ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណសប្បុរសជន ម្ចាស់មូលនិធិ និងបណ្តាក្រុមហ៊ុនជាតិ និងក្រុមហ៊ុនអន្តរជាតិទាំងអស់ ដែលបានចូលរួមវិភាគទាន ថវិកាដល់កាកបាទក្រហមកម្ពុជា សម្រាប់ជួយប្រជាពលរដ្ឋដែលត្រូវការជំនួយសង្គ្រោះបន្ទាន់នានានៅក្នុងប្រទេស។ កាកបាទក្រហមជួយពលរដ្ឋដោយគ្មានការរើសអើងនៅគ្រប់កាលៈទេសៈទាំងអស់។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អរគុណសមាគម អង្គការដៃគូ កូនក្មួយយុវជន និងក្រុមអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មដល់កម្មវិធីកាកបាទក្រហមនៅទូទាំងប្រទេស។
សង្គមជាតិយើងកាន់តែរីកចម្រើនឆាប់រហ័សលឿនទៅមុខ ដោយសារការចូលរួមចែករំលែក និងសហការរបស់បងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់គ្នា។
ក្នុងឱកាសអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញនាព្រឹកនេះ ថវិកាសរុបបឋមដែលទទួលបានពីសប្បុរសជនបានចូលរួមវិភាគទានក្នុងវិស័យមនុស្សធម៌នៃកាកបាទក្រហមកម្ពុជាសម្រាប់ឆ្នាំ២០១៩ មានចំនួន 20,757,510 USD(ម្ភៃលាន ប្រាំពីររយហាសិបប្រាំពីពាន់ប្រាំរយដប់ដុល្លាគត់ ដុល្លាសហរដ្ឋអាមេរិក) ៕