ភ្នំពេញ៖ ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា មានសេចក្តីសោមនស្សរីករាយដែលបានផ្ញើសារទៅកាន់ប្រជាជនកម្ពុជានៅថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០១៩ ដែលជាថ្ងៃឡើងគ្រងរាជ្យរបស់ព្រះករុណា ណារូហ៊ីតូ ព្រះចៅអធិរាជជប៉ុន។
ទំនាក់ទំនងរវាងព្រះរាជវង្សានុវង្សកម្ពុជា និងជប៉ុន បានចាប់ផ្តើមកំឡុងពេលព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រកម្ពុជា បានយាងទៅកាន់ប្រទេសជប៉ុននៅឆ្នាំ១៩៥៣។ បន្ទាប់មក ព្រះរាជវង្សានុវង្សនៃប្រទេសទាំងពីរ បានយាងបន្តផ្លាស់ប្តូរទំនាក់ទំនងជាញឹកញាប់។ នៅឆ្នាំ២០១០ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានយាងព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសជប៉ុន។
នៅខែមិថុនា ឆ្នាំ២០១២ នៅពេលព្រះករុណា ណារូហ៊ីតូ នៅជាព្រះអង្គម្ចាស់រាជទាយាទ ព្រះអង្គក៏បានយាងព្រះរាជទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា។ កំឡុងពេលព្រះរាជទស្សនកិច្ចនេះ ព្រះករុណា ណារូហ៊ីតូ បានយាងគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងបានយាងជួបសវនាការជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងបានយាងសំណេះសំណាលជាមួយនិស្សិតដេប៉ាតឺម៉ង់ភាសាជប៉ុននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ព្រះករុណា ណារូហ៊ីតូ ក៏បានយាងព្រះរាជទស្សនកិច្ចប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នដែលជាអច្ឆរិយប្រាសាទរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងតំបន់វប្បធម៌ប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់ពិភពលោក។
ថ្ងៃនេះ រជ្ជកាលថ្មី “Reiwa” នឹងចាប់ផ្តើម។ ពាក្យ “Reiwa” មានន័យថា វប្បធម៌នឹងត្រូវបានរីកលូតលាស់ឡើង នៅពេលដែលដួងចិត្តរបស់ប្រជាជនរួមគ្នាជាធ្លុងមួយប្រកបដោយសុខុដុមរមនា។ ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា សង្ឃឹមថានៅរជ្ជកាល Reiwa ប្រជាជនជប៉ុន និងកម្ពុជា បន្តលើកស្ទួយមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក។
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះចៅអធិរាជ និងព្រះអធិរាជនី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះរាជវង្សានុវង្ស សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ។ សូមជូនពរប្រជាជនកម្ពុជាទាំងអស់ មានសុខភាពល្អ អាយុវែង និងសុភមង្គល សូមឲ្យចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា នឹងកាន់តែជិតស្និទ្ធក្នុងរជ្ជកាលថ្មីនេះ ៕