កម្ពុជា​-​កូរ៉េ​ បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​រដ្ឋបាល​សាធារណៈ​ និង​ វិស័យ​សន្តិសុខ​

03-May-2019 | ដោយ ពលមនសិការ

​ក្រុង​សេ​អ៊ូ​ល​៖​ ក្នុង​ឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​កូរ៉េ​ នៅ​រសៀល​ ថ្ងៃ​ទី​១​ ខែឧសភា​ ឆ្នាំ​២០១៩​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ដឹកនាំ​គណប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​ និង​ពិភាក្សា​ការងារ​ ជាមួយ​ទីភ្នាក់ងារ​នគរបាល​ជាតិ​កូរ៉េ​ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​អគ្គស្នងការ​។​

​ក្នុង​ជំនួប​ពិភាក្សា​នោះ​ ទីភ្នាក់ងារ​នគរបាល​ជាតិ​កូរ៉េ​បាន​យល់ព្រម​តាម​សំណើរ​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ដែល​សម្ដេច​បាន​ស្នើ​ឲ្យ​ភាគី​កូរ៉េ​ ជួយ​ផ្តល់​ការ​បណ្តុះបណ្តាល​នគរបាល​ជាតិ​កម្ពុជា​ លើ​ជំនាញ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ពិសេស​ឧក្រិដ្ឋកម្ម​ព​ត៌​មាន​វិទ្យា​ ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ ការ​គ្រប់គ្រង​បាតុកម្ម​ និង​ជំនួយ​ឧបករណ៍​សម្ភារៈ​បច្ចេកទេស​មួយ​ចំនួន​សម្រាប់​មណ្ឌល​គ្រប់គ្រង​ចរាចរណ៍​ទីក្រុង​។​

​នា​ឱកាស​នៃ​ជំនួប​ពិភាក្សា​គ្នា​ក្នុង​បរិយាកាស​ប្រកបដោយ​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​នោះ​ដែរ​ ឯកឧត្តម​អគ្គស្នងការ​ នៃ​ទីភ្នាក់ងារ​នគរបាល​ជាតិ​កូរ៉េ​ក៏​បាន​ជំរាប​ជូន​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ អំពី​ការ​ត្រៀម​អញ្ជើញ​ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​កម្ពុជា​ ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​នគរបាល​កូរ៉េ​-​អាស៊ាន​ ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​២៣​ ខែតុលា​ ខាង​មុខ​នេះ​។​

​បន្ទាប់​មក​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ បាន​បន្ត​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អញ្ជើញ​ធ្វើ​ទស្សនកិច្ច​ទីចាត់ការ​នគរបាល​ក្រុង​សេ​អ៊ូ​ល​ ដោយ​សម្ដេច​ និង​ប្រតិភូ​បាន​ពិនិត្យ​មើ​លម​ជ្ឍ​មណ្ឌល​គ្រប់គ្រង​ចរាចរណ៍​ និង​ម​ជ្ឍ​មណ្ឌល​ទទួល​ និង​ឆ្លើយ​តប​សំណើរ​សុំ​កិច្ច​អន្តរាគមន៍​បន្ទាន់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ចរាចរណ៍​តាម​រយះ​ខ្សែ​ទូរស័ព្ទ​ពិសេស​លេខ​១១២​ របស់​រដ្ឋបាល​ក្រុង​សេ​អ៊ូ​ល​។​

​នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែឧសភា​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ បាន​បន្ត​ដឹកនាំ​គណប្រតិភូ​ ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ និង​សុវត្ថិភាព​ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ ជី​ន​ យុង​ រដ្ឋមន្ត្រី​មហាផ្ទៃ​ និង​សុវត្ថិភាព​នៃ​សាធារណរដ្ឋ​កូរ៉េ​។​ ក្នុង​ជំនួប​ជា​ផ្លូវការ​ និង​ដែល​មានការ​ពិសា​របាយ​ការងារ​ផង​នោះ​ ឯកឧត្តម​ ជី​ន​ យុង​ បាន​សម្ដែង​ការ​ឯកភាព​និង​ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួងមហាផ្ទៃ​កម្ពុជា​លើ​ការងារ​សំខាន់​ដូច​ខាងក្រោម​៖
១​ ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ទាំង​ក្នុង​វិស័យ​រដ្ឋបាល​សាធារណៈ​ និង​វិស័យ​សន្តិសុខ​ដូច​បាន​កំណត់​ក្នុង​អនុស្សា​រណៈ​ស្ដី​ពី​ការ​យោគយល់​គ្នា​ហៅ​កាត់​ថា​MOU​។​

២​ ការ​គាំទ្រ​ការ​បណ្តុះបណ្តាល​នគរបាល​កម្ពុជា​លើ​ជំនាញ​ប្រឆាំង​បទល្មើស​ព៌​ត​មាន​វិទ្យា​ ការ​គ្រប់គ្រង​បាតុកម្ម​ គ្រឿងញៀន​...

៣​ ការ​ផ្តល់​ឧបករណ៍​សម្ភារៈ​គ្រប់គ្រង​ចរាចរណ៍​

៤​ ការ​គាំទ្រ​ដល់​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​

៥​ និង​ការ​គាំទ្រ​ដល់​ការ​រៀបចំ​ម​ជ្ឍ​មណ្ឌល​ជាតិ​គ្រប់គ្រង​ទិន្នន័យ​ប្រជាជន​។​

​បន្ទាប់​ពី​បាន​បញ្ចប់​ជំនួប​ទ្វេភាគី​ប្រកបដោយ​លទ្ធផល​ដ៏​គួរ​ឲ្យ​កត់សំគាល់​ខាងលើ​នេះ​រួច​មក​ នៅ​រសៀល​ថ្ងៃ​ទី​២​ ឧសភា​ដដែល​ សម្ដេច​ឧបនាយករដ្ឋមន្ត្រី​ បាន​បន្ត​ដឹកនាំ​គណប្រតិភូ​ធ្វើ​ដំណើរ​ពី​ទីក្រុង​សេ​អ៊ូ​ល​ ទៅ​កាន់​ទីក្រុង​វ៉ា​ន់​ជូ​ ដើម្បី​ធ្វើ​ទស្សនកិច្ច​វិទ្យាស្ថាន​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ហៅ​កាត់​ថា​LOGODI​នៃ​សាធារណរដ្ឋ​កូរ៉េ​។​

​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៣​ ខែ​សភា​ ឆ្នាំ​២០១៩​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​បន្ត​ដឹកនាំ​គណៈប្រតិភូ​ធ្វើ​ទស្សនកិច្ច​នៅ​ម​ជ្ឍ​មណ្ឌល​ជាតិ​គ្រប់គ្រង​ទិន្នន័យ​ និង​បន្ត​អញ្ជើញ​ចុះ​ជួប​ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុង​ជេ​ជុង​ ដើម្បី​ស្វែង​យល់​លម្អិត​ អំពី​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​មូលដ្ឋាន​ មុន​នឹង​អញ្ជើញ​មាតុភូមិនិវត្តន៍​មក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ ៕

ចំនួនអ្នកទស្សនា

    20580097

  • ថ្ងៃនេះ4111
  • ម្សិលមិញ6261
  • សប្តាហ៍នេះ22491
  • ខែនេះ137641
  • ឆ្នាំនេះ137641
  • សរុប20580097