ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ និងបដិសេធ ចំពោះពាក្យចចាមអារាមដែលថា ក្រសួងការពារជាតិមានគម្រោងទម្លាក់ស័ក្តិ ដែលព័ត៌មាននេះមិនមែនជាការពិតទេ សុំឱ្យនាយទាហានទាំងអស់កុំមានការភ្ញាក់ផ្អើល តាមការបកស្រាយខុសគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងផែនការកែទម្រង់កងយោពលខេមភូមិន្ទ រយៈពេល៥ឆ្នាំ ២០១៥-២០១៩។
ការកែទម្រង់ឋានរន្តស័ក្តិ ក្នុងកងយោធពលខេមភូមិន្ទ មានផែនការណ៍យុទ្ធសាស្ត្រយូរអង្វែង ជាជំហានៗ ដើម្បីកសាងកងទ័ពមួយមានគុណភាព និង ប្រសិទ្ធភាពដឹកនាំ បញ្ជាឱ្យសមស្រប តាមការវិវឌ្ឍន៍ នៃសភាពការណ៍ជាតិ និងអន្តជាតិ។ មិនមែនកាត់ ឬទម្លាក់ស័ក្តិ ដូចការបកស្រាយភាន់ច្រឡំនោះទេ។
ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារបន្តសម្រាប់ខែឧសភា ឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នៅក្រសួងការពារជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថាកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែរបស់ក្រសួងការពារជាតិនេះ មានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំ អគ្គបញ្ជាការដ្ឋាន នៃកងយោពលខេមរភូមិន្ទផងដែរ ៕