ព្រះសីហនុ៖ រថយន្តចំនួន២គ្រឿងត្រូវបានភ្លើងឆេះទាំងស្រុង បន្ទាប់ពីមានករណីឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លើង។ ហេតុការណ៍អគ្គិភ័យខាងលើកើតឡើងនៅថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៥៖៥០នាទី ព្រឹក ស្ថិតនៅចំណុចកែងផ្ទះពស់ (ជិតព្រះរាជដំណាក់) ស្ថិតក្នុងភូមិ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានឲ្យដឹងថា មានករណីឆ្លងចរន្តអគ្គីសនីនៅបង្គោលភ្លើង ហើយបណ្តាលអោយឆេះខ្សែភ្លើង និងខ្សែកាប រួចធ្លាក់ខ្សែភ្លើង-ខ្សែកាបដែកកំពុងឆេះ ចំរថយន្តចំនួន២គ្រឿង ម៉ាក Starex H1 ឆេះខូចខាតទាំងស្រុង(កំពុងស្រាវជ្រាវរកម្ចាស់) និង ឆេះខូចខាតប្រអប់ភ្លើងលើបង្គោល១ប្រអប់។
លោកស្នងការបន្តថា ក្រោយពីបានទទួលព័ត៌មានភ្លាមលោកបានបញ្ជាកម្លាំងជំនាញ ចេញរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន២គ្រឿងជួយអន្តរាគមន៍ពន្លត់ មិនឲ្យរាលដាល ដោយប្រើប្រាស់ទឹកអស់ចំនួន២ឡាន ៕