សម្តេចប្រធានរដ្ឋសភាកម្ពុជាអបអរសាទរដែលរដ្ឋាភិបាលកម្ពុជា-នេប៉ាល់ជំរុញកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម រវាងប្រទេសទំាងពីរ

14-May-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ បាន​សម្តែង​ក្តី​អបអរសាទរ​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​ប្រទេស​នេ​ប៉ា​ល់​ បាន​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការ​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​រីក​ចម្រើន​គ្រប់​វិស័យ​ ពិសេស​ វិស័យ​ពាណិជ្ជកម្ម​ វិនិយោគ​ ទេសចរណ៍​ វប្បធម៌​ និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ជាដើម​។​

​ឯកឧត្តម​ ខេ​ ភី​ សា​ម៉ា​ អូ​លី​ (The​ Rt.​ Hon’ble​ K.​ P.​ Sharma​ Oli)​ នាយក​រដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ា​ល់​ បាន​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ នា​ព្រឹក​ថ្ងៃ​ទី​១៤​ ខែឧសភា​ឆ្នាំ​២០១៩​ នៅ​វិមាន​រដ្ឋសភា​ ខណៈ​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​និង​មិត្តភាព​នៅ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ តប​តាម​ការ​អញ្ជើញ​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ពី​ថ្ងៃ​ទី​១៣​ ដល់​ថ្ងៃ​ទី​១៥​ ខែឧសភា​ ឆ្នាំ​២០១៩​។​

​នៅ​ពេល​អញ្ជើញ​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​រសៀល​ថ្ងៃ​ទី​១៣​ ខែឧសភា​ឆ្នាំ​២០១៩​ ឯកឧត្តម​ ខេ​ ភី​ សា​ម៉ា​ អូ​លី​ បាន​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ និង​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​២​ស្តី​ពី​ការ​ពង្រឹងពង្រីក​កិច្ច​សហ​ប្រតិបត្តិ​លើ​វិស័យ​ពាណិជ្ជកម្ម​។​
​ក្នុង​នាម​រដ្ឋសភា​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ បាន​គាំទ្រ​ដល់​ការ​ចុះ​កិច្ចព្រមព្រៀង​ស្តី​ពី​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​កម្ពុជា​និង​នេ​ប៉ា​ល់​។​

​សម្តេច​ មាន​ជំនឿ​មុតមាំ​ថា​ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ ប្រទេស​ទាំង​ពីរ​ នឹង​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​យ៉ាង​ជិត​ស្និទ្ធ​ ដើម្បី​ឧត្តម​ ប្រយោជន៍​រួម​ នៃ​ប្រជាជាតិ​យើង​ទាំង​សងខាង​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​ឯកឧត្តម​ ខេ​ ភី​ សា​ម៉ា​ អូ​លី​ និង​គណៈប្រតិភូ​ ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្តេច​បាន​គូសបញ្ជាក់​ថា​ វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ នាយក​រដ្ឋមន្ត្រី​ នា​ពេល​នេះ​ ពិតជា​បាន​ផ្តល់​នូវ​កិត្តិយស​ និង​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​រដ្ឋសភា​ រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​ និង​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​បន្ត​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា​-​នេ​ប៉ា​ល់​ ដែល​មាន​តាំងពី​យូរណាស់​មក​ហើយ​ ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​

​ព្រះរាជាណាចក្រ​កម្ពុជា​និង​ ប្រទេស​នេ​ប៉ា​ល់​ បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​នឹង​គ្នា​តាំងពី​ដើម​ទស​វត្ស​ឆ្នាំ​៦០​ ហើយ​បាន​អាក់ខាន​ ក្នុងអំឡុងពេល​ប្រទេស​កម្ពុជា​ ធ្លាក់​ក្នុង​គ្រោះ​មហន្តរាយ​ដោយ​សង្គ្រាមស៊ីវិល​។​ ប្រទេស​ទាំង​ពីរ​ បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើង​វិញ​ ក្នុង​ឆ្នាំ​១៩៩៩​ ។​

​ឯកឧត្តម​ ខេ​ ភី​ សា​ម៉ា​ អូ​លី​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដែល​សម្តេច​ប្រធានរដ្ឋសភា​បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក​ទទួល​ជួប​សវនាការ​ជាមួយ​ឯកឧត្តម​និង​គណៈប្រតិភូ​។​ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ បាន​វាយតម្លៃ​ខ្ពស់​ពី​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ដែល​បាន​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​និង​ជីវភាព​ពលរដ្ឋ​ជា​លំដាប់​។​ ឯកឧត្តម​ ខេ​ ភី​ សា​ម៉ា​ អូ​លី​ បាន​លើក​ឡើង​ពី​កិត្តិសព្ទ​របស់​ សម្តេច​ប្រធានរដ្ឋសភា​ ថា​ជា​ឥស្សរជន​ដ៏​សំខាន់​មួយ​រូប​ ដែល​បាន​ពលី​កម្ម​យ៉ាង​ធំធេង​ ដើម្បី​ប្រទេស​ជាតិ​ តាំងពី​ដើម​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ​ ។​

​ឯកឧត្តម​ ខេ​ ភី​ សា​ម៉ា​ អូ​លី​ មាន​ប្រសាសន៍​ថា​ ប្រទេស​កម្ពុជា​និង​ប្រទេស​នេ​ប៉ា​ល់​ មាន​របប​សភា​ពីរ​ថ្នាក់​ដូច​គ្នា​។​ នៅ​ក្នុង​ពង្រឹង​ទំនាក់ទំនង​រវាង​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​ឯកឧត្តម​ ខេ​ ភី​ សា​ម៉ា​ អូ​លី​ បាន​សន្យា​ថា​នឹង​បង្កើត​ក្រុម​មិត្តភាព​រដ្ឋសភា​នេ​ប៉ា​ល់​-​កម្ពុជា​ ឲ្យ​បាន​ឆាប់ៗ​នេះ​។​

​ជាមួយ​គ្នា​នេះ​ ឯកឧត្តម​ នាយក​រដ្ឋមន្ត្រី​ បាន​ជម្រាប​សម្តេច​ប្រធានរដ្ឋសភា​ ផង​ដែរ​ថា​ នេ​ប៉ា​ល់​នឹង​ជំរុញ​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ​ដើម្បី​ឲ្យ​ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​ជិត​ស្និទ្ធ​គ្នា​។​ ជិត​ស្និទ្ធ​ដោយហេតុ​ថា​កម្ពុជា​ជា​ប្រទេស​កាន់​ព្រះពុទ្ធ​សាសនា​ ហើយ​ប្រទេស​នេ​ប៉ា​ល់​ជា​ប្រទេស​ដែល​ជា​កន្លែង​កំណើត​របស់​ព្រះពុទ្ធ​ ៕

ចំនួនអ្នកទស្សនា

    20578947

  • ថ្ងៃនេះ2961
  • ម្សិលមិញ6261
  • សប្តាហ៍នេះ21341
  • ខែនេះ136491
  • ឆ្នាំនេះ136491
  • សរុប20578947