សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​ លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់​ អញ្ជើញ​ជា​អធិបតី​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​នេ​ប៉ា​ល់​

15-May-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​រសៀល​ថ្ងៃ​អង្គារ​ ១១​កើត​ ខែ​ពិសាខ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០១៩​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ លោក​ សា​ម៉ា​ អូ​លី​ នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់​ បាន​អញ្ជើញ​ជា​អធិបតី​រួម​គ្នា​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​នេ​ប៉ា​ល់​ ដែល​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​ វេទិកា​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ធុរកិច្ច​ជន​កម្ពុជា​ និង​នេ​ប៉ា​ល់​ជា​ច្រើន​រូប​។​ ការ​រៀបចំ​វេទិការ​នេះ​ឡើង​ក្នុង​បំណង​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​ធុរកិច្ច​រវាង​កម្ពុជា​-​នេ​ប៉ា​ល់​ ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​ ខណៈ​បច្ចុប្បន្ន​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​កម្រិត​តិចតួច​បំផុត​។​

​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​បាន​បង្ហាញ​របាយការណ៍​ពី​វិស័យ​ពាណិជ្ជកម្ម​ និង​ វិនិយោគ​នៃ​ប្រទេស​ទាំង​ពីរ​រួច​ហើយ​ ឯកឧត្តម​ ខេ​ភី​ សា​ម៉ា​អូ​លី​ នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់​ ក៏​បាន​បង្ហាញ​ពី​ស្ថានភាព​សេដ្ឋកិច្ច​ និង​ការ​រីក​ចម្រើន​ និង​សក្តានុពល​នៃ​ប្រទេស​នេ​ប៉ា​ល់​ផង​ដែរ​។​ ​ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ដែល​បាន​អញ្ជើញ​ឯកឧត្តម​និង​ភរិយា​ ព្រមទាំង​គណៈប្រតិភូ​ជាន់ខ្ពស់​នេ​ប៉ា​ល់​មក​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ព្រះរាជា​ណ​ចក្រ​កម្ពុ​ជានា​ពេល​នេះ​។​ 

​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​នេះ​ជា​ការ​ចាប់ផ្តើម​នូវ​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​នៃ​ប្រទេស​យើង​ទាំង​ពីរ​។​ ឯកឧត្តម​បាន​បន្ត​ថា​ តាម​រយៈ​ការ​ចុះ​កិច្ចព្រមព្រៀង​កន្លង​មក​គឺ​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ​ដែល​អាច​ធ្វើការ​ជាមួយ​គ្នា​ដែល​នាំ​មក​នូវ​ផលប្រយោជន៍​សម្រាប់​ប្រជាជាតិ​នៃ​ប្រទេស​ទាំង​ពីរ​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សប្បាយ​រីករាយ​ក្រៃ​លែង​ដែល​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​បើក​វេទិការ​ធុរកិច្ច​កម្ពុជា​-​នេ​ប៉ា​ល់​ ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី​នៃ​សាធារណៈរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ា​ល់​ និង​គណៈប្រតិភូ​ធុរជន​ និង​អ្នក​វិនិយោគ​នេ​ប៉ា​ល់​ ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​ក​នៅ​ម្ពុ​ជា​ដើម្បី​ស្វែង​យល់​ដោយ​ផ្ទាល់​ពី​ការ​រីក​ចម្រើន​របស់​កម្ពុជា​ និង​ សក្តានុពល​វិនិយោគ​។​

