី​ភ្នំពេញ​ចាំ​គាត់​ត្រឡប់​មក​វិញ​គាត់​នឹង​សួរ​ទៅ​ខាង​មេឃុំ​ ។​

​លោក​ជា​ នាង​ ប្រធាន​ភូមិបាល​ស្រុកស្រែ​អំបិល​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ ចំពោះ​ករណី​ចាក់​ដី​លុប​សមុទ្រ​នេះ​លោក​បាន​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់លើ​ហើយ​ដែល​ស្ងាត់ឈឹង​ ហើយ​ការ​ចាក់​ដី​នោះ​គឺ​មិន​មានច្បាប់​អនុញ្ញាត​នោះ​ទេ​ ហើយ​ប្រសិនបើ​មានការ​សុំ​ច្បាប់​វិញ​ក៏​លោក​មិន​ហ៊ានស៊ី​ញ៉េ​ដែរ​ ពីព្រោះ​ដី​នោះ​ជា​ដី​សមុទ្រ​ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ ។​

​ចំពោះ​លោក​ ម៉េ​ង​ តិច​ ប្រធាន​បរិស្ថាន​ស្រុកស្រែ​អំបិល​បាន​និយាយ​ថា​រឿង​ចាក់​ដី​រំលោភ​បំពាន​ឆ្នេរសមុទ្រ​នោះ​ វា​ស្ថិត​នៅ​ក្នុង​តំបន់​សហគមន៍​ និង​ជលផល​ ហើយ​មេឃុំ​ជ្រោយ​ស្វាយ​ជា​អ្នកគ្រប់គ្រង​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គាត់​ទេ​ ។​

​យ៉ាងណា​ក៏​ដោយ​លោក​ ប៊ុ​ន​ រ៉េ​ មេឃុំ​ជ្រោយ​ស្វាយ​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ រឿង​នេះ​លោក​ពុំ​សូវ​ដឹង​ច្បាស់​ទេពី​ព្រោះ​លោក​ទើបតែ​ផ្លាស់​មក​ជាង​មួយ​ឆ្នាំ​ បើ​តាម​លោក​ដឹង​ដី​នេះ​គេ​បាន​ទិញ​ពី​ពលរដ្ឋ​ជា​ច្រើន​ម្ចាស់​ ក្នុង​ឆ្នាំ​ ២០០៤​ ហើយ​ក៏​បាន​ចាក់​ដី​ជា​បន្តបន្ទាប់​រហូត​មក​។​ ​ទាក់ទិន​នឹង​ការ​ចោទប្រកាន់​ខាងលើ​នេះ​យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​ ហួរ​ ហាប់​ បាន​ទេ​នា​ពេល​នេះ​៕

ចំនួនអ្នកទស្សនា

    20581177

  • ថ្ងៃនេះ5191
  • ម្សិលមិញ6261
  • សប្តាហ៍នេះ23571
  • ខែនេះ138721
  • ឆ្នាំនេះ138721
  • សរុប20581177