សៀមរាប៖ សមត្ថកិច្ចឲ្យដឹងថា ពលរដ្ឋបានសែនផ្នូររួចអុជទៀនធូប ទុកចោល បណ្តាលឲ្យឆេះព្រៃនៅលើភ្នំក្រោមអស់មួយចំនួន។ ប៉ុន្តែមិនមានរាលដាលដល់ផ្ទះអ្នកភូមិដែលនៅជុំវិញទីនោះទេ ដោយសារសមត្ថកិច្ចនិងពលរដ្ឋជួយពន្លត់ទាន់ពេល។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៥និង៣០នាទីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុច ភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលផែនការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថាមានករណីភ្លើងឆេះព្រៃលើភ្នំក្រោមទំហំប្រមាណជាង១០០ម៉ែត្រ៤ជ្រុងរលត់ទៅវិញនិងជួយដាក់ទឹកជូនប្រជាពលរដ្ឋរហូតដល់ម៉ោង៤និង ៣០នាទីថ្ងៃខែឆ្នាំដដែល នៅចំណុច ភូមិភ្នំក្រោម សង្កាត់ សៀមរាប ក្រុង/ខេត្តសៀមរាប។
លោកបន្តថា ការខូចខាតមិនប៉ះពាល់និងខូចខាតលំនៅដ្ឋានទេ។ ក្នុងពេលកំពុងកើតហេតុរថយន្តពន្លត់អគ្គិភ័យចំនួន៥ ឡានបានជួយអន្តរាគន៍ប្រើប្រាស់ទឹកអស់ ២ឡាន។ មូលហេតុដោយសារមានការសែនផ្នូរហើយអុជទៀនធូបទុកចោល។
ក្នុងនោះដែរលោកស្នងការរង ក៏បានផ្តាំផ្ញើឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះរឿងភ្លើងទៀនធូបនេះ ព្រោះរដូវនេះជារដូវក្តៅអាចនឹងងាយឆាបឆេះដោយយថាហេតុ៕