កំពង់ស្ពឺ៖ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថាការបណ្តុះបណ្ដាល មន្ត្រីនគរបាលជាតិ នៅសាលាបណ្ឌិតសភានគរបាលជាតិកម្ពុជាគឺ ផ្ដោតសំខាន់ទៅលើគុណភាពជាចំបង ពោលគឺត្រូវរៀនឱ្យចេះមិនមែនរៀនឱ្យចប់ដើម្បីបង្គ្រប់កិច្ចនោះទេ។
ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍នៅពេលដែលឯកឧត្តមអញ្ជើញ ចុះសួរសុខទុក្ខ សិស្សនាយនគរបាល និងនាយនគរបាលរង"វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល" ជំនាន់ទី១៣ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ។
ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍បន្តថា សូមក្មួយៗយកចិត្តទុកដាក់សិក្សារៀនសូត្រ និងគោរពវិន័យឱ្យបានល្អ ម្យ៉ាងវិញទៀត ការបណ្តុះបណ្តាលដែលប្រកបដោយគុណភាព លុះត្រាតែមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គឺបណ្ឌិត្យសភា អ្នកសិក្សា និងអង្គភាពពាក់ព័ន្ធ ដែលត្រូវរួមគ្នាអនុវត្តជាប្រចាំ ជាអចិន្ត្រៃយ៍ ទើបអាចរក្សាបាននូវនិរន្តរភាពនៃគុណភាព។
ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់លោកនាយកសាលានគរបាលជាតិភូមិភាគ៣ និងមន្ត្រីក្រោមឱវាទ ក្នុងការប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ក្នុងគ្រប់គ្រង និងចាត់ចែងដំណើរការវគ្គបណ្តុះបណ្តាលនេះ។
ឯកឧត្តម សន្តិបណ្ឌិត ក៏បានណែនាំដល់សិស្សនគរបាលគ្រប់រូប ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ ទាំងក្នុងថ្នាក់និងក្រៅថ្នាក់ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងនឹង ត្រូវមានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរនិងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ទាំងវិន័យ ពេលសិក្សា វិន័យពេលប្រឡង និងវិន័យពេលស្នាក់នៅការស្លៀកពាក់ កាត់សក់ ការគោរព គំនាប់ ការបើកបរយានយន្ត ជាដើម និងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានាទាំងក្នុង និងក្រៅបរិវេណសាលា ជាពិសេស ត្រូវគោរពឱ្យបានដាច់ខាតនូវរាល់បទបញ្ញត្តិនានាដែលមានចែងក្នុង បទបញ្ជាផ្ទៃក្នុង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន ក៏បាននាំមកជាមួយនូវអំណោយ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមមាន អង្ករចំនួន ២តោន, មី ៦កេសធំ ,ត្រីខ ៦កេស, ត្រីងៀត ៥0គីឡូ និងថវិកា ១២៣៨០,០០០រៀល ដើម្បីឧបត្ថម្ភដល់សាលា មន្ត្រីសាលា និងសិស្សនគរបាលផងដែរ ៕