​គួរ​រំឭក​ផង​ដែរ​ថា​ កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​ សម្តេច​តេ​ជោ​ បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​នេ​ប៉ា​ល់​ជា​លើក​ទី​១​ ដែល​ដំណើរ​ទស្សនកិច្ច​នេះ​មាន​សារៈសំខាន់​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ ជា​ពិសេស​ក្នុង​វិស័យ​ការទូត​ ពាណិជ្ជកម្ម​ និង​ទេសចរណ៍​ ដែល​កន្លង​ទៅ​ថ្មីៗ​នេះ​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​៤​ រួម​មាន​៖​
១)​ កិច្ចព្រមព្រៀង​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​។​
២)​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​លើកលែង​ទិដ្ឋាការ​លើ​លិខិតឆ្លងដែន​ ការទូត​ និង​ផ្លូវការ​។​
៣)​ អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​ការពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​ និង​
៤)​ អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រា​សាសន៍​ថា​ កម្ពុជា​ និង​នេ​ប៉ា​ល់​ បាន​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​តាំងពី​ឆ្នាំ​១៩៦៤​ មក​ម្ល៉េះ​ ប៉ុន្តែ​ទំនាក់ទំនង​នេះ​ត្រូវ​ផ្អាក​មួយ​រយៈ​ដោយសារ​បញ្ហា​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​។​ ទំនាក់ទំនង​ការទូត​វាង​ប្រទេស​យើង​ទាំង​ពីរ​ត្រូវ​បាន​ត​ភ្ជាប់​ឡើង​វិញ​ នៅ​ថ្ងៃ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​១៩៩៩​ ហើយ​ទំនាក់ទំនង​នេះ​មាន​លក្ខណៈ​ជា​មិត្តភាព​កាន់តែ​ស្និទ្ធស្នាល​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​យើង​ទាំង​ពីរ​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា​ តាម​រយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​ ខេ​ ភី​ សា​ម៉ា​ អូ​លី​ មក​កម្ពុជា​ នា​ពេល​នេះ​ បាន​បន្ត​ពង្រឹង​ទំនាក់ទំនង​នៃ​ប្រទេស​យើង​ទាំង​ពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​។​ ជាក់ស្ដែង​កាលពី​ម្សិលមិញ​នេះ​យើង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ទៀត​ ដែល​ក្នុង​នោះ​ រួម​មាន​៖​ ១)​ កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​ស្តី​ពី​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ និង​ ២)​ អនុស្សា​រណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បន្ត​ទៀត​ថា​ ក្នុង​រយៈពេល​ជាង​២​ទស្សវត្សរ៍​ចុង​ក្រោយ​នេះ​ កម្ពុជា​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ ជា​មធ្យម​ ក្នុង​រង្វង់​ ៧,៧%​ ហើយ​បាន​ចាក​ចេញពី​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​ទាប​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ ក្នុង​ឆ្នាំ​២០១៥​។​ ជាង​នេះ​ទៅ​ទៀត​ នៅ​ក្នុង​ឆ្នាំ​២០១៨​ សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​លើស​ពី​ការ​រំពឹង​ទុក​ ពោល​គឺ​បាន​កើនឡើង​ក្នុង​អត្រា​ ៧,៥%​ ធៀប​នឹង​ការ​គ្រោងទុក​ ៧,១%​ពី​ដើមឆ្នាំ​ ដែល​ជា​មូលដ្ឋាន​នៃ​ការ​បន្ត​ភាពរឹងមាំ​ នៅ​ក្នុង​ឆ្នាំ​២០១៩​ នេះ​។​ កម្ពុជា​កំពុង​ស្ថិត​នៅ​លើ​គន្លង​នៃ​ការ​ឈាន​ទៅ​សម្រេច​បាន​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​២០៣០​ តាម​ការ​កំណត់​ក្នុង​របៀបវារៈ​នៃ​គោលនយោបាយ​ជាតិ​។​

