សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញពិសារ​អាហារ​សាមគ្គី​ជាមួយ​កម្មករ​ កម្មការិនី​ នៅ​រោងចក្រ​ យី​ ដា​ ជិត​ ៤​ពាន់​នាក់​ ក្នុង​ឱកាស​«​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា​»

01-May-2019 | ដោយ ពលមនសិការ

កណ្តាល​៖​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ ១២​រោច​ ខែចេត្រ​ ឆ្នាំកុរ​ ឯកស័ក​ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១​ ខែឧសភា​ ឆ្នាំ​២០១៩​នេះ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញពិសារ​អាហារ​សាមគ្គី​ និង​រាំ​លេង​កម្សាន្ត​ជាមួយ​កម្មករ​ កម្មការិនី​នៅ​រោងចក្រ​យី​ដា​ប្រមាណ​ ៣,៧០០​នាក់​ ស្ថិត​នៅ​ភូមិ​ឫស្សីស្រុក​ ឃុំ​ឈើទាល​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ដើម្បី​អបអរសាទរ​«​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា​»​ លើក​ទី​១៣៣​ ឆ្នាំ​២០១៩​។​

​រោងចក្រ​យី​ដា​ បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​២០១៥​ និង​មាន​កម្មករ​ និយោជិត​សរុប​ ៣,៧០០​នាក់​ ក្នុង​នោះ​ស្រី​ ២,៨០៣​នាក់​។​ ផលិតផល​ដែល​ផលិត​នៅ​រោងចក្រ​យី​ដា​ ត្រូវ​បាន​នាំ​ចេញ​ទៅ​លក់​នៅ​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​។​ រោងចក្រ​នេះ​ បាន​ផ្តល់​ប្រាក់​ឈ្នួល​ និង​ប្រាក់​បន្ទាប់បន្សំ​ជូន​កម្មករ​ និយោជិត​ប្រមាណ​ ៨៦៦,៥៧០​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ខែ​។​ ប្រាក់​ឈ្នួល​ជា​មធ្យម​សម្រាប់​កម្មករ​ និយោជិត​ម្នាក់ៗ​មាន​ចន្លោះ​ពី​ ២២០​ដុល្លារ​អា​មេ​រិ​ក​ ដល់​ ២៨០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ​។​

​នៅ​ពេល​ដែល​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ បាន​អញ្ជើញ​មក​ដល់​កន្លែង​ប្រារព្ធ​ពិធី​ភ្លាម​ ក្រោយ​ពី​បាន​ស្វាគមន៍​យ៉ាង​រាក់ទាក់​កក់ក្តៅ​ និង​បាន​ថតរូប​ សែ​ល​ហ្វី​ (Selfie)​ ជាមួយ​កម្មករ​ កម្មការិនី​ហើយ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ និង​មន្ត្រី​រាជរដ្ឋាភិបាល​ជា​ច្រើន​រូប​បាន​អញ្ជើញ​ឡើង​រាំ​កម្សាន្ត​ និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​កម្មករ​ កម្មការិនី​ក្នុង​បរិយាកាស​សប្បាយ​រីករាយ​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​ក្រៃ​លែង​ នៅ​ក្នុង​ពិធី​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ​ «១​ ឧសភា​»​ លើក​ទី​១៣៣​។​

​នេះ​ជា​ឆ្នាំ​ទី​២​ហើយ​ ដែល​សម្តេច​តេ​ជោ​បាន​អញ្ជើញ​ចូលរួម​ផ្តល់​ភាព​សប្បាយ​រីករាយ​ដល់​បងប្អូន​កម្មករ​ កម្មការិនី​តាម​រោងចក្រ​ ដែល​កាលពី​ឆ្នាំទៅ​សម្តេច​បាន​ចូលរួម​នៅ​ឯ​រោងចក្រ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។​ ឆ្នាំ​នេះ​មាន​រោងចក្រ​ចំនួន​ន​១,២៨៧​ រោងចក្រ​ផ្សេង​ទៀត​ និង​មាន​កម្មករ​ប្រមាណ​ជាង​៧៩​ម៉ឺន​នាក់​ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​សប្បាយៗ​បែប​នេះ​ទៅ​តាម​កន្លែង​រោងចក្រ​ផ្សេងៗ​ ក្នុង​ការ​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា​ នេះ​។​ ទន្ទឹម​នឹង​នេះ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​អរគុណ​រោងចក្រ​ “​ យី​ដា​ ”​ របស់​ចិន​ដែល​បាន​ផ្តល់​ទីកន្លែង​សម្រាប់​ការ​ជួបជុំ​នេះ​ និង​អរគុណ​ដល់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដែល​បាន​រៀបចំ​កម្មវិធី​ដ៏​សប្បាយ​រីករាយ​នេះ​ផង​ដែរ​។​

​នៅ​ក្នុង​ពិធី​ជួបជុំ​អបអរសាទរ​ថ្ងៃនេះ​ សម្តេច​តេ​ជោ​ យក​រដ្ឋមន្ដ្រី​ ក៏​បាន​ផ្តល់​ថវិកា​លើកទឹកចិត្ត​ដល់​កម្មករ​ កម្មការិនី​ចំនួន​ ៣,៧០០​នាក់​ដោយ​ក្នុង​ម្នាក់ៗ​ ទទួល​បាន​ថវិការ​ចំនួន​ ៥០,០០០​ រៀល​,​ ក្រុម​តន្ត្រី​ទទួល​បាន​ថវិកា​ចំនួន​ ១០​ លាន​រៀល​។​

ក្រុម​គ្រូពេទ្យ​ប្រចាំការ​៥​លាន​រៀល​។​ ឆ្លៀត​ក្នុង​ឱកាស​នេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ​ផង​ដែរ​ម្ចាស់​រោងចក្រ​ យី​ ដា​ ដែល​បាន​ចូលរួម​វិភាគទាន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នូវ​ទឹកប្រាក់​ចំនួន​ ២​ម៉ឺន​ដុល្លារ​ និង​បាន​ផ្តល់​ជូន​នូវ​សារុង​ម្នាក់​១​សំរាប់​បងប្អូន​កម្មករ​ កម្មការិនី​ដែល​ចូលរួម​ក្នុងថ្ងៃនេះ​ផង​ដែរ​។​ ជាមួយ​គ្នា​នោះ​ សម្តេច​តេ​ជោ​ក៏​បាន​ផ្តល់​ថវិកា​សម្រាប់​កូនក្មួយ​កម្ម​ការ​នី​មាន​ផ្ទៃពោះ​ចំនួន​ ១៩៥​នាក់​ និង​បាន​ថតរូប​អនុស្សាវរីយ៍​ជាមួយ​កម្មករ​ កម្មការិនី​ក្ន​ង​ភាព​ស្និ​ទ្ឋ​ស្នាល​ ប្រកបដោយ​ក្តី​អាណិត​ស្រឡាញ់​ និង​បាន​អញ្ជើញ​រាំ​កម្សាន្ត​ជាមួយ​បងប្អូន​កម្មករ​កម្ម​ការ​នី​ក្នុង​បរិ​យាស​រីករាយ​ក្រៃ​លែង​៕​

ចំនួនអ្នកទស្សនា

    20583057

  • ថ្ងៃនេះ7071
  • ម្សិលមិញ6261
  • សប្តាហ៍នេះ25451
  • ខែនេះ140601
  • ឆ្នាំនេះ140601
  • សរុប20583057