ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ពីបទលួចមានស្ថានទម្ងន់ទោស។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ បទល្មើសជាក់ស្តែង នៅចំណុចផ្លូវព្រះនរោត្តម កែងផ្លូវ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ប្រើដាវកែច្នៃ ពណ៌ស ប្រវែង៧០សង់ទីម៉ែត្រ គំរាមយកប្រាក់) ប្រព្រឹត្តនៅចំណុចក្នុងហាងអ៊ីនធឺណិតផ្ទះលេខ១៥EoZ ផ្លូវលេខ១៣៤ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៥និង៤៩ នាទី និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវព្រះនរោត្តមកែងផ្លូវ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកប្រធានការិយាល័យបន្តថាជនសង្ស័យឈ្មោះ អ៊ិន វីឆាថ ហៅអ៊ិន រីឆាត ហៅអ៊ិន រិះឆាថ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ឈ្មោះហៅក្រៅ ឆៃ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ១០E3 ផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកៈដាវកែច្នៃ ពណ៌ស ប្រវែង៧០សង់ទីម៉ែត្រ (មធ្យោបាយធ្វើសកម្មភាព), ក្រាមពណ៌សថ្លា ចំនួន០១ កញ្ចប់, ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ លេខតួ-លេខម៉ាស៊ីន ១០០៦៤៥៣ ពាក់ស្លាកលេខ ភ្នំពេញ 1CP-2330, ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាកOPPO ពណ៌ខ្មៅ ស៊ីម និងម៉ាក Lenovo ពណ៌ខ្មៅ។
ជនរងគ្រោះឈ្មោះ ស៊ី ឆានឈុន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ បុគ្គលិកហាងអ៊ីនធឺណិត។ សម្ភារៈបាត់បង់ៈប្រាក់ដុល្លារ ចំនួន ៦០០ដុល្លារអាមេរិក,ប្រាក់រៀលចំនួន ៦៤ម៉ឺនរៀល ៕