​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​វិនិយោគ​ កម្ពុជា​នៅ​តែ​ជា​ប្រទេស​គោលដៅ​ដែល​មាន​សក្តានុពល​សម្រាប់​អ្នក​វិនិយោគ​ទាំង​ក្នុងស្រុក​ និង​បរទេស​។​ ជាក់ស្តែង​ ផ្អែក​តាម​ការ​កត់ត្រា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ សម្រាប់​រយៈពេល​៥​ឆ្នាំ​(២០១៤-២០១៨)​ស្ថានភាព​វិនិយោគ​របស់​កម្ពុជា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ដោយ​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ៩៥៩​គម្រោង​ ក្នុង​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ​ ២៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​អាច​បង្កើត​ការងារ​ចំនួន​ ១​លាន​កន្លែង​។​ ដោយឡែក​ ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩​ នេះ​ គម្រោង​វិនិយោគ​ដែល​ត្រូវ​បាន​អនុម័ត​មាន​ចំនួន​ ១១៥​គម្រោង​ ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ៤​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨​ ដែល​មាន​ចំនួន​ត្រឹមតែ​ ៨១​គម្រោង​ ក្នុង​ទុន​វិនិយោគ​ប្រមាណ​ជា​៨៦៣​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​។​ ចំណែក​ក្នុង​វិស័យ​ទេសចរណ៍​ ចំនួន​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​កាន់​កម្ពុជា​បន្ត​កើន​ឡើងជា​លំដាប់​។​ ក្នុង​ត្រីមាស​ទី​១​ ឆ្នាំ​២០១៩​ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ប្រមាណ​ជា​ ១,៨៨​លាន​នាក់​ មានការ​កើនឡើង​ ៩,៧%​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨​។​ យើង​រំពឹង​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​នឹង​កើនឡើង​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​បន្តបន្ទាប់​ ដែល​នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​វិនិយោគ​ និង​ធុរជន​ ក្នុង​ការ​បណ្តាក់ទុន​ក្នុង​វិស័យ​នេះ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-​ ២០២៥​ ដែល​ជា​យុទ្ធសាស្ត្រ​កំណើនសេដ្ឋកិច្ច​ថ្មី​ សំដៅ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា​ពី​ឧស្សាហកម្ម​អតិពលកម្ម​ ទៅ​ជា​ឧស្សាហកម្ម​ផ្នែក​លើ​ជំនាញ​ត្រឹម​ឆ្នាំ​២០២៥​។​ ជាក់ស្តែង​ គោលនយោបាយ​នេះ​បាន​កំណត់​ប្រភេទ​ ឧស្សាហកម្ម​អាទិភាព​ចំនួន​៥​ រួម​មាន​៖​ ១)​ ឧស្សាហកម្ម​ ឬ​កម្មន្តសាល​ថ្មីៗ​ដែល​មាន​ចរិត​ជា​ការ​បើក​ច្រកចូល​ទីផ្សារ​ ផ្តល់​តម្លៃបន្ថែម​ខ្ពស់​ មាន​ភាព​ច្នៃប្រឌិត​ និង​ភាព​ប្រកួតប្រជែង​ខ្ពស់​,២)​ សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុង​ត្រប់​វិស័យ​,​ ៣)​ ផលិតកម្ម​ក​សិ​-​ឧស្សាហកម្ម​ដែល​បម្រើ​ឱ្យ​ការ​នាំ​ចេញ​និង​ទីផ្សារ​ក្នុងស្រុក​,​ ៤)​ ប្រភេទ​ឧស្សាហកម្ម​គាំទ្រ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​ ទេសចរណ៍​ និង​កាត់ដេរ​ ព្រមទាំង​ឧស្សាហកម្ម​បម្រើ​ឱ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​តំបន់​ ដែល​ជា​ឧស្សាហកម្ម​ត​ភ្ជាប់​ទៅ​ទីផ្សារ​ ឬ​ខ្សែ​ច្រវាក់​តម្លៃ​សកល​,​ និង​ ៥)​ ប្រភេទ​ឧស្សាហកម្ម​បម្រើ​ឱ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​តំបន់​ និង​មាន​ចរិត​យុទ្ធសាស្ត្រ​នា​ពេល​អនាគត​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​ចាត់​ទុក​វិស័យ​ឯកជន​ជ​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច​ និង​ជា​ដៃគូ​ដ៏​ពិតប្រាកដ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​។​ យើង​បាន​បង្កើត​យន្តការ​សន្ទនា​មួយ​ ហៅ​ថា​ “​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​”​ ដោយ​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី​គ្រប់​ក្រសួង​ ស្ថាប័ន​ អភិបាល​គ្រប់​រាជធានី​-​ខេត្ត​តំណាង​ផ្នែក​ឯកជន​គ្រប់​វិស័យ​ ឯកឧត្តម​ លោក​ជំទាវ​ ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា​ និង​តំណាង​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​។​ វេទិកា​វិស័យ​ឯកជន​ និង​រដ្ឋាភិបាល​នេះ​ បាន​ដាក់​ចេញ​នូវ​វិធានការ​មុត​សិច​មួយ​ចំនួន​គឺ​ ១)​ បង្កើន​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ច​កម្ពុជា​,​ ២)​ កែ​លម្អ​ និង​លើក​ស្ទួយ​ថែម​ទៀត​នូវ​បរិយាកាស​វិនិយោគ​ និង​ធុរកិច្ច​,​ និង​ ៣)​ ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ​ និង​បង្កើត​ការងារ​ប្រកបដោយ​គុណភាព​កាន់តែ​ច្រើន​ថែម​ទៀត​ជូន​ប្រជាជន​កម្ពុជា​។​ សម្តេច​តេ​ជោ​ សូម​ស្វាគមន៍​ចំពោះ​រាល់​ការ​សម្រេចចិត្ត​ដ៏​ឈ្លាសវៃ​របស់​អ្នក​វិនិយោគ​បរទេស​ទាំងអស់​ ជា​ពិសេស​អ្នក​វិនិយោគ​នេ​ប៉ា​ល់​ ដែល​មាន​បំណង​ជ្រើសរើស​កម្ពុជា​ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​ចាប់ផ្តើម​ ឬ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​។​ ទន្ទឹម​នឹង​នេះ​ សម្តេច​ក៏​សូម​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​កម្ពុជា​ដែល​មាន​បំណង​ចង់​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្រៅប្រទេស​ ពិចារណា​ប្រទេស​នេ​ប៉ា​ល់​ជា​ប្រទេស​គោលដៅ​របស់​ខ្លួន​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ជម្រាប​ជូន​ធុរជន​ និង​អ្នក​វិនិយោគ​ទាំងអស់​អំពី​សក្តានុពល​វិនិយោគ​ និង​ឧត្តមភាព​សំខាន់ៗ​របស់​កម្ពុជា​លើ​ ៤​ចំណុច​គឺ​៖​ ទី​១)​ភាព​អំណោយផល​នៃ​ស្ថិរភាព​នយោបាយ​ និង​ម៉ាក្រូសេដ្ឋកិច្ច​។​ ទី​២)​ការ​បើកចំហ​សេដ្ឋកិច្ច​សម្រាប់​អ្នក​វិនិយោគ​ទាំងអស់​ដោយ​គ្មាន​ការ​រើសអើង​រវាង​អ្នក​វិនិយោគ​កម្ពុជា​ និង​អ្នក​វិនិយោគ​បរទេស​។​ ទី​៣)​កម្លាំង​ពលកម្ម​ដែល​មាន​ភាព​សម្បូរ​បែប​និង​វ័យក្មេង​ ដែល​ក្នុង​នោះ​ប្រជាជន​ដែល​មាន​អាយុ​៣៥​ឆ្នាំ​ចុះ​ មាន​ចំនួន​ដល់​ទៅ​ ៧២%​ នៃ​ចំនួន​ប្រជាជន​សរុប​ គួប​ផ្សំ​នឹង​ប្រាក់​ឈ្នួល​ដែល​មាន​ភាព​ប្រកួតប្រជែង​។​ ទី​៤)​កម្ពុជា​ស្ថិត​នៅ​លើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន​ ដែល​តំបន់​នេះ​បាន​និង​កំពុង​ក្លាយជា​ “​រោងចក្រ​នៃ​អាស៊ី​”​ ។​ ទំនិញ​ផលិត​នៅ​កម្ពុជា​អាច​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ក្នុងស្រុក​,​ ទីផ្សារ​អនុ​តំបន់​មេគង្គ​,​ ទីផ្សារ​អាស៊ាន​,​ និង​ទីផ្សារ​សំខាន់ៗ​ដទៃ​ទៀត​ក្នុង​ពិភពលោក​។​

