ភ្នំពេញ៖ យោងតាមវិន័យកងកម្លាំងនគរបាលជាតិលេខ០០៦ប.ប.ជ ប្រការ៦ អំពីការប្រើប្រាស់អាវុធ និងប្រការ៨ អំពីការដាក់ទណ្ឌកម្ម តើជនសង្ស័យម្នាក់ឈ្មោះ ដួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ឋានន្តរស័ក្តិ វរសេនីយ៍ទោ មានតួនាទីជា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ៩៤៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួន ករណីប៉ុនប៉ងឃាតកម្ម (ប្រើអាវុធខ្លីបាញ់បណ្តាលឲ្យបែកកញ្ចក់រថយន្ត) នៅផ្លូវ៣៦៣ កែងផ្លូវ៦៤៨ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ម៉ោង០០និង៤៥នាទី កណ្តាលអាធ្រាត្រ អាចត្រូវបណ្តេញពីកងកម្លាំងដែររឺទេ?
ពាក់ព័ន្ធបញ្ហាខាងលើលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ មិនអាចសុំការបកស្រាយបានទេ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះ ដោយហៅទូរស័ព្ទចូលពុំមានអ្នកទទួល។
ឯកឧត្តម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់សារព័ត៌មាន នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះថា ពាក់ព័ន្ធករណីអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មក្រសួងមហាផ្ទៃ បាញ់រថយន្តមួយគ្រឿង ប៉ុនប៉ងមនុស្សឃាតនោះ ជនសង្ស័យនិងជនរងគ្រោះបានចរចារគ្នាដោះស្រាយ ចេញថ្លៃខូចខាត តាមច្បាប់រដ្ឋប្បវេណី ហើយប្រសិនជាជនជនសង្ស័យខាងលើប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ អាចដាក់ទណ្ឌកម្មមិនអោយឡើងសក្តិតួនាទី ឬអាចបណ្តេញចេញពីកងកម្លាំងនគរបាលជាតិ អាស្រ័យលើក្រុមប្រឹក្សាវិន័យ។
លោកនាយឧត្តមសេនីយ៍ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបន្តថាជនសង្ស័យបានរងនូវន័យកងកម្លាំងនគរបាលជាតិ មិនមែនជាទោសស្រាលនោះទេព្រោះវិន័យកម្លាំងនគរបាលជាតិ០០៦ មានក្រុមប្រឹក្សាវិន័យត្រឹមត្រូវ និងអនុវត្តអធ្យាក្រឹត្យ។
សូមរម្លឹកថាៈជនសង្ស័យម្នាក់ឈ្មោះ ដួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ឋានន្តរស័ក្តិ វរសេនីយ៍ទោ មានតួនាទីជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ៩៤៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួន ករណីប៉ុនប៉ងឃាតកម្ម (ប្រើអាវុធខ្លីបាញ់បណ្តាលឲ្យបែកកញ្ចក់រថយន្ត) នៅផ្លូវ៣៦៣ កែងផ្លូវ៦៤៨ ភូមិព្រែក សង្កាត់ ច្បារអំពៅ១ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ម៉ោង០០និង៤៥នាទី កណ្តាលអាធ្រាត្រ។
យោងតាមរបាយការណ៍របស់លោកអធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថាជនរងគ្រោះឈ្មោះ ភូរិស្ស ស្តូរ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអគ្គនាយកក្រុមហ៊ុនសន្តិសុខ ស៊ីភីអេស(CPS) ស្នាក់នៅផ្ទះលេខ១៤៤ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
យោងតាមរបាយការណ៍ដដែលបន្តថា មុនពេលកើតហេតុជនរងគ្រោះបើកបររថយន្តម៉ាក Rang Rover ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ ២U-៤៤៤៨ ជាមួយប្រពន្ធត្រឡប់មកផ្ទះនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពេលនោះជនរងគ្រោះក៏ឈប់ រថយន្តនៅចិញ្ចើមផ្លូវមុខ មជ្ឈមណ្ឌលរ៉កដើម្បីកាច់កៅអីរថយន្តឲ្យប្រពន្ធដេក រួចក៏បើករថយន្តចេញ ស្រាប់តែជនសង្ស័យបើករថយន្តម៉ាក Lexus ៣៣០ ពណ៌ស ស្លាកលេខ សៀមរាប ២B-៥១៥៣ មានភាពស្រវឹងស្រាខ្លាំងមកពីក្រោយ ស៊ីញ៉ូ ភ្លើងតាមកៀឲ្យរថយន្តជនរងគ្រោះឈប់ រួចរករឿងចាប់ជនរងគ្រោះដោយគ្មានមូលហេតុ ពេលនោះជនរងគ្រោះក៏ និយាយថា បើមានរឿងអីមកកន្លែងសមត្ថកិច្ច រួចក៏បើករថយន្តសំដៅមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ពេលមក ដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យក៏កៀរថយន្តជនរងគ្រោះឲ្យឈប់ តែជនរងគ្រោះមិនឈប់ ជនសង្ស័យក៏ចុះ ពីលើរថយន្តដកអាវុធខ្លីម៉ាករ៉ូឡូ លេខ ១៨៨៦០៤ បាញ់សំដៅរថយន្តជនរងគ្រោះចំនួន០៥គ្រាប់ បណ្តាលឲ្យបែក កញ្ចក់រថយន្តខាងក្រោយខ្ទេច ក៏ត្រូវបានសមត្ថកិច្ចយើងជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងបញ្ជូនមក អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីសាកសួរ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ដួង ណាគ្រី ឋានន្តរស័ក្តិ វរសេនីយ៍ទោ មានតួនាទីជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កំពុងរងនូវវិន័យកងកម្លាំងនៅនាយករដ្ឋាននគរបាលតម្រួតបទបញ្ជាអគ្គស្នងការនគរជាតិ។
មានមតិហាជនជាច្រើនបានលើកឡើងថា ប្រសិនជាខ្លួនមានតួនាទីជាសមត្ថកិច្ចប្រើប្រាស់កាំភ្លើងបាញ់បោះសេរី គំរាមកំហែង ប៉ុនប៉ងមនុស្សឃាតទៅលើប្រជាពលរដ្ឋ ដូចជនខាងលើ បន្ទាប់មកដោះស្រាយសងជាសំណងបញ្ចប់រឿងបែបនេះ តើភូមិ-ឃុំមានសុវត្ថិភាពដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះមានន័យអ្វី? ៕