តាកែវ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តតាកែវ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស នៅម្ដុំផ្សារគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានឲ្យដឹងថា បន្ទាប់ពីលោកទទួលព័ត៌មានថា នៅល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ដោយជនសង្ស័យបានជួលរថយន្តមួយគ្រឿងម៉ាក Lexus RX 300 ពាក់ស្លាកលេខ 2P-8959 ពណ៌ទឹកមាស របស់ឈ្មោះ ឃឹម ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ បុខរបររត់តាក់ស៊ី ទីលំនៅភូមិព្រែកឬស្សី ឃុំព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយចេញដំណើរពីម្ដុំពោធិ៍ចិនតុង សង្កាត់ចោមចៅ រាជធានីភ្នំពេញ ជិះចេញមកដល់ចំណុចវត្តស្លែង ជនសង្ស័យទាំង០២នាក់ ក៏បានធ្វើសកម្មភាពយកកំបិតភ្ជុងមកលើជនរងគ្រោះ ជាម្ចាស់រថយន្ត រហូតមកដល់ទឹកដី ម្ដុំផ្សារគុម្ពឫស្សី ឃុំតាំងដូង ស្រុកបាទី អ្នកបើកបរក៏បានធ្វើល្បិចជាបត់ជើងធំរួចក៏បានប្រតាយ ប្រតប់គ្នាជាមួយជនសង្ស័យ បានចាក់ត្រូវជនរងគ្រោះរងរបួសស្រាល រួចបានរត់មកប្តឹងសម្ថកិច្ចនៅស្រុកបាទី។
ចំណែកជនសង្ស័យបានយករថយន្តជនរងគ្រោះបើករត់គេចខ្លួនតាមបណ្តោយផ្លូវជាតិលេខ០៣សំដៅទៅខេត្តកំពត លោក ឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាដល់កម្លាំងនគរបាលតាមបណ្តាស្រុក-ក្រុង និងកម្លាំងអន្តរាគមន៍(ក្រុមតោ) របស់ស្នងការដ្ឋាននគរបាលខេត្ត ចុះល្បាត ពួនស្ទាក់ ត្រួតពិនិត្យ ឆែកឆេររហូតដល់វេលាម៉ោង១៩ និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងអន្តរាគមន៍ខេត្ត ស្ទាក់ឃាត់បានរថយន្ត និងជនសង្ស័យទាំងពីរនាក់ខាងលើ នៅលើផ្លូវជាតិលេខ០៣ត្រង់ចំណុចផ្លូវបំបែកអង្គតាសោម ស្ថិតនៅឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងកិច្ចប្រតិបត្តិការនេះឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនបានចំនួន០២នាក់ ១.ឈ្មោះ ចាង ជីនស៊ីន ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភ្នំពេញ ២.ឈ្មោះ សែវ ជីន ភេទស្រី អាយុ៣៤ឆ្នាំ សព្វថ្ងៃស្នាក់នៅភ្នំពេញ។
ដកហូតបានវត្ថុតាងរួមមានៈ រថយន្ត០១គ្រឿងម៉ាក Lexus RX 300 ពាក់ស្លាកលេខ 2P-8959 ពណ៌ទឹកមាស កាំបិតចុងស្រួច០១ អត្តសញ្ញាណប័ណ្ណចំនួន០២សន្លឹក, កាបូបចំនួន០២លុយដុល្លារ ៣២០ដុល្លារ, ទូរស័ព្ទ០១គ្រឿង។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅកាន់សាលាដំបូងខេត្ត ៕