​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ស្វាគមន៍​ចំពោះ​រាល់​ការ​សម្រេចចិត្ត​ដ៏​ឈ្លាសវៃ​របស់​អ្នក​វិនិយោគ​បរទេស​ទាំងអស់​ ជា​ពិសេស​អ្នក​វិនិយោគ​នេ​ប៉ា​ល់​ដែល​មាន​បំណង​ជ្រើសរើស​ប្រទេស​កម្ពុជា​ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​ចាប់ផ្តើម​ ឬ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្រៅប្រទេស​។​ ទន្ទឹម​នឹង​នេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​កម្ពុជា​ដែល​មាន​បំណង​ចង់​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្រៅប្រទេស​ គឺ​ពិចារណា​លើ​ប្រទេស​នេ​ប៉ា​ល់​ដែល​ជា​ប្រទេស​គោលដៅ​របស់​ខ្លួន​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​ជម្រាប​ជូន​ធុរជន​ និង​អ្នក​វិនិយោគ​ទាំងអស់​អំពី​សក្កា​នុ​ពល​វិនិយោគ​ និង​ឧត្តមភាព​សំខាន់ៗ​របស់​កម្ពុជា​លើ​៤​ចំណុច​៖

១)​ភាព​អំណោយផល​នៃ​ស្ថិរភាព​នយោបាយ​ និង​ម៉ាក្រូសេដ្ឋកិច្ច​។​
២)​ការ​បើកចំហរ​សេដ្ឋកិច្ច​សម្រាប់​អ្នក​វិនិយោគ​ទាំងអស់​ ដោយ​គ្មាន​ការ​រើសអើង​រវាង​អ្នក​វិនិយោគ​កម្ពុជា​ និង​អ្នក​វិនិយោគ​បរទេស​។​គ្រប់​វិនិយោគិន​ទាំងអស់​អាច​ដាក់​ទុន​វិនិយោគ​ភាគហ៊ុន​ផ្ទាល់​ ១០០%​ ដោយ​មិន​ចាំបាច់​មាន​ភាគហ៊ុន​ក្នុងស្រុក​ឡើយ​។​
៣)​កម្លាំង​ពលកម្ម​ដែល​មាន​ភាព​សម្បូរ​បែប​និង​វ័យក្មេង​ ដែល​ក្នុង​នោះ​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ ៣៥​ឆ្នាំ​ចុះ​ មាន​ចំនួន​ដល់​ទៅ​ ៧២%​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​ គួប​ផ្សំ​នឹង​ប្រាក់​ឈ្នួល​ដែល​មាន​ភាព​ប្រកួតប្រជែង​។​
៤)​កម្ពុជា​ស្ថិត​នៅ​លើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន​ ដែល​តំបន់​នេះ​បាន​នឹង​កំពុង​ក្លាយជា​ “​រោងចក្រ​នៃ​អាស៊ី​”​។​ ទំនិញ​ផលិតផល​នៅ​ប្រទេស​កម្ពុជា​អាច​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ក្នុងស្រុក​ ទីផ្សារ​អនុ​តំបន់​មេគង្គ​ ទីផ្សារ​អាស៊ាន​ និង​ទីផ្សារ​សំខាន់ៗ​ដទៃ​ទៀត​ក្នុង​ពិភពលោក​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​នេ​ប៉ា​ល់​ និង​វិ​និ​គិ​ន​បរទេស​ទាំងអស់​ ដែល​មិន​ទាន់​បាន​មក​កម្ពុជា​ សូម​អញ្ជើញ​មក​សិក្សា​ស្វែង​យល់​ពី​សក្តានុពល​ និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា​ ព្រមទាំង​សម្រេចចិត្ត​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។​ ទន្ទឹម​នឹង​នេះ​ ក្នុង​នាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ធានា​ជូន​អ្នក​វិនិយោគិន​គ្រប់​រូប​នូវ​បរិស្ថាន​គ្រប់​បែប​យ៉ាង​ដែល​អនុគ្រោះ​ និង​ជួយ​ជំរុញ​ដល់​ការ​វិនិយោគ​ ពិសេស​គឺ​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​ ក៏​ដូច​ជា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ ក្រប​ខណ្ឌ​ច្បាប់​ និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព​ តម្លាភាព​ គណនេយ្យ​ភាព​ និង​ភាព​អាច​ប៉ាន់​ប្រមាណ​បាន​។​

​មុន​នឹង​បញ្ចប់​ សម្តេច​ត​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ជូនពរ​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ឧ​ញ៉ា​ លោក​ លោកស្រី​ និង​វិនិយោគិន​ទាំងអស់​ ទទួល​បាន​សុខភាព​ល្អ​ សេចក្តីសុខ​ចម្រើន​ និង​ជោគជ័យ​គ្រប់​ភារកិច្ច​រៀងៗ​ខ្លួន​៕​

ចំនួនអ្នកទស្សនា

    20578617

  • ថ្ងៃនេះ2631
  • ម្សិលមិញ6261
  • សប្តាហ៍នេះ21011
  • ខែនេះ136161
  • ឆ្នាំនេះ136161
  • សរុប